កីឡាជាតិ
ជាតិ
​ត្រូវមាន​វប្បធម៌​សន្ទនា​រវាង FFC និង​ក្រុម​អ្នកគាំទ្រ Ultras ដើម្បី​បាល់ទាត់​ខ្មែរ​!
17, Oct 2019 , 3:12 pm        
រូបភាព
ដោយ:
​ទឹកចិត្ត សម្ភារ និង​បដា ត្រូវ​បានរៀបចំ​រួចជាស្រេច​ដើម្បី​គាំទ្រ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នា​ព្រឹត្តិការណ៍​អន្តរជាតិ​។ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ Ultras ទទួលបាន​នូវ​ការខកចិត្ត​ត្រឡប់មកវិញ ដោយសារតែ​ការរារាំង​ពី​សំណាក់​កងកម្លាំង​ដែល​ប្រចាំការ​នៅ​ពហុ​កីឡដ្ឋាន​។ រឿងរ៉ាវ​ដែល​បានកើត​កាលពី​យប់​នា​ជំនួប​រវាង​កម្ពុជា​-​អ៊ីរ៉ាក់​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ World Cup 2022 ក៏​មិនមែនជា​ករណី​ថ្មី​នោះដែរ​ដែល​សមត្ថកិច្ច ប្រើ​ភ្លើង​ក្រហម​ដាក់​ក្រុម​អ្នកគាំទ្រ​ចំពោះ​សកម្មភាព​របស់​ពួកគេ​នា​អំឡុង​ការប្រកួត​។ ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ តំណាង​ក្រុម​អ្នកគាំទ្រ ក៏ដូចជា​មន្ត្រី​សហព័ន្ធ សុទ្ធតែ​ចង់ឃើញ​ដំណោះស្រាយ​ដើម្បី​បាល់ទាត់​ជាតិ​។​

 
«​ក្រុម​អ្នកគាំទ្រ​គួរតែ​មក​ពិភាក្សា​ជាម​ន្ត្រី​ទីផ្សារ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​»​។ នេះ​ជាការ​ស្នើ​របស់លោក កែវ សារ៉េត អគ្គលេខាធិការ FFC ក្រោយ​ករណី​រុះរើ​បដា​របស់​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ដែល​ប្រើ​រហស្សនាម​ថា Ultras Cambodia, ក្រុម​កងទ័ព​អង្គរ (Angkor Army) ក៏ដូចជា​ក្រុម​ដែល​ប្រើប្រាស់​ភាសា​ចិន នា​អំឡុង​នៃ​ជំនួប​ដែល​កម្ពុជា​បាន​ចាញ់​អ៊ីរ៉ាក់ ៤-០ នា​ការប្រកួត​លើក​ទី​៤​របស់ខ្លួន​នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ពូ​ល C នៃ​ពានរង្វាន់ FIFA World Cup 2022​។​
 
​បើតាម​ការ​ស្រាយ​បំភ្លឺ​របស់ FFC នា​រាត្រី​នៃ​ថ្ងៃកើតហេតុ​ដដែល​នោះ ស្នងការ​ប្រកួត​របស់​សហព័ន្ធ មិន​អនុញ្ញាតអោយ​មាន​បដា​ផ្សេងៗ​ជៀសវាង​ករណី​នយោបាយ ដោយ​ក្នុងនោះ​រាល់​បដា​ទាំងអស់​នឹងត្រូវ​កំណត់​រុះរើ​ទាំងអស់​។​
 
«​ដោយបាន​ដឹង​ពី​ករណី​ខាងលើនេះ មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ទៅ​ពន្យល់​ពី​ខ្លឹមសារ​នៅក្នុង​បដា​របស់​ក្រុម​អ្នកគាំទ្រ​ទៅកាន់​ស្នងការ​ប្រកួត​ដែល​មកពី FIFA​។ ស្នងការ FIFA ក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បដា​ដែលមាន​ខ្លឹមសារ គាំទ្រ​ក្រុម​ឡើងវិញ​»​។ 
 
 
 
FFC បាន​សម្តែង​ការសោកស្តាយ និង​ចាត់ទុក​ករណីនេះ ជាការ​ភាន់ច្រឡំ​។ «​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ក្រុម​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា មានដូចជា​ក្រុម Ultras Cambodia ក្រុម Angkor Army ក្រុម​អ្នកគាំទ្រ​ផ្សេងៗ និង​បងប្អូន​ទាំងអស់​ដែលមាន​ឆ​ន្ទះ​មោះមុត គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​» ។ នេះ​បើតាម​ការបញ្ជាក់​របស់ FFC​។​
 
 
​តំណាង​ក្រុម​អ្នកគាំទ្រ Ultras Cambodia បាន​អះអាងថា នេះ​មិនមែនជា​លើកទីមួយ​នោះឡើយ​សម្រាប់​ពួកគេ​។ ពួកគេ​ពិតជា​ចង់​ជួប​តំណាង​សហព័ន្ធ​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ដាច់ស្រេច ជៀសវាង​បញ្ហា​នៅ​ថ្ងៃក្រោយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ លោក ប៊ុត ផល​ត្រា​វិទ្យា សមាជិក​ម្នាក់​របស់ Ultras Cambodia បាន​និយាយថា​៖ «​ពួក​ខ្ញុំ​មិន​ចង់បាន​អ្វី​ច្រើន​នោះទេ គ្រាន់តែ​ចង់​ឲ្យ​សហព័ន្ធ​បើកទូលាយ​ឲ្យ​ពួក​ខ្ញុំ​អាច​ចូលរួម​គាំទ្រ​ឲ្យ​អស់ពី​ចិត្ត ព្រោះ​រៀងរាល់​ការប្រកួត​មិនមែន​តែម្តង​នឹង​នោះទេ គឺ​តែងតែមាន​បញ្ហា​គ្រាន់តែ​ស្រាល​ជាង​នេះ​។ ខ្ញុំ​ចង់​ឲ្យ​សហព័ន្ធ​ចំណាយពេល​បន្តិច​មក​ពិភាក្សា​ជាមួយ​ពួក​ខ្ញុំ ថា​តើ​គួរ​ធ្វើ​ដូចម្តេច​បន្តទៀត ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​ម្តងទៀត​»​។ 
 
​ទោះបី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិនទាន់​បង្កើត​ឲ្យ​មាន​គណៈកម្មការ ដើម្បី​ពិភាក្សា​ជាមួយ​អ្នកគាំទ្រ​ក៏ដោយ ក៏​លោក កែវ សារ៉េត បាន​បញ្ជាក់ថា អ្នកគាំទ្រ ដែល​ចង់​លើក​បដា​ជា​រូបភាព ឬ​ពាក្យស្លោក​ផ្សេងៗ​ក្នុងអំឡុងពេល​គាំទ្រ​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ អាចមក​ពិភាក្សា​ជាមួយ​មន្ត្រី​ទីផ្សារ​របស់​សហព័ន្ធ​។ 


 
«​តាម​ធម្មតា​យើង​ត្រូវមាន​សមាគម​អ្នកគាំទ្រ ដែល​ប្រៀប​បានជា​ភាគី​ពាក់ព័ន្ធ​របស់​សហព័ន្ធ ហើយ​យើង​ត្រូវ​ធ្វើការ​ជាមួយគ្នា បើ​មាន​បញ្ជា​ហាមឃាត់​ផ្សេងៗ យើង​ផ្តល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ខាង​លោកគ្រូ (​សហព័ន្ធ​) មាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង ដែល​ធ្វើ​ធ្លាប់ធ្វើ​ការពាក់ព័ន្ធ​បញ្ហា​នេះ ទោះបី​យើង​មិនទាន់បាន​បង្កើត​គណៈកម្មកា​រ​សម្រាប់​អ្នកគាំទ្រ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ សារ៉េត​។ 
 
​សម្រាប់​លោក កែវ សារ៉េត បដា​គាំទ្រ​មានន័យ​ល្អ និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​មិន​ត្រូវបាន​ហាមឃាត់​នោះទេ តែបើ​បដា​មានន័យ​មិនល្អ និង​ក្នុងន័យ​គាំទ្រ​សកម្មភាព​នយោបាយ​មិន​អនុញ្ញាត ឲ្យ​តាំង ឬ​លើក​បង្ហាញ​ក្នុងការ​ប្រកួត​ផ្លូវការ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​នោះទេ​។ 
 
​ទន្ទឹមនឹងនេះ លោក​បាន​ឆ្លៀត​លើកឡើង​ពី​ផល​លំបាក​ក្នុង​ការជួប​ជាមួយ​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​យ៉ាង​ដូច្នេះ​ថា​៖«​កាលណា​យើង​ជា​អ្នកគាំទ្រ​ធម្មតា យើង​ពិបាក​ក្នុងការ​ទាក់ទង​ជាមួយ​ពួកគាត់​ណាស់ ហើយ​បើ​ទាក់ទង​បាន ក៏​យើង​ពិបាក​ចូលទៅ​និយាយ​ជាមួយ​គាត់​ដែរ ព្រោះ​មុន​ចូល​ទៅដល់​កន្លែង​គាត់​ត្រូវ​ចែកជា​ច្រើន​ដំណាក់​។ ដូច្នេះ​បើ​យើង​ចូល​តែឯង យើង​ម៉េច​ហ៊ាន​ចូល​»​។​


 
​ទោះបី​ជួប​បញ្ហា​បែបនេះ​ក៏ដោយ លោក ប៊ុត ផល​ត្រា​វិទ្យា បាន​បញ្ជាក់ថា ក្រុម​អ្នកគាំទ្រ Ultra Cambodia នឹង​នៅតែ​បន្ត​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជានិច្ច​។ ក្រុម​អ្នកគាំទ្រ​នេះ បាន​បង្កើតឡើង​ប្រមាណ​ពីរ​ឆ្នាំ​ហើយ ដោយ​បច្ចុប្បន្ន​មាន​សមាជិក​ប្រមាណ​ជាង​៥០​នាក់​។ បច្ចុប្បន្ន Ultras Cambodia មាន​បី​ក្រុម គឺ Ultras Cambodia គាំទ្រ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​, ក្រសួងការពារជាតិ និង​សូល​ទី​ឡូ​អង្គរ​៕  

Tag:
 បាល់ទាត់​
  កែវ សារ៉េត​
  World Cup
  ប៊ុត ផល​ត្រា​វិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com