អន្តរជាតិ
នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង ទៅ​ចូលរួម​ពិធី​គ្រងរាជ្យ​អធិរាជ​ជប៉ុន ខណៈ​ទំនាក់ទំនង​នៅតែ​តានតឹង​
14, Oct 2019 , 10:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លី ណាក់យុន​ ។ រូបភាព AFP
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លី ណាក់យុន​ ។ រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លី ណាក់​យុន (Lee Nak-yon) បានកំណត់​ថ្ងៃ​ដើម្បី​ទៅ​ចូលរួម​ពិធី​គ្រងរាជ្យសម្បត្តិ​របស់​អធិរាជ​ជប៉ុន ណា​រូ​ហ៊ី​តូ​នៅ​ទីក្រុង​តូ​ក្យូ នៅ​សប្តាហ៍​ក្រោយនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៣ តុលា​។ ដំណើរ​ទស្សនកិច្ច​នេះ ជា​នេះ​ជាការ​ផ្លាស់ប្តូរ​កម្រិត​ខ្ពស់​លើ​ដំបូង​រវាង​អ្នកជិតខាង​ទាំងពីរ ខណៈដែល​ទំនាស់​ពាណិជ្ជកម្ម​នៅតែ​បន្ត​កើតឡើង​នោះ​។



​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក លី ណាក់​យុន នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន អំឡុង​ថ្ងៃទី​២២ ដល់ទី​២៤ ខែតុលា​។ នេះ​បើ​យោងតាម​សម្តី​មន្ត្រី​កូរ៉េខាងត្បូង​។ នៅក្នុង​ដំណើរ​របស់លោក រួមមាន​ពិធី​ឡើង​គ្រងរាជ្យ​នៅ​ថ្ងៃទី​២២ អមដោយ​ការ​ពិធី​ពិសារ​ភោជនាហារ​មួយ​ដែល​រៀបចំ​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៣ ខែតុលា​។​

​នៅ​សប្តាហ៍​មុន មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​ដែល​បម្រើការ​នៅ​វិមាន Cheong Wa Dae បាន​និយាយថា ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន នឹងមិន​ទៅ​ចូលរួម​ពិធី​ឡើង​គ្រងរាជ្យ​របស់​អធិរាជ​ជប៉ុន​ឡើយ ដោយ​លើកឡើង​ពី​ជំហរ​របស់​ទីក្រុង​តូ​ក្យូ​ពាក់ព័ន្ធ​នឹង​ការ​វាយបក​ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន​ប្រឆាំងនឹង​ទីក្រុង​សេ​អ៊ូ​ល​ជុំវិញ​បញ្ហា​ប្រវត្តិសាស្ត្រ​។ ការសម្រេចចិត្ត​នេះ​បានធ្វើ​ឲ្យ​លោក លី ក្លាយជា​អ្នក​អញ្ជើញ​ទៅ​ចូលរួម​ពិធី​នេះ​ជំនួស​ទៅវិញ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោ​កលី ត្រូវបាន​គេ​មើលឃើញ ថា​ជាការ​ផ្លាស់ប្តូរ​មួយ​ដែល​អាច​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ធូរស្រាល បន្ទាប់ពី​មានការ​ប៉ះទង្គិច​ដោយសា​រ​បញ្ហា​ជាច្រើន​មួយឆ្នាំ​កន្លងមក​។ ទីក្រុង​សេ​អ៊ូ​ល បានធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​បានរួម​មកហើយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កូរ៉េ​និង​ជប៉ុន ហើយ​កូរ៉េ​សង្ឃឹមថា កិច្ច​ជំនួប​លើក​នេះ​នឹង​អាចជួយ​ពង្រឹង​ចំណងមិត្តភាព​បាន​។ នេះ​បើតាម​មន្ត្រី​កូរ៉េខាងត្បូង​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​

​គួរ​កត់សម្គាល់ថា ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ បាន​ជាប់គាំង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ បន្ទាប់ពី​តុលាការ​កំពូល​របស់​កូរ៉េ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​សង​សំណង​ដល់​ជនរងគ្រោះ​នៃ​ការជិះជាន់​កម្លាំង​ពលកម្ម ក្នុងអំឡុង​ស្ថិតក្រោម​អាណានិគម​របស់​ជប៉ុន​នៅ​ឆ្នាំ ១៩១០-៤៥ នៃ​ឧបទ្វីប​កូរ៉េ​។​

​លោក លី ដែល​និយាយ​ភាសា​ជប៉ុន​យ៉ាង​ស្ទាត់ជំនាញ ធ្លាប់​បម្រើការ​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​តូ​ក្យូ​ពេលធ្វើការ​ជា​អ្នកកាសែត​។ គាត់​ត្រូវបាន​គេ​ដឹងថា មាន​បណ្តាញ​ទំនាក់ទំនង​ល្អ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​មន្ត្រី​ជប៉ុន​។ ដូចនេះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក អាច​នឹងធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​ទំនាក់ទំនង​ជាមួយ​ជប៉ុន ប្រសិនបើ​ទស្សនកិច្ច​នេះ មាន​ទិសដៅ​បញ្ជាក់​ពី​ការ​មានគំនិត​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​សម្រាប់​កូរ៉េខាងត្បូង និង​ជប៉ុន​៕


© រក្សាសិទ្ធិដោយ thmeythmey.com