កីឡាអន្តរជាតិ
អន្តរជាតិ
Spurs កំពុង​ទាក់ទង Mourinho ស្របពេល Allegri ត្រៀម​ចូល Man Utd
17, Oct 2019 , 9:56 am        
រូបភាព
Tottenham Hotspur ត្រូវបាន​រាយការណ៍​ថា បាន​ទាក់ទង​ទៅ​លោក Jose Mourinho ដើម្បី​សួរនាំ​ពី​លទ្ធភាព​ក្នុងការ​ស្នង​តំណែង​អ្នកចាត់ការ​ទូទៅ​បច្ចុប្បន្ន​លោក Mauricio Pochettino​។ Manchester United ដែល​យ៉ាប់យ៉ឺន​ខ្លាំង​រដូវ​កាល​នេះ ក៏មាន​បំណង​ចង់​ប្តូរ​គ្រូ​ចេញ​ផងដែរ ដោយ​លោក Massimiliano Allegri មាន​ភាគរយ​ខ្ពស់​ជាងគេ​។​



​ឆ្លងកាត់​ការប្រកួត​៨​លើក​ក្នុង​ក្របខណ្ឌ Premier League ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​រក​បានតែ​១១​ពិន្ទុ​ប៉ុណ្ណោះ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩ ក្នុងនោះ​ចាញ់​៣ ឈ្នះ​៣ និង​ស្មើ​២​លើក​។ មិន​ត្រឹមតែ​ធ្វើ​មិន​បានល្អ​ក្នុង​លី​គ​នោះទេ Spurs ថែមទាំង​ទទួលបាន​កំណត់ត្រា​អាក្រក់​មិន​ធ្លាប់មាន​ផងដែរ ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Bayern Munich ដល់​ទៅ ៧-២ នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ពានរង្វាន់ Champions League​។​

​ស្របពេល Spurs ធ្លាក់​ទម្រង់​លេង​គួរ​ឲ្យ​កត់សម្គាល់​បែបនេះ ហើយ​លោក Mauricio Pochettino ក៏បាន​បង្ហាញ​ការមិនសប្បាយចិត្ត​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​កីឡាករ​កន្លងមក​ផង​នោះ បានធ្វើ​ឲ្យ​ក្លិប​និង​អ្នកចាត់ការ​រូបនេះ​ស្ថិតក្នុង​ជំហរ​មួយ​ផ្សេងគ្នា​។​

​លោក Mourinho ដែល​អត់​ការងារ​ធ្វើ​ចាប់តាំងពី​លោក​ត្រូវ Man Utd បញ្ចប់​តំណែង​កាលពី​ខែធ្នូ ឆ្នាំមុន ត្រូវបាន​គេ​ជឿជាក់ថា​នឹង​អាចមក​ជំនួស​តំណែង​លោក Pochettino វិញ​។ ក្រុម​រងជើង​ឯក​ក្របខណ្ឌ​អឺ​រុ​ប​រដូវ​កាល​មុន​មួយ​នេះ បាន​ទាក់ទង​ទៅ​អតីត​អ្នកចាត់ការ Chelsea ចំ​ពេលដែល​អ្នកចាត់កា​រ​សញ្ជាតិ​អា​ហ្ស​ង់​ទីន កំពុងមាន​ភាពស្រពេចស្រពិល ចំពោះ​តំណែង​អ្នកចាត់ការ​ទូទៅ​របស់​លោក​ដូចគ្នា​។​

​យ៉ាងណាក៏ដោយ មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​ថា​លោក Pochettino ត្រូវ​ប្រឈម​នឹង​ការបញ្ចប់​តំណែង​ពី​សំណាក់ Spurs ឡើយ ខណៈដែល​លោក Mourinho ក៏​មិនទាន់​បង្ហាញ​ការ​អារម្មណ៍​សម្រាប់​តំណែង​នេះ​ដូចគ្នា​។​

​ដោយឡែក​ក្រុម​បិសាច​ក្រហម​បច្ចុប្បន្ន​ក៏មាន​ស្ថាន​ភាពមិន​ខុសពី Spurs ដែរ​។ ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ យ៉ាប់​ជាង Spurs ទៅទៀត​ដោយ​រក​បានតែ​៩​ពិន្ទុ​ប៉ុណ្ណោះ ក្នុងការ​បង្ហាញខ្លួន​៨​លើកចុងក្រោយ​រដូវ​កាល​នេះ ឈរ​នៅ​លេខ​រៀង​ទី​១២​។​

​តាមរយៈ​ការចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​នេះហើយ ជាហេតុ​ធ្វើ​ឲ្យ Man Utd ត្រូវ​សម្លឹងមើល​អ្នកថ្មី ដើម្បី​ស្តា​ស្ថាន​ការ​ក្រុម​ឡើងវិញ​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អង់គ្លេស​ជាច្រើន​អះអាងថា​អតីត​គ្រូ Juventus លោក Massimiliano Allegri ជិត​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងការ​ជំនួស​កៅអី​លោក Solskjaer ហើយ​។​

DailyMail ដែល​ស្រង់​ព័ត៌មាន​របស់ Tuttosport អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៥២​ឆ្នាំ​ដែល​កំពុង​ទំនេរ​ពី​ការងារ​ដែរនោះ នឹង​ទទួលបាន​ថ្លៃ​ពលកម្ម​ចំនួន ៨,២៨​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ក្នុងនាម​ជា​អ្នកចាត់ការ​របស់ Man Utd នេះ​៕

Tag:
 Tottenham Hotspur
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com