អន្តរជាតិ
នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី Abiy Ahmed ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​២០១៩
11, Oct 2019 , 5:06 pm        
រូបភាព
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed (AFP)
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed (AFP)
ដោយ:
​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៩ ត្រូវបាន​ប្រគល់ជូន​លោក Abiy Ahmed នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី ដែល​បាន​ជួយ​បញ្ចប់សង្គ្រាម​រយៈពេល​២០​ឆ្នាំ​របស់​ប្រទេស​លោក​ជាមួយ​ប្រទេស​ក្បែរ​ខាង​អេ​រី​ត្រេ​។



​ការផ្តល់​ពានរង្វាន់​នេះ​ជូន​លោក គឺ​សម្រាប់​កិច្ចប្រឹងប្រែង​លោក​ក្នុងការ​សម្រេច​សន្តិភាព កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ហើយ​ជាពិសេស​សម្រាប់​គំនិត​ផ្តួចផ្តើម​លោក​ក្នុងការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ខាង អេ​រី​ត្រ​។ នេះ​បើតាម Twitter ផ្លូវការ​របស់​គណៈ​កម្ម​ធិ​ការ​ណូបែល​។​

​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន ទីក្រុង អូ​ស្លូ ប្រទេស​ន័​រ​វែ​ស នៅ​ថ្ងៃ​សុក្រ ទី ១០ តុលា ប្រធាន​គណៈកម្មាធិការ​ណូបែល លោកស្រី Berit Reiss-Andersen បញ្ជាក់ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី លោក Abiy Ahmed បាន​ប្រឹងប្រែង​លើកស្ទួយ​យុត្តិធម៌​សង្គម ការផ្សះផ្សា និង​សាមគ្គីភាព​។ ទោះជា​បែបនេះ​ក្តី លោកស្រី បន្តថា បញ្ហា​ប្រឈម​ជាច្រើន នៅតែ​ពុំទាន់​ដោះស្រាយ​រួច ហើយ​មនុស្ស​ខ្លះ នឹង​យល់ឃើញថា ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំនេះ គឺ​ផ្តល់​ឲ្យ​លឿន​ជ្រុល​ពេក​។​

​យ៉ាងណាមិញ លោកស្រី Reiss-Andersen សង្កត់ធ្ងន់ថា គណៈកម្មាធិការ ជឿជាក់ថា កិច្ចប្រឹងប្រែង​របស់លោក Abiu Ahmed សម​នឹង​បានការ​ទទួលស្គាល់ និង​ត្រូវការ​លើកទឹកចិត្ត​។ លោកស្រី សង្ឃឹមថា ពានរង្វាន់​នេះ អាច​ពង្រឹង​ការតាំង​ចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី​ឲ្យ​ប្រឹងប្រែង​ធ្វើការ​ដ៏​សំខាន់​របស់លោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com