កម្ពុជា​មិន​ធ្លាប់មាន​ប្រវត្តិ​ជួប​អ៊ីរ៉ាក់ តែ​លោកគ្រូ Honda ធ្លាប់​ជួប​៥​លើក​មិនដែល​ចាញ់​
FIFA
កីឡាជាតិ
ជាតិ
កម្ពុជា​មិន​ធ្លាប់មាន​ប្រវត្តិ​ជួប​អ៊ីរ៉ាក់ តែ​លោកគ្រូ Honda ធ្លាប់​ជួប​៥​លើក​មិនដែល​ចាញ់​
15, Oct 2019 , 3:56 pm        
រូបភាព
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា, រូបភាពពី FFC
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា, រូបភាពពី FFC
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា មិន​ធ្លាប់មាន​ប្រវត្តិ​ជួប​អ៊ីរ៉ាក់​កន្លងមក​នោះទេ​។ ប៉ុន្តែ​សម្រាប់​អ្នកចាត់ការ​ទូទៅ Keisuke Honda វិញ ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ៥​លើក​រួចមកហើយ ពេល​ប៉ះ​អ៊ីរ៉ាក់ ដោយ​លោក​រកបាន​២​គ្រាប់​។ ជប៉ុន មិនដែល​ចាញ់​អ៊ីរ៉ាក់​ឡើយ​។​



​អ្នកចាត់ការ​ទូទៅ Keisuke Honda នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា តទល់​ជាមួយ​អ៊ីរ៉ាក់​ជា​លើកដំបូង នា​ជំនួប​វគ្គ​ជម្រុះ FIFA World Cup ជុំ​ទី​២​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ តុលា​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ វា​លើក​ទី​១​ក្នុងតួនាទី​ជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយក៏​ជា​លើក​ទី​៦​សម្រាប់ Keisuke Honda ក្នុង​ប្រវត្តិ​ជួប​ក្រុម​អ៊ីរ៉ាក់​ដែរ ពោលគឺ​លោក Honda ធ្លាប់​ជួប​អ៊ីរ៉ាក់​៥​លើក​រួចមកហើយ ពេល​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន​។

​អតីត​សមាជិក​ក្លិប​ក្របខណ្ឌ​កំពូល​អូស្ត្រាលី Melbourne Victory រូបនេះ មានកំណត់​ត្រា​ស៊ុត​ប​ញ្ជូ​ល​ទី​អ៊ីរ៉ាក់​ពីរ​គ្រាប់ សម្រាប់​ការជួបគ្នា​៥​លើក ដែល​ក្រុម​សា​ម៉ូ​រ៉ៃ​ជប៉ុន​គ្មាន​ប្រវត្តិ​ចាញ់​នេះ​។ ជប៉ុន​ជួប​អ៊ីរ៉ាក់​លើកដំបូង​ក្នុងការ​ប្រកួត World Cup ឆ្នាំ​២០១៤ ដោយ​កាលណោះ​ជប៉ុន​បាន​យកឈ្នះ​ក្នុង​លទ្ធផល ១-០​។​

​បន្ទាប់មក​ក្រុម​ទាំងពីរ​បាន​ជួបគ្នា​ម្តងទៀត ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup 2015 ដោយ​ពួកគេ​ស្ថិតនៅក្នុង​ពូ​ល D​។ ជប៉ុន​បាន​បន្ត​យកឈ្នះ​អ៊ីរ៉ាក់​ក្នុង​លទ្ធផល ១-០ ដែល​រកបាន​ដោយ​កីឡាករ Keisuke Honda នៅ​នាទី​ទី​២៣​ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​។ Honda ត្រូវបាន​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ Yoshinori Muto ក្រោយ​បង្ហាញខ្លួន​បាន​៨៩​នាទី​។

​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៥ ខ្សែបម្រើ Keisuke Honda បានរួម​ចំណែក​មួយគ្រា​ប់​ក្នុង​ជ័យជម្នះ ៤-០ របស់​ក្រុម​សា​ម៉ូ​រ៉ៃ​ជប៉ុន​លើ​អ៊ីរ៉ាក់​។ ដោយឡែក​ការប្រកួត​វគ្គ​ជម្រុះ World Cup 2018 ដែល​ពួកគេ​ស្ថិតនៅក្នុង​ពូ​ល B ជប៉ុន​បាន​យកឈ្នះ​អ៊ីរ៉ាក់​ក្នុង​លទ្ធផល ២-១ នៅ​ជើង​ទី​១ មុន​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ១-១ នៅ​ជើង​ទី​២​។ ដោយ​កាលណោះ​ជប៉ុន​ទទួលបាន​កៅអី​ឡើងទៅ​លេង​ព្រឹត្តិការណ៍ World Cup ក្នុងនាម​ក្រុម​លេខ​១​ប្រចាំ​ពូ​ល B៕ 

Tag:
 បាល់ទាត់​
  World Cup
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com