អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មប្រឆាំងតួកគីជុំវិញប្រតិបត្តិការនៅភាគខាងជើងស៊ីរី រូបភាព AFP
× សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែតុលា បានប្រកាសដាក់ទណ្ឌកម្មលើតួកគីជុំវិញប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលរងការរិះគន់ថា ទាត់ចោលសម្ព័ន្ធមិត្តឃើដឲ្យរងគ្រោះក្រោមដៃតួកគីនោះ ចាត់ទុកទណ្ឌកម្មលើមន្ត្រីសំខាន់ៗរបស់តួកគី ជាការបង្ខំឲ្យក្រុងអង់ការ៉ាផ្អាកសកម្មភាពរបស់ខ្លួន។ យ៉ាងណាមិញ ទណ្ឌកម្មនេះ ហាក់មិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងឡើយ។
ជារឿងកម្រមាន សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។ តួកគី ដែលមានទំនាក់ទំនងមិនសូវល្អជាមួយអាមេរិកស្រាប់ផងនោះ បានរងទណ្ឌកម្មមួយកញ្ចប់ពីអាមេរិកដោយសារតែប្រតិបត្តិការនៅភាគខាងជើងស៊ីរី។
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗរបស់តួកគីដូចជារដ្ឋមន្ត្រីការពារជាតិ មហាផ្ទៃ និងថាមពលជុំវិញតួនាទីរបស់ពួកគេក្នុងប្រតិបត្តិការយោធាឆ្លងព្រំដែនដែលកំពុងក្លាយជាបញ្ហាមួយបន្ថែមលើវិបត្តិរ៉ាំរ៉ៃរាប់សិបឆ្នាំរបស់ស៊ីរី។ សម្រាប់ទណ្ឌកម្មនេះ ទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនេះនៅអាមេរិក នឹងត្រូវបង្កក ហើយការរកស៊ី ឬដោះដូរអ្វីៗជាមួយរដ្ឋមន្ត្រីទាំងបី ជាទោសឧក្រិដ្ឋផងដែរ។
ទណ្ឌកម្មរបស់អាមេរិក ធ្លាក់មកប៉ុន្មានម៉ោងក្រោយយោធាស៊ីរីចូលដល់តំបន់ភាគខាងជើងតាមការស្នើសុំរបស់ក្រុមឃើដដើម្បីទប់ទល់ប្រតិបត្តិការរបស់តួកគីដែលកំពុងសម្រុកចូលមិនដកដៃ។ ក្នុងសេចក្ដីថ្លែងការណ៍ដាក់ទណ្ឌកម្ម លោក ត្រាំ ដែលទើបនិយាយអួតពីទំនាក់ទំនងជាមួយប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ បានព្រមានកម្ទេចសេដ្ឋកិច្ចរបស់តួកគីភ្លាមៗ ប្រសិនបើបន្តដើរលើផ្លូវដ៏គ្រោះថ្នាក់ និងមហន្តរាយនេះទៀត។
ក្រៅពីទណ្ឌកម្ម លោក ត្រាំ ក៏បញ្ជូនអនុប្រធានាធិបតី ម៉ៃ ផេន ទៅតួកគីដើម្បីជជែកដោយផ្ទាល់ជាមួយមេដឹកនាំតួកគីពាក់ព័ន្ធការផ្អាកប្រតិបត្តិការសឹកនៅស៊ីរី ខណៈលោកផ្ទាល់ក៏បានជជែកតាមទូរសព្ទជាមួយលោក អ៊ែរដូហ្កាន់ រួចហើយលើរឿងនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ ក៏បញ្ជាឲ្យបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃ១០០ពាន់លានដុល្លារ និងអនុវត្តឡើងវិញការដំឡើងពន្ធ៥០ភាគរយលើដែកថែបរបស់តួកគីផងដែរ។
យ៉ាងណាមិញ វិធានការទណ្ឌកម្មរបស់រដ្ឋាភិបាល រងប្រតិកម្មខ្លាំងពីសភា។ ប្រធានរដ្ឋសភាអាមេរិក ណាន់ស៊ី ផេឡូស៊ី និយាយថា ចំណាត់ការនេះ នៅខ្វះខាត ហើយមិនអាចផ្លាស់ប្ដូរវិបត្តិមនុស្សធម៌ដែលកើតចេញពីការសម្រេចចិត្តរបស់លោក ត្រាំ ផ្ទាល់។
ក្នុងគោលដៅគាបឲ្យតួកគីផ្អាកយុទ្ធនាការរបស់ខ្លួន អាមេរិកក៏នឹងបបួលសម្ព័ន្ធមិត្តឯទៀតឲ្យចូលរួមផងដែរ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ នឹងធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែលនៅសប្ដាហ៍ក្រោយដើម្បីបញ្ចុះបញ្ចូលឲ្យសមាជិកសម្ព័ន្ធយោធាណាតូដាក់ពិន័យលើតួកគី។ សព្វថ្ងៃ បារាំង និងអាល្លឺម៉ង់ បានចាត់វិធានការដំបូងដោយការផ្អាករាល់ការលក់សព្វាវុធទាំងអស់ឲ្យតួកគី ខណៈអង់គ្លេសកំពុងពិចារណាចាត់វិធានការដូចគ្នា៕
Tag:
អាមេរិក
ស៊ីរី
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com