ជាតិ
ជនជាតិ​អាមេរិក​លោក ច​ច ថា រឿង «​ទុំ​ទាវ​» ជា​ភាសា​អង់គ្លេស​នឹង​ឱ្យ​និស្សិត​អាមេរិក​ដឹង​ពី​អំណាច និង​យុត្តិធម៌​
13, Oct 2019 , 9:59 am        
រូបភាព
រូប​ពី​លោក ចច
រូប​ពី​លោក ចច
​ភ្នំពេញ​៖ លោក ច​ច ជី​ហ្គាស (George Chigas) បាន​បកប្រែ​រឿង «​ទុំ​ទាវ​» ជា​ភាសា​អង់គ្លេស ដើម្បីឱ្យ​និស្សិត​នៅ​អាមេរិក ព្រមទាំង​អ្នក​ប្រើ​ភាសា​អង់គ្លេស​រៀន​។ តាំងពី​ឆ្នាំ​២០០៥​មក ស្នាដៃ​រឿង​«​ទុំ​ទាវ​» ជា​ភាសា​អង់គ្លេស ត្រូវ​បានដាក់​ក្នុង​កម្មវិធីសិក្សា​នៅ​សកលវិទ្យា​ល័យ​២​ក្នុងប្រទេស​អាមេរិក និង​២​ទៀត​នៅ​ប្រទេស​កម្ពុជា​។ លោក ច​ច ថា​រឿងនេះ​បានបង្ហាញ​ពី​អំណាច និង​យុត្តិធម៌ ហើយ​អ្នកអាន​នឹង​ដឹង​ខ្លឹមសារ​រឿង​កាន់តែ​ស៊ីជម្រៅ តាមរយៈ​សៀវភៅ​បកប្រែ​នេះ​។​



​រឿង «​ទុំ​ទាវ​» ដែល​ប្រែជា​ភាសា​អង់គ្លេស ដោយ​លោក ច​ច ជី​ហ្គាស  សាស្ត្រាចារ្យ​រង​បង្រៀន​នៅ​សកល​វិទ្យាល័យ Massachusette Lowell សហរដ្ឋអាមេរិក បានដាក់​ក្នុង​កម្មវិធីសិក្សា​លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ និង​មុខវិជ្ជា​ស្ដីពី​វប្បធម៌​ខ្មែរ នៅ​សកល​វិទ្យាល័យ Massachusetts Lowell (UML) និង​សកល​វិទ្យាល័យ California at Berkeley តាំងពី​ឆ្នាំ​២០០៥​មក​។ ហើយ​នៅ​ឆ្នាំ​ដដែល​នោះ​ស្នាដៃ​នេះ ក៏បាន​ដាក់​ក្នុង​កម្មវិធីសិក្សា​លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ នៅ​សកល​វិទ្យាល័យ បញ្ញា​សាស្ត្រ​(PUC) ព្រមទាំង​នៅ​សកល​វិទ្យាល័យ​មេគង្គ ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​

​គោលបំណង​សំខាន់​ដែល​លោក ច​ច ជី​ហ្គាស (George Chigas) បកប្រែ​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​រឿង «​ទុំ​ទាវ​»  ទៅជា​ភាសា​អង់គ្លេស ដោយសារ​ជាប់ទាក់ទង​នឹង​កិច្ចការ​ស្រាវជ្រាវ​និង​អប់រំ​របស់លោក​។ ម្យ៉ាងទៀត​ដើម្បីឱ្យ​អ្នកអាន​ជា​ភាសា​អង់គ្លេស ងាយស្រួល​ស្វែងយល់​ពី​ខ្លឹមសារ​រឿង​និង​វប្បធម៌​ខ្មែរ ខណៈដែល​រឿង​«​ទុំ​ទាវ​»​នេះ មាន​ជា​ភាសា​បារាំង​រួចទៅហើយ ។


លោក ចច ជីហ្គាស រូប​កណ្ដាល

​លោក ច​ច ជី​ហ្គាស បានបញ្ជាក់​ប្រាប់​សារព័ត៌​ថ្មីៗ តាមរយៈ​អ៊ី​ម៉ែ​ល​ថា​រឿង «​ទុំ​ទាវ​» គឺជា​ស្នាដៃ​អក្សរសិល្ប៍​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ហើយ​វា​ពិតជា​មាន​សារសំខាន់​សម្រាប់​អ្នកអាន​ជា​ភាសា​អង់គ្លេស ដើម្បី​សិក្សា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ពី​គុណ​តម្លៃ​ក្នុង​រឿង​។

​ជនជាតិ​អាមេរិក​រូបនេះ បាន​បញ្ជាក់ថា​៖«​គុណប្រយោជន៍​សំខាន់​នៅពេល​រឿង​«​ទុំ​ទាវ​» មាន​ជា​ភាសា​អង់គ្លេស គឺ​មនុស្ស​កាន់តែច្រើន អាច​រៀន​ពី​អក្សរសាស្ត្រ​និង​វប្បធម៌​ខ្មែរ​តាមរយៈ​សាច់​រឿងនេះ​។  រឿង «​ទុំ​ទាវ​» ជា​របស់​ខ្មែរ​ពិតៗ ដែល​មិន​មែនមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដូចជា​រឿង រាមកេរ្ដិ៍​នោះទេ​។ រឿងនេះ​ជួយ​យើង​ស្វែងយល់​ពី ដំណើរ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ក្នុងសម័យ​នោះ​»​។
​លោក ច​ច ជី​ហ្គាស បន្តថា នៅពេលដែល​រឿង «​ទុំ​ទាវ​» កើតឡើង​ដំបូង មិនមាន​អ្នកណា​ហ៊ាន​និយាយ​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​វា​បាន​កន្លងផុតទៅ ទើប​មាន​គេ​ដំណាល​តៗ​គ្នា​អស់​ជាច្រើន​សតវត្សរ៍ មុនពេល​រឿងនេះ​ត្រូវបាន​សរសេរ​ជា​ឯកសារ​។

«​រឿង ទុំ​ទាវ ឱ្យ​យើង​រៀន​សួរ​សំណួរ​ពី អំណាច និង​ភាពយុត្តិធម៌ តាមរយៈ​សកម្មភាពរ​បស់​ស្ដេច ហើយ​និង​ម្ដាយ​របស់​នាង​ទាវ​។ រឿងនេះ​គឺជា​អក្សរសាស្ត្រ​ដែល​ផ្ដល់​គំរូ​ដល់​ប្រជាជន​ខ្មែរ​។ រឿង “​ទុំ​ទាវ​” បាន​ប្រែប្រួល​ទម្រង់​ទៅតាម​សម័យកាល ដូចជា​ការសម្ដែង​ជា​ភាពយន្ត និង​ការ​តែង​ជា​ចម្រៀង ហើយ​ទាំងនេះ​គឺជា​ការចាប់អារម្មណ៍រ​បស់​ប្រជាជន​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​»​។ នេះ​ជាការ​បន្ថែម​របស់លោក ច​ច​។



​លោក ច​ច ដែល​កើត​ក្នុង​ក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩៥៨ បាន​ចាប់អារម្មណ៍​ភាសា​និង​វប្បធម៌​ខ្មែរ​តាំងពី​ឆ្នាំ​១៩៨៥ នៅពេលដែល​លោក​បាន​ជួប​ប្រពន្ធ​របស់លោក​ដែលជា​ជនជាតិខ្មែរ​នៅ​ក្រុង Lowell រដ្ឋ Massachusetts​។

​នៅពេលដែល​លោក​បញ្ចប់​ការសិក្សា ក្នុង​កម្មវិធីសិក្សា​កម្រិត​អាស៊ាន​នៅ Cornell University in Ithaca ក្រុង​ញ៉ូ​វ​យ៉​ក លោក​ក៏បាន​ចាប់ផ្ដើម​អាន​និង​បក​ប្រែង​រឿង «​ទុំ​ទាវ​» ក្នុង​ឆ្នាំ​១៩៩៥​។ ហើយ​ក្នុងអំឡុងពេល​រៀន​នៅ Cornell គ្រូ​ភាសា​ខ្មែរ​របស់លោក ច​ច បាន​ណែនាំ​ឱ្យ​លោក​អាន​រឿង​«​ទុំ​ទាវ​» ប្រសិនបើ​លោក​ចង់​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែច្រើន​។​

​ក្រោយមក​លោក ច​ច ជី​ហ្គាស បាន​បន្ត​វិភាគ​និង​បកប្រែ​រឿង «​ទុំ​ទាវ​» នៅពេលដែល​លោក​រៀន​ថ្នាក់បណ្ឌិត​ផ្នែក Oriental and African Studies (SOAS) ឯ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ឡុង​។



​លោក​បាន​បកប្រែ​រឿង «​ទុំ​ទាវ​» ចប់សព្វគ្រប់​ក្នុង​ឆ្នាំ​២០០២ ហើយ​បាន​បោះពុម្ព​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(DC-Cam) ក្នុង​ឆ្នាំ​២០០៥​។ ឆ្នាំ​ដដែល​នោះ សៀវភៅ​រឿង «​ទុំ​ទាវ​» ជា​ភាសា​អង់គ្លេស បាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​កម្មវិធីសិក្សា នៅ​សកល​វិទ្យាល័យ​ទាំង​៤​ខាងលើ​តែម្ដង​៕


Tag:
 ទុំ​ទាវ​
  អក្សរសាស្ត្រ​
  អក្សរសិល្ប៍​
  បកប្រែ​
 ​អង់គ្លេស​
 ​អំណាច​
  យុត្តិធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com