ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​ទើប​អ្នក​មិនគួរ​ទទួលទាន​ផ្លែឈើ​ខ្ចី​?
16, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា​ការទទួល​ទាន​ផ្លែឈើ​ស្រស់ៗ​ជាប្រចាំ​ល្អ​សម្រាប់​សុខភាព​រាងកាយ ក៏ដូចជា​សម្រស់​។ ទោះជា​យ៉ាងណាក៏ដោយ​អ្នក​មិនគួរ​រួមបញ្ចូល​ផ្លែឈើ​មិនទាន់​ទុំ ឬ​ខ្ចី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ឡើយ​! នោះ​ក៏​ព្រោះតែ​វា​អាច​បង្កបញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​មួយចំនួន​។ យោងទៅតាម​អ្នកឯកទេស​ចំណីអាហារ​បានឱ្យដឹងថា​ការ​ទទួលទាន​ផ្លែឈើ​ខ្ចី​ជាមួយ​ទឹក ក៏ដូចជា​អាហារ​ដទៃទៀត​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​បំពង់​អាហារ ឬ​នៅពេល​ពោះ​ទទេ​មិនទាន់​ទទួលទាន​អ្វី អាច​បង្កបញ្ហា​សុខភាព​ច្រើន​ទ្វេដង​!



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​មិនគួរ​ទទួលទាន​ផ្លែឈើ​ខ្ចី ឬ​មិនទាន់​ទុំ​ល្អ ៖

១. ផ្លែឈើ​មួយចំនួន​ពិបាក​ក្នុង​ការរំលាយ​

​ផ្លែឈើ​ខ្ចី​មួយចំនួន​មិន​ត្រឹមតែ​ពិបាក​ក្នុងការ​កាត់ ឬ​ចិត ហើយ​ទំពារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​ក្រពះ​ពិបាក​ក្នុង​ការរំលាយ​ផងដែរ​។​

២. ផ្លែឈើ​ខ្លះទៀត​អាច​បណ្ដាលឱ្យ​រលាក​ស្រទាប់​នៃ​បំពង់​អាហារ​

​ផ្លែឈើ​ខ្ចី​ភាគច្រើន​មាន​រសជាតិ​ខ្លាំង​ដែល​បង្កឡើង​ដោយសារ​ធាតុ tannins អាចធ្វើឱ្យ​រលាក​ជាលិកា​ទន់ៗ​នៃ​មាត់ និង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងមូល​តែម្ដង​។​

៣. មួយចំនួនទៀត​អាចមាន​ផ្ទុក​ជាតិពុល​តិចតួច​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ប៉េងប៉ោះ និង​ផ្លែ​ម្នាស់​មិនទាន់​ទុំ​មាន​ផ្ទុក​ជាតិពុល​កម្រិត​ស្រាល ឬ​តិចតួច​? នោះ​ហើយ​ទើប​ការ​ទទួលទាន​ប៉េងប៉ោះ និង​ម្នា​ស់ខ្ចី​ច្រើន​មិន​ត្រូវបាន​ណែនាំ​!

៤. ស្រៀវធ្មេញ​

​ការ​ខាំ និង​ទំពារ​ផ្លែឈើ​ខ្ចី​បង្ក​ផលប៉ះពាល់​ដល់​កាចា​ធ្មេញ និង​សរសៃប្រសាទ​ជា​ដែលជា​លទ្ធផល​នៃ​បញ្ហា​ស្រៀវធ្មេញ​។ ផ្លែឈើ​មិនទាន់​ទុំ​មាន​ផ្ទុក​ជាតិ​អាស៊ីត និង​សារធាតុ tannins ច្រើន​ដែល​មិនល្អ​ចំពោះ​កាចា​ធ្មេញ​។​

៥. ឈឺពោះ

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​ខ្ចី​ភាគច្រើន​មាន​សាច់​រឹង​ដែល​ធ្វើឱ្យ​ក្រពះ​ពិបាក​នឹង​រំលាយ​។ ជា​លទ្ធផល​អ្នក​អាច​នឹង​ប្រទះ​បញ្ហា​ឈឺពោះ​។​

៦. ចង្អោរ​ចង់​ក្អួត​

​ជាពិសេស​ប្រសិនបើ​ក្រពះ​របស់​អ្នក​ឆាប់​មាន​បញ្ហា​នោះ​អ្នក​ងាយ​នឹង​ជួបប្រទះ​អាកា​រៈ​ចង្អោរ​ចង់​ក្អួត ដោយសារ​ក្រពះ​ទទួលបន្ទុក​ធ្ងន់​ក្នុងការ​រំលាយ​អាហារ​រឹង​។ ពេលខ្លះ​ផ្លែឈើ​ខ្ចី​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ក្អួត​តែម្ដង​។​

៧. រាគ ឬ​ទល់លាមក​

​ការ​ទទួលទាន​ផ្លែឈើ​ខ្ចី​អាច​បណ្ដាលឱ្យ​អ្នក​រាគរូស ឬ​ទល់លាមក​បាន​! នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​ជាតិ​សរសៃ​ដែល​ផ្លែឈើ​ខ្ចី​មាន​ផ្ទុក​។​
​ប្រយ័ត្ន ៖ ប្រសិនបើ​អ្នក​កំពុងមាន​ផ្ទៃពោះ ឬ​ជួបប្រទះ​បញ្ហា​ណាមួយ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ដើម្បី​ជាការ​ប្រសើរ​ចៀសវាង​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​ចូរ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ដែល​ទុំ​ល្អ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com