អន្តរជាតិ
ឥណ្ឌូណេស៊ី បិទ​សាលារៀន​ជាច្រើន​ដោយសារ​អ័ព្ទ​កើតឡើង​ម្តងទៀត​
16, Oct 2019 , 8:19 pm        
រូបភាព
រូបភាព Antara
រូបភាព Antara
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ជាថ្មី​ម្តងទៀត​ឥណ្ឌូណេស៊ី ព្រមាន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​អំពី​ផ្សែង​ដែល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ថ្ងៃទី​១៥ តុលា ។ បញ្ហា​ច្រំ​ដែល​នេះ បណ្តាល​ឲ្យ​ខេត្ត​មួយចំនួន​ត្រូវ​បិទ​សាលារៀន​ដោយសារ​គុណភាព​ខ្យល់​កាន់តែ​អាក្រក់​ឡើង​។



​នៅ​ឥណ្ឌូណេស៊ី បាតុភូត​អាកាសធាតុ El Nino បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវប្រាំង​ក្នុង​ឆ្នាំ​២០១៩ ដែលជា​រឿយៗ​គឺ​មកពី​ការកាប់​ឆ្ការ និង​ដុត​សម្អាត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម រួម​និង​ការដាំ​ដំណាំ​ផ្សេងៗ​ផងដែរ​។​

​តំបន់​ដែលមាន​ភ្លើង​ឆេះ​ខ្លាំង​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​ប័​រ​ណេ​អូ នៅតែ​បន្ត​កើនឡើង​បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​កាលពី​សប្តាហ៍​មុន​ក្តី​។ ភ្នាក់ងារ​អាកាសធាតុរ​បស់​ឥណ្ឌូណេស៊ី​បាន​ព្រមាន​ប្រជាពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ផ្សែង​អ័ព្ទ​។

​សាលារៀន​មួយចំនួន​ដែល​បាន​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​មាន​ខ្យល់អាកាស​ល្អប្រសើរ​ហើយ​នោះ ត្រូវ​បិទ​វិញ​នៅក្នុង​សប្តាហ៍​នេះ​។ ខេត្ត Palembang នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង បាន​បិទទ្វារ​សាលារៀន​ចាប់ពី​ថ្ងៃទី​១៤ ខែតុលា​មក និង​អាច​យូរ​ជាង​នេះ ប្រសិនបើ​មិនមាន​លក្ខខណ្ឌ​ល្អប្រសើរ​ឡើងវិញ​ទេនោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Antara ។
​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវបាន​ណែនាំ​ឲ្យ​ពាក់​ម៉ាស់​នៅពេល​ចេញទៅ​ក្រៅ​ផ្ទះ​។ បើតាម​រូបភាព​ពីលើ​អាកាស​ដែល​ផ្សាយ​ដោយ​កាសែត The Jakarta Post ខេត្ត Palembang ស្ថិតនៅក្នុង​ផ្សែង​អ័ព្ទ​ពណ៌​លឿង​យ៉ាង​ក្រាស់​។

​លើសពីនេះ​ទីក្រុង​ចាំ​ប៊ី នៃ​កោះ​ស៊ូ​ម៉ា​ត្រា​នេះ​ដូចគ្នា ក៏បាន​បិទ​សា​លាម​ត្តេ​យ្យ​សិក្សា​បី​ថ្ងៃ​ដែរ​។ គុណភាព​ខ្យល់​នៅ​ទីក្រុង​ចាំ​ប៊ី ត្រូវបាន​ចាត់ទុកថា​គ្មាន​ផាសុខភាព និង​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​សុខភាព​។ នេះ​បើតាម​ទិន្នន័យ​របស់​ប្រព័ន្ធ​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រចាំ​ទីក្រុង​ចាំ​ប៊ី បាន​លើកឡើងថា ដើម្បី​ជា​វិធានការ​ការពារ​ប្រឆាំងនឹង​ផ្សែង​អ័ព្ទ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ក៏ដូចជា​បុគ្គលិក​ទាំងអស់ ត្រូវបាន​ជំរុញ​ឲ្យ​ពាក់​ម៉ាស់​ខណៈពេល​នៅ​សាលា និង​តាមផ្លូវ​ទៅមក​សាលារៀន​ផងដែរ​។​

​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ពង្រាយ​បុគ្គលិក​រាប់ពាន់នាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​យន្ដហោះ​រាប់សិប​គ្រឿង​ដើម្បី​ទម្លាក់​ទឹក និង​ការព្យាយាម​បង្កើត​ពពក​ដើម្បី​បង្ក​ជា​ភ្លៀង​។ ទីភ្នាក់ងារ​គ្រោះមហន្តរាយ​របស់​ឥណ្ឌូនេស៊ី​កាលពី​ខែ​មុន​បាន​និយាយថា ខ្លួន​រំពឹងថា​ការមកដល់​នៃ​រដូវវស្សា​ដែល​នឹង​មកដល់​នៅពេលនេះ​នឹង​បញ្ចប់​អគ្គិភ័យ​ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ព្រៃឈើ​ជាង ៣២​ម៉ឺន​ហិកតា​៕

© រក្សាសិទ្ធិដោយ thmeythmey.com