ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ប្រាប់ខ្មែរនៅបរទេស ឲ្យតាមដានរឿងប្រទេសជាតិ ពិសេស៩វិច្ឆិកា២០១៩
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសឆែក និងនៅតាមបណ្តាប្រទេសនានា ឲ្យចូលរួមតាមដានព័ត៌មានពីប្រទេសកម្ពុជាឲ្យបានជាប្រចាំ ដោយអាចតាមដានតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច ដើម្បីកុំឲ្យយល់ច្រឡំពីព័ត៌មានមិនពិត ដែលត្រូវបានប្រឌិតឡើង។ ការថ្លែងសារនេះ គឺនៅក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសឆែក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចទៅបំពេញទស្សនកិច្ចនៅទីនោះ។
ក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីគម្រោងរបស់លោក សម រង្ស៊ី ដែលចង់ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃបុណ្យអុំទូក។ ទំព័រហ្វេសប៊ុករបស់សម្តេច បានសរសេរដូច្នេះថា៖«...កម្ពុជាបានសម្រេចយកថ្ងៃនេះ [៩វិច្ឆិកា] ជាទិវាហូបអំបុកទូទាំងប្រទេស ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ព្រោះមានជនអគតិមួយចំនួនតូចបានឃោសនាគ្រោងយកថ្ងៃនេះធ្វើផ្តេសផ្តាស...។ ដូច្នេះ សូមអញ្ជើញបងប្អូននិងកូនក្មួយនៅទីនេះ និងនៅតាមបណ្តាប្រទេសនានាចូលរួមទាំងអស់គ្នានៅថ្ងៃទី៩ វិច្ឆិកា ២០១៩»។
នៅថ្ងៃទី១២តុលា លោក សម រង្ស៊ី បានបង្ហោះវីដេអូឃ្លីបមួយ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការវិលត្រឡប់មកកម្ពុជាតាមការគ្រោងទុក នៅថ្ងៃទី៩វិច្ឆិកា ដោយគ្មានការប្រែប្រួលឡើយ។ លោក បានអំពាវនាវជាថ្មី ឲ្យប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធចូលរួមជាមួយលោក ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរ៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
មាតុភូមិនិវិត្ត
បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com