ជាតិ
២៥ខេត្ត/រាជធានី
«​សត្វ​រុយ​ស​»​ជា​ភ្នាក់ងារ​ចម្លងជំងឺ​លើ​ដំណាំ​, ចូរ​ស្វែងយល់​ពី​វិធានការការពារ​! ​
16, Oct 2019 , 8:13 pm        
រូបភាព
រូបភាព Capture ពី​ឯកសារ​ដែល​រៀបចំ​ដោយ នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូត​គា​អនាម័យ​ ​
រូបភាព Capture ពី​ឯកសារ​ដែល​រៀបចំ​ដោយ នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូត​គា​អនាម័យ​ ​
ដោយ​៖ ផាត ដា​ណេ​
ភ្នំពេញ​៖ រុយ​ស បំផ្លាញ​ដំណាំ​ដំឡូង​មី​ដោយផ្ទាល់​និង​ដោយ​ប្រយោល​។ ការបំផ្លាញ​ដោយផ្ទាល់ គឺ​វា​បឺត​ជញ្ជក់​យក​រុក្ខរ​សមក​ចិញ្ចឹមជីវិត ដែល​បណ្ដាល​ឲ្យ​ស្លឹក​ដំឡូង​មី​ឡើង​រួញ​ស្លោក​និង​ជ្រុះ​ស្លឹក​។ នៅពេល​ចំនួន​ប្រជាករ​រុយ​មាន​កម្រិត​ខ្ពស់ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ទិន្នផល​ដំឡូង​មី​។ ចំពោះ​ការបំផ្លាញ​ដោយ​ប្រយោល គឺ​វា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​ម៉ូ​សា​អ៊ិ​ច​លើ​ដំណាំ​ដំឡូង​មី​។ ស្វែងយល់​ពី​សត្វ​រុយ​ស​និង​វិធានការ​គ្រប់គ្រង​វា នៅ​ខាងក្រោម​នេះ​៖



ពងរុយ​ស មាន​រាង​ជា​ពងក្រពើ​ពណ៌​លឿង​និង​មាន​ប្រវែង ០,២​ម​ម​។ ពេល​សត្វ​រុយ​ស ពេញវ័យ​ខ្លួន​គ្របដណ្ដប់​ដោយ​ម្សៅ​ពណ៌​សរ​លោង មាន​ប្រវែង​ប្រហែល ១​ម​ម ហើយ​រុយ​ឈ្មោល​មាន​ប្រវែង​ខ្លី​ជាង​រុយ​ញី​បន្តិច​។ សត្វ​រុយ​ញី​ពង​នៅ​ផ្នែក​ក្រោម​នៃ​ស្លឹក​។ ពងរុយ​នឹង​ញាស់​បន្ទប់​ពី​៧-១៤​ថ្ងៃ​។ សត្វ​ពេញវ័យ ញី មាន​អាយុប្រមាណ​២​សប្ដាហ៍ ដែល​ក្នុង​មួយ​វដ្ដ​ជីវិត​របស់​វា វា​អា​ចពង​បាន​ពី​ចំនួន​៦៦-៣០០​ពង​។ សត្វ​រុយ​ពេញវ័យ សកម្ម​ក្នុងការ​បឺត​ជញ្ជក់​យក​រុក្ខ​រសនៅ​ពេលព្រឹក និង​រួមភេទ​នៅពេល​រសៀល​។​

​ដើម្បី​គ្រប់គ្រង​រុយ​ស លើ​ដំណាំ​ដំឡូង​មី កសិករ​ត្រូវ​សម្អាត​ស្មៅ​ដែលជា​ជម្រក​រុយ​សទាំង​ក្នុង​ចម្ការ និង​បរិវេណ​ជុំវិញ​ចម្ការ ហើយក៏​ត្រូវ​ឆ្លា​ស់មុខ​ដំណាំ ដោយ​ដាំ​ឆ្លាស់​រវាង​ដំឡូង​មី និង​ដំណាំ​ផ្សេងទៀត ដូចជា​ពពួក​សណ្ដែក ពោត ហើយ​កសិករ​ត្រូវ​រក្សា​ដី​ទុក​ទំនេរ​មួយរយៈ ដើម្បី​ផ្ដាច់​វដ្ត​ជីវិត​រុយ​ស​។

​កសិករ​គួរប្រើ​ល្បាយ​ទឹកសាប៊ូ ដែលមាន​សាប៊ូ ៤​ស្លាបព្រា លាយ​ប្រេងឆា​៨​ស្លាបព្រា និង​ទឹក​ចំនួន ១០​លីត្រ ត្រូវ​បាញ់​នៅពេល​ព្រឹក ឬ​ល្ងាច​។ កសិករ​ត្រូវ​ត្រាំ​ពូជ​ដំឡូង​មី​ក្នុង​ទឹក​ថ្នាំ​ទី​យ៉ា​មេ​ថូ​សាំ (Thiamethoxam) ១​កញ្ចប់ ដែលមាន​៤​ក្រាម លាយ​ជាមួយ​ទឹក ៨​លីត្រ ទុក​រយៈពេល​១០-១៥​នាទី​មុនពេល​ដាំ​។​

​ក្នុងនោះ​ដែល​កសិករ​ក៏ត្រូវ​បាញ់ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ (​ផ្សំ​ពី​ទៀប ២​គីឡូក្រាម ស្លឹក​ប្រេងខ្យល់ ២​គីឡូក្រាម បុក​ឲ្យ​ម៉ដ្ឋ​ច្របល់​ជាមួយ​ទឹក ១០​លីត្រ រួច​ច្រោះ​ឲ្យ​ស្អាត ហើយ​បាញ់​កន្លែង​ដែល​កើត​រុយ​ស​)​។ ក្នុងករណី​ត្រូវ​បាញ់ថ្នាំ​កសិកម្ម កសិករ​ត្រូវ​ជ្រើសរើស​ថ្នាំ​កសិកម្ម​ណា​ដែលមាន​បញ្ជី​ការត្រឹមត្រូវ​៕
 
(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​ឯកសារ​ដែល​រៀបចំ​ដោយ នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូត​គា​អនាម័យ ក្រោម​ជំនួយ​បច្ចេកទេស​ពី​គម្រោង​បង្កើន​សមត្ថភាព​គ្រប់គ្រង​ការ​រាតត្បាត​នៃ ជំងឺ​ម៉ូ​សា​អ៊ិ​ច​លើ​ដំណាំ​ដំឡូង​មី គាំទ្រ​មូលនិធិ​ដោយ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​)

© រក្សាសិទ្ធិដោយ thmeythmey.com