ជាតិ
សេដ្ឋកិច្ច
វិស័យ​ស្រូវ​អង្ករ​កម្ពុជា ជួប​បញ្ហា​ប្រឈម ៧​ចំណុច​
16, Oct 2019 , 10:19 pm        
រូបភាព
ដោយ:
​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) លោក សុង សារ៉ន បាន​អះអាងថា កសិករ​ក្នុង​វិស័យ​ស្រូវ​អង្ករ ជួប​បញ្ហា​ប្រឈម​ចំនួន ដែល​អ្នកពាក់ព័ន្ធ​ត្រូវ​ជួយ​ដោះស្រាយ​។ លោក សុង សារ៉ន បានលើកឡើង​បញ្ហា​របស់​វិស័យ​ស្រូវ​អង្ករ ក្នុង​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨ នៅ​ថ្ងៃទី​១៧​ខែតុលា​។​



​បញ្ហា​ប្រែប្រួល​អាកាសធាតុ ទឹក និង​ពូជស្រូវ​។ ត្រង់ចំណុច​នេះ លោក សុង សារ៉ន ប្រាប់ថា កម្ពុជា​ត្រូវការ​ពូជស្រូវ​ដែល​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ ការរៀបចំ​ដី​ដាំ​ដុះ​ដែល​ប្រើ​ទឹក​តិច និង​ពូជស្រូវ​ដែល​ឆ្លើយតប​នឹង​តម្រូវ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ជាជាង​ពឹងផ្អែក​នាំ​ចេញទៅ​ប្រទេសជិតខាង​។



​បញ្ហា​ផ្សេងទៀត រួមមាន​ការប្រកួតប្រជែង​នឹង​ប្រទេសជិតខាង និង​គោលនយោបាយ​ការពារ​និយម​។ «​យើង​ដឹង​ហើយ​ថា អង្ករ​របស់​កម្ពុជា​ត្រូវ​ប្រកួតប្រជែង​អង្ករ​របស់​ប្រទេសជិតខាង​យើង ដែល​យើង​ត្រូវ​ត្រៀមខ្លួន ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​»​។ នេះ​ជា​ប្រសាសន៍​របស់លោក សុង សារ៉ន មុននឹង​លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​បញ្ហា​ការពារ​និយម មានន័យថា​ទីផ្សារ​នីមួយៗ គេ​មិន​ឲ្យ​ចូល​ទីផ្សារ​គេ​ដោយ​ស្រួល​នោះទេ ដូចជា​ចិន និង​សហគមន៍​អឺរ៉ុប​ជាដើម ដែលជា​របាំង​ថ្មី​មួយ​ក្នុង​ការនាំចេញ​ស្រូវ​ទៅ​ប្រទេស​ដែលមាន​ផលិត​ស្រូវ​អង្ក​រដែរ​»​។​

​បញ្ហា​មួយទៀត គឺ​ការទទួលបាន​ឥណទាន​សម្រាប់​សហគម​ន៍​កសិកម្ម​។ លោក សុង សារ៉ន ស្វាគមន៍​ការបញ្ចេញ​ឥណទាន​របស់​រដ្ឋាភិបាល តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បង្កើន​ទំហំ​ប្រាក់កម្ចី ក្នុង​អត្រា​ការប្រាក់​ទាប ដល់​សហកមន៍ និង​រោង​ម៉ាស៊ីនកិនស្រូវ​។ ជាមួយគ្នានេះ​លោក​ស្នើ​ដល់​គ្រឹះស្ថាន​ធនាគារឯកជន​បន្ត​ផ្ដល់​ឥណទាន​ដែល​ប្រកបដោយ​ចីរភាព​។​

​បញ្ហាសំខាន់​ផ្សេងទៀត គឺ​កង្វះ​ទំនើបកម្ម​កសិកម្ម និង​ការចំណាយ​ថ្លៃដើម​ខ្ពស់​។ លោក សុង សារ៉ន ថ្លែងថា គ្រឿង​បរិក្ខារ​សម្រាប់ធ្វើ​កសិក​ម្ម ដូចជា​គ្រឿងយន្ត​ជាដើម ត្រូវ​នាំចូល​ក្នុងតម្លៃ​ថ្លៃ ដែល​ធ្វើ​ឲ្យ​ចំណាយ​ការ​ភ្ជួរ​រាស់ ច្រូតកាត់ ការដឹកជញ្ជូន​ថ្លៃ​។ លោក​បន្ថែម រីឯ​ការកែច្នៃ​នាំចេញ​របស់​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ចំណាយ​ខ្ពស់​លើ​ការដឹកជញ្ជូន​ជាដើម​។ លោក​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ ការដឹកជញ្ជូន និង​ជួយ​សម្របសម្រួល​បញ្ហា​ឃ្លាំង​ស្តុក​ឡស​ម្ងួ​ត ជាដើម​។​

​គួរបញ្ជាក់ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហាក់​មិនសូវ​កើនឡើង​នោះទេ​។ តែ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​នេះ ប្ដេជ្ញា​ឲ្យ​ការនាំចេញ​អង្ករ​នឹង​សម្រេចបាន ១​លាន​តោន ក្នុង​រយៈពេល​៣​ឆ្នាំ ពោលគឺ​ក្នុង​អាណត្តិ​ទី​៣ ដែល​លោក​ធ្វើជា​ប្រធាន​សហព័ន្ធ​នេះ​៕


Tag:
 សុង សារ៉ន​
  ស្រូវ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com