គ្រូ​អ៊ីរ៉ាក់​៖ កម្ពុជា​តូច​តែ​លេង​ល្អ ទើប​យើង​ប្រើ​យុទ្ធសាស្ត្រ​បាល់​ខ្ពស់ និង​កាត់​ចូល​ប្រអប់​១១​ម៉ែត្រ​
FIFA
កីឡាជាតិ
ជាតិ
គ្រូ​អ៊ីរ៉ាក់​៖ កម្ពុជា​តូច​តែ​លេង​ល្អ ទើប​យើង​ប្រើ​យុទ្ធសាស្ត្រ​បាល់​ខ្ពស់ និង​កាត់​ចូល​ប្រអប់​១១​ម៉ែត្រ​
16, Oct 2019 , 1:57 pm        
រូបភាព
លោក Srečko Katanec គ្រូបង្វឹក​អ៊ីរ៉ាក់នាអំឡុងការប្រកួតកម្ពុជា-អ៊ីរ៉ាក់។ រូបថត FFC និងប៉ាន់ បូនី
លោក Srečko Katanec គ្រូបង្វឹក​អ៊ីរ៉ាក់នាអំឡុងការប្រកួតកម្ពុជា-អ៊ីរ៉ាក់។ រូបថត FFC និងប៉ាន់ បូនី
ដោយ: រួបរួម
អ៊ីរ៉ាក់​គួរ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាង​៤​គ្រាប់​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់លោក Srečko Katanec គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់ បន្ទាប់ពី​ក្រុម​របស់លោក​ទទួលបាន​ជ័យជម្នះ ៤-០ លើ​ម្ចាស់ផ្ទះ​កម្ពុជា ក្នុងការ​ប្រកួត​ពូ​ល C នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup 2022 កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​



​អ៊ីរ៉ាក់​ដែលជា​ម្ចាស់​ជើងឯក​អាស៊ី​ឆ្នាំ​២០០៧ បាន​រកបាន​គ្រាប់​បញ្ចូល​ទី​ដំបូង​នៅ​នាទី​២២ ហើយ​បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​៤១ ដែល​សុទ្ធតែ​ជាការ​តែ​ត​បញ្ចូល​ជា​បន្ត​បន្ទាប់ពី​សំណាក់​ខ្សែបម្រើ Ibrahim Bayesh និង​ខ្សែប្រយុទ្ធ Mohanad Ali​។

​បន្ទាប់ពី​រកបាន​២​គ្រាប់​នៅ​តង់​ទីមួយ អ៊ីរ៉ាក់​រកបាន​២​គ្រាប់​ទៀត​នៅ​៤៥​នាទី​បន្ទាប់ ដែលជា​ការ​ស៊ុត​ពី​ចម្ងាយ​របស់​ខ្សែបម្រើ​កណ្តាល Amjad Attwan និង​ការ​តែ​តរបស់​ខ្សែការពារ Ahmad Ibrahim ខណៈ​ការប្រកួត​ដំណើរការ​ក្នុង​រង្វង់​រយៈពេល​១​ម៉ោង​។​

«​ខ្ញុំ​គិតថា កាយសម្បទា​របស់​ក្រុម​កម្ពុជា​តូច​ពិតមែន ប៉ុន្តែ​ពួកគេ​លេង​បាន​យ៉ាង​ល្អ​នៅក្នុង​ការប្រកួត​នេះ​»​។ នេះ​ជាការ​អះអាង​របស់​គ្រូបង្វឹក​អ៊ីរ៉ាក់​លោក Srečko Katanec នា​ស​ន្នី​សិទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត ដោយ​បញ្ជាក់បន្ថែម​ពី​យុទ្ធសាស្ត្រ​លេង​បាល់​ខ្ពស់ និង​ការ​កាត់​បាល់​ចូលក្នុង​ប្រអប់​១១​ម៉ែត្រ​។​

​គ្រូបង្វឹក​ស្លូ​វេ​នី ដើមកំណើត​យូ​ហ្គោ​ស្លា​វី រូបនេះ ពិតជា​ចង់បាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាង​នេះ បន្ទាប់ពី​លោក​បាន​មើលឃើញ​កម្ពុជា​រង​បរាជ័យ ១៤-០ នៅ​ទឹកដី​អ៊ីរ៉ង់ ដែលជា​គូប្រជែង​នាំមុខ​របស់ខ្លួន​នៅក្នុង​ពូ​ល C​។ ប៉ុន្តែ​វា​មិនមាន​ភាពងាយស្រួល​នោះឡើយ ប្រសិនបើ​លោក​មិន​ប្រើ​យុទ្ធសាស្ត្រ​តាម​សភាពការណ៍​ទេនោះ​។​

​លោក Katanec អតីត​ខ្សែការពារ​ជម្រើសជាតិ​យូ​ហ្គោ​ស្លា​វី បន្ទាប់មក​ស្លូ​វេ​នី ហើយក៏​ជា​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​ស្លូ​វេ​នី ម៉ា​សេ​ដ្វា​ន និង​អា​មី​រ៉ា​ត​អារ៉ាប់​រួម ផងដែរ​នោះ កំពុង​នាំ​អ៊ីរ៉ាក់​ឈរ​លេខ​១​បណ្តោះអាសន្ន​នៅក្នុង​ពូ​ល C ដោយមាន​៧​ពិន្ទុ​ពី​ការប្រកួត​៣​លើក ស្មើ​បា​រ៉ែ​ន តែ​លើស​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។​

​អ៊ីរ៉ង់​ខក​ឱកាស​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​បា​រ៉ែ​ន ១-០ ដោយ​រក្សា​នៅ​៦​ពិន្ទុ​ពី​ការប្រកួត​៣​លើក​។ ហុងកុង​មិនមាន​សកម្មភាព​ប្រកួត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដោយមាន​១​ពិន្ទុ ពី​ជំនួប​៣​លើក ស្មើ​កម្ពុជា ដែល​បាន​ប្រកួត​រហូតដល់​ទៅ​៤​លើក​នៅក្នុង​ពូ​ល​៕



© រក្សាសិទ្ធិដោយ thmeythmey.com