អន្តរជាតិ
រុស្ស៊ី ចែចង់អារ៉ាប៊ីសាអូឌីត ខណៈកំពុងស្អិតល្មួតជាមួយអ៊ីរ៉ង់ រូបភាព AFP
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែតុលា បានធ្វើទស្សនកិច្ចទៅអារ៉ាប៊ីសាអូឌីតជាលើកទី២ ក្នុងគោលបំណងចុះកិច្ចព្រមព្រៀងទិញលក់ប្រេង និងពិភាក្សាពីបញ្ហាសន្តិសុខនៅក្នុងតំបន់។ ភាពតានតឹងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ក៏ជារបៀបវារៈសំខាន់ដែរ ដោយលោក ពូទីន ចង់ដើរតួជាអ្នកសម្របសម្រួលដើម្បីបញ្ចប់បញ្ហា។
ក្បួនគណៈប្រតិភូហែហម អមជាមួយរថយន្តសេរីទំនើប បាននាំដំណើរប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅជួបជាមួយស្តេច សាលម៉ាន នាព្រះរាជវាំងទីក្រុងរីយ៉ាដ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខដឹកនាំកំពូលរុស្ស៊ីទៅកាន់អារ៉ាប៊ីសាអូឌីតចាប់តាំងពីឆ្នាំ ២០០៧មក។ អមជាមួយសំឡេងត្រែប្រគំដោយក្រុមយោធា លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត មុនមានជំនួបផ្លូវការជាមួយស្តេច សាលម៉ាន ។
ការរឹតបន្តឹងចំណងមិត្តភាព សេដ្ឋកិច្ច ពិភាក្សាបញ្ហាតំបន់ និងប្រឆាំងនឹងភេរវកម្ម គឺជាកម្មវត្ថុចំបងនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីពូទីនលើកនេះ។ ជាក់ស្តែងថ្មីៗកន្លងមកនេះ រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានសហការគ្នា រក្សាសង្វាក់ផ្គត់ផ្គង់ឲ្យនៅទាប ដើម្បីកំណត់តម្លៃប្រេងឲ្យនៅខ្ពស់។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន លើកនេះ រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានចុះអនុស្សរណៈយោគយល់គ្នា ចំនួន ២០កិច្ចព្រមព្រៀង ដែលទាក់ទងទៅនឹងបញ្ញាសិប្បនិម្មត វិស័យថាមពល ការដឹកជញ្ជូន និងសារធាតុគីមីបានមកពីប្រេងជាដើម។ បន្ថែមពីលើនេះ ភាគីទាំងពីរ បានពិភាក្សាពីបញ្ហាសង្គ្រាមនៅក្នុងស៊ីរីពាក់ព័ន្ធនឹងការវាយប្រហារឆ្លងព្រំដែនពីសំណាក់តួកគី និងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេម៉ែន ដែលអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងក្រុមហ៊ូធីតាំងពីឆ្នាំ ២០១៥មកម្លេះ។
អស់ពីបញ្ហាសេដ្ឋកិច្ច និងជម្លោះក្នុងតំបន់ ដល់វេលាត្រូវជជែករឿងបញ្ហាភេវកម្មវីញម្តង។ ជាការពិត បញ្ហាភេវកម្មនៅតែសំខាន់ និងមិនអាចបំភ្លេចបាន។ តាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ស្តេចសាលមានក្នុងព្រះជន្ម ៨៣ព្រះវស្សារូបនេះ មានព្រះរាជបន្ទូលថា អារ៉ាប៊ីសាអូឌីត នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិយម។ ក្នុងន័យនេះ ទីក្រុងរីយ៉ាដទំនងជាចង់លើកឡើងថា រស្ស៊ីក៏មានតួនាទីសំខាន់មួយដែរទាក់ទិននឹងសន្តិសុខនៅក្នុងតំបន់ បន្ទាប់ពីអាមេរិក។
កន្លងមករុស្ស៊ី ធ្លាប់ស្នើឲ្យអារ៉ាប៊ីសាអូឌីតទិញប្រព័ន្ធខែលការពារមីស៊ីលម្តងហើយ បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រផលិតប្រេងពីសំណាក់ក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃទី ១៤ ខែកញ្ញា។ ភាពចម្រូងចម្រាស់នេះ ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាទីក្រុងរីយ៉ាដ បានចោទទីក្រុងតេហេរ៉ង់ជាអ្នកនៅពីក្រោយខ្នងនៃការបង្កបញ្ហានេះ ប៉ុន្តែត្រូវបានអ៊ីរ៉ងបដិសេដ៕
Tag:
រុស្ស៊ី
អារ៉ាប៊ីសាអូឌីត
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com