ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តន្ត្រីស្គរថូននៅតែពេញនិយមសម្រាប់អ្នកឧត្តរមានជ័យ
13, Oct 2019 ,
9:59 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ឧត្តរមានជ័យ៖ អ្នករស់នៅខេត្តឧត្តរមានជ័យនៅរក្សាបានតន្ត្រីស្គរថូន សម្រាប់សម្ដែងក្នុងកម្មវិធីនានាដូចជាក្នុងពិធីចូលឆ្នាំ ភ្ជុំបិណ្ឌ ពិធីអាពាហ៍ពិពាហ៍ និងបញ្ជាន់អារក្ស ជាដើម។ តន្ត្រីស្គរថូននេះ គេប្រគំដើម្បីរាំលេងកម្សាន្តសប្បាយ ក្នុងពិធីបុណ្យនានាសម្រាប់អ្នករស់នៅតាមទីជនបទមួយចំនួន ជាពិសេសអ្នករស់នៅខេត្តភាគខាងជើងប្រទេស។
តទៅនេះសូមរីករាយស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ
គេប្រគំតន្ត្រីស្គរថូន ដើម្បីរាំលេងកម្សាន្តនៅតាមទីជនបទ ក្នុងពេលមានពិធីបុណ្យដូចជាបុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យជាច្រើនទៀត ទៅតាមការនិយមរបស់ភូមិស្រុកនានា។ គេអាចហៅតន្ត្រីស្គរថូនបាន៣បែបគឺ តន្ត្រីស្គរថូន តន្ត្រីថូន និងភ្លេងថូន។ វង់ភ្លេងនេះទំនងកើតក្នុងអំឡុងទសវត្សរ៍ឆ្នាំ៥០។ ក្នុងបទចម្រៀង”តាចាស់ចង់បានប្រពន្ធក្មេង” ដែលច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ ក៏បាននិយាយពីតន្ត្រីស្គរថូនដែរ។
ឧករណ៍ភ្លេងក្នុងវង់តន្ត្រីថូន ដែលមានតាំងពីដើមមាន ទ្រ ស្គរដៃ ឈឹងឈឹប កញ្ចែ និងមានអ្នកច្រៀងនារីម្នាក់និងបុរស់ម្នាក់។ តមកសម័យក្រោយទៀត គេបានច្នៃវង់ភ្លេងថូន ដាក់បញ្ចូលឧបករណ៍ភ្លេងដូចជា ស្គរប៉ុក ស្គរភ្លោះ និងគែន ដើម្បីឱ្យតន្ត្រីនេះកាត់តែពីរោះ។
ក្រោយពីចាស់ៗក្នុងភូមិ ដែលចេះលេងភ្លេងថូនរលោះច្រើនទៅ លោក ម៉ុន ហៃ ដែលជាមេភូមិផងនោះ បានរៀនចំបង្កើតឱ្យមានតន្ត្រីថូនប្រចាំភូមិក្រសាំង ឃុំបុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីថែរក្សាតន្ត្រីប្រចាំភូមិមួយនេះ។
«ខ្ញុំបង្កើតវង់ភ្លេងថូននេះបាន៣ឆ្នាំហើយ។ នៅឆ្នាំទី១និងទី២បានទៅសម្ដែងច្រើនមិនបានឈប់ទេ ព្រោះបងប្អូននិយម។ ប៉ុន្តែចូលមកឆ្នាំទី៣រយាល ដោយសារតែមួយឆ្នាំចុងក្រោយនេះ ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនេះ សឹងតែរកស្រូវអង្ករហូបគ្មានផង គឺត្រូវទិញអង្ករគេទាំងអស់។ អ្នកដែលធ្លាប់មានអង្ករ ធ្លាប់ធ្វើស្រូវបាន ពេលនេះក៏ខ្សត់ខ្សោយដែរ ដូច្នេះរឿងអ្វីទាំងអស់ត្រូវកាត់បន្ថយ»។ នេះជាការបញ្ជាក់របស់លោក ម៉ុន ហៃ។
ដៃកាន់ឧបករណ៍ភ្លេងទ្រ អង្គុយក្រោមផ្ទះរបស់ខ្លួនលោក ហៃ ត្អូញត្អែរថា ដោយសារតែគ្រោះរាំងស្ងួតបានធ្វើឱ្យអ្នកភូមិក្រីក្រ ហើយពួកគេក៏មិនសូវជួលតន្ត្រីថូនទៅសម្ដែងក្នុងកម្មវិធីដែរ។ ចំណែកតន្ត្រីសម័យក៏ជាឧបសគ្គចំពោះតន្ត្រីស្គរថូនដែរ តែទោះជាយ៉ាងណា លោកមេភូមិដែលជាប្រធានក្រុមវង់ភ្លេង ថានៅតែមានអ្នកគាំទ្រតន្ត្រីស្រុកស្រែនេះ។
៖«ការផ្លាស់ប្ដូររបស់មហាជនមិនទៀង ជួនកាលគាត់និយមស្គរដៃដែលជាស្គរថូននេះ ជួនកាលគាត់និយមធុងបាស ត្រង់នេះវាពាក់កណ្ដាលម្នាក់។ ក្នុងកម្មវិធីនីមួយៗក្មេងៗវាតវ៉ាយកភ្លេងដែលវាពេញចិត្ត អ្នកណាតវាឈ្នះ អ្នកនោះបានទៅ»។
លោក ម៉ុន វណ្ណៈ វ័យ៣១ឆ្នាំ ជាតន្ត្រីករមួយរូបក្នុងវង់ភ្លេងនេះ បានប្រាប់ពីភាពខុសប្លែកគ្នាចំពោះវង់ភ្លេងការនិងវង់ភ្លេងថូន ក្រោយពីលោកហាត់សមរួច៖«តន្ត្រីស្គរថូនលេងក្នុងពិធីសែនព្រេនក៏បាន ពិធីមង្គលការក៏បាន។ វង់ភ្លេងការមានឧបករណ៍ តាខេ ឃឹម ទ្រសោ ទ្រអ៊ូ និងប៉ីអ ប៉ុន្តែភ្លេងថូន មានតែស្គរប៉ុក ទ្រ ស្គរភ្លោះ និងស្គរដៃ»។
បុរសសម្បុរស្រអែមរូបនេះពន្យល់បន្ថែមពីតួនាទី តន្ត្រីស្គរថូនក្នុងពិធីអាពាហ៍ពិពាហ៍៖«បើសិនជាម្ចាស់កម្មវិធីត្រូវការឱ្យលេងភ្លេងនេះបញ្ចូលក្នុងបាស ខ្ញុំក៏អាចលេងបញ្ចូលបានដែរ។ លេងភ្លេងប្រហែលជាកន្លះយប់ ខ្ញុំបានប្រាក់៤ឬ៥ម៉ឺនរៀល»។
ចំណែកតន្ត្រីករមួយរូបទៀត ទើបតែចូលក្នុងក្រុមភ្លេងនេះបាន២ឆ្នាំ។ មានអាយុ៤១ឆ្នាំលោក គីម កង អាចទៅលេងភ្លេងបានតែពេលដែលលោកទំនេរពីការងារស្រែចម្ការតែប៉ុណ្ណោះ៖«ឃើញតា(ប្រធានក្រុមភ្លេង)លេង ខ្ញុំមកសុំតាលេងដែរ។ ពេលត្រូវទៅសម្ដែងនៅទីណា តាក៏ហៅខ្ញុំទៅ ហើយបើថ្ងៃណាខ្ញុំរវល់ តាក៏រកអ្នកផ្សេងទៅ»។
បុរសពាក់អាវពណ៌បៃតងលាយស សម្ដីរដឺនរូបនេះ ថានៅពេលប្រគំភ្លេងបញ្ជាន់អារក្ស តន្ត្រីករមានការនឿយហត់ជាងលេងក្នុងពិធីផ្សេងៗ ហើយលោកពន្យល់ដូច្នេះ៖«លេងភ្លេងបញ្ចូលគ្រូហត់បន្តិច ព្រោះត្រូវលេងយូរ ជួនទៅត្រូវលេងមួយថ្ងៃទល់ល្ងាច។ បើគ្រូចាស់ៗឆាប់ចូលយើងលេងឆាប់ចង់ដែរ តែបើគ្រូថ្មីៗមិនងាយចូលទេ ដូច្នេះយើងត្រូវលេងយូរដែរ»។
មានកូន៤នាក់ លោក កង មិនទាន់ឱ្យកូនៗចាប់យកជំនាញភ្លេងឡើយ បើទោះបីជាពួកគេមានចំនូលចិត្តក្ដី ព្រោះដើម្បីឱ្យពួកគេខំរៀនចំណេះដឹងទូទៅសិន៖«មានកូនខ្លះចង់រៀនភ្លេងដែរ ប៉ុន្តែពេលនេះខ្ញុំឱ្យពួកវាប្រឹងរៀនអក្សរសិន»។
អង្គុយលើកៅអីឈើក្រោមផ្ទះរបស់ខ្លួន លោក ម៉ុន ហៃ ដែលជាប្រធានក្រុមតន្ត្រីថូន ថាតន្ត្រីនេះអាចលេងក្នុងពិធីច្រើន ទៅតាមភូមិស្រុកដែលគេនិយមលើកលែងតែក្នុងពិធីបុណ្យសព៖«ក្រុមខ្ញុំនៅខ្វះអ្នកចម្រៀងនិងនៅខ្វះដៃទ្រ។ ខ្ញុំមើលទៅតន្ត្រីថូននេះលេងក្នុងពិធីអ្វីក៏បាន ចូលឆ្នាំ ភ្ជុំបិណ្ឌ ភ្លេងអារក្ស កន្ទ្រឹម កន្ទ្រឹមថូន គឺទៅតាមបងប្អូនដែលនិយមចូលចិត្ត»។
ប្រធានក្រុមភ្លេងដែលមានវ័យ៦៤ឆ្នាំរូបនេះ ចង់យកឧបករណ៍ភ្លេងសម័យបរទេសមកបញ្ចូលក្នុងតន្ត្រីស្គរថូន ដើម្បីឱ្យកាន់តែមានការគាំទ្រ។ ចំពោះតម្លៃលោក ម៉ុន ហៃ យកពីម្ចាស់កម្មវិធីនៅប្រើមនោសញ្ចេតនាច្រើន៖«ចិត្តខ្ញុំចង់ឱ្យឧបករណ៍ភ្លេងសម័យចូលជាមួយឧបករណ៍បុរាណនេះ ដើម្បីបំផុតមហាជន។ ឧបករណ៍បរទេសនិងបុរាណអាចលេងច្នៃជាមួយគ្នាបាន។ ខ្ញុំនៅខ្វះស្គរជាន់ ព្រោះខ្ញុំរកប្រាក់មិនទាន់បានទិញ។ ខ្ញុំយកតម្លៃពីគេនៅតំបន់ឆ្ងាយៗ ៤០ម៉ឺនរៀល បើនៅក្នុងស្រុកក្នុងភូមិជួន៣៥ម៉ឺនជួនជាង២០ម៉ឺន។ អ្នកនៅស្រុកស្រែជនបទយើង នៅប្រើមនោសញ្ចេតនាច្រើន មិនទាន់ដាច់គ្នាទេ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឧត្តរមានជ័យ
តន្ត្រីស្គរថូន
សិល្បៈ
តន្ត្រី
ឧបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម