កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ កម្ពុជាបញ្ជូនអត្តពលិកហែលទឹក ៨រូប ទៅហ្វីលីពីន តែគ្មានកីឡាការិនីឆ្នើម វិទិនី
× ក្នុងវិញ្ញាសាហែលទឹក កម្ពុជាបានសម្រេចបញ្ជូនអត្តពលិកចំនួន៨រូប ក្នុងនោះកីឡាការិនី៤រូប និងកីឡាករ៤រូប ដើម្បីទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ (SEA Games Philippines 2019)។ ក្នុងចំណោមអត្តពលិកទាំង៨រូប កីឡាការិនីល្បីឈ្មោះរបស់កម្ពុជា ហែម ថុនវិទិនី មិនស្ថិតក្នុងបញ្ជីឈ្មោះឡើយ។
បើតាមការប្រកាសតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) ក្រៅពីអត្តពលិក៨រូប ក៏មានគ្រូបង្វឹកពីររូបផងដែរ ក្នុងនោះរួមមានលោកគ្រូ ហែម ថុនពន្លឺ និងលោក ចេង ពិរោទ។
អត្តពលិកទាំង៨រូប រួមមាន កីឡាករ លឹម កែវឧត្តម, អ៊ុង លីហេង ,ហែម ប៉ុច និងឌឿន រ៉ាត់ធីឌុន។ ចំណែកកីឡាការិនីមាន សុខ វរល័ក្ខណ ,កាំង មុយនីន ,ឃីន ប៊ុនពេជ្រមរកត និង ឆោម ស្រីវល្ល័ក្ខណ៍។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងចំណោមកីឡាការិនី៤រូបរបស់កម្ពុជា ដែលត្រូវបញ្ជូនទៅស៊ីហ្គេមលើកនេះ មិនមានឈ្មោះកីឡាការិនីហែលទឹកឆ្នើម ហែម ថុនវិទិនី ឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយថា ហែម ថុនវិទិនី បានសុំលាលែងពីក្រុមជម្រើជាតិហែលទឹកនេះ តាំងពីដើមខែតុលានេះម្ល៉េះ ពោលគឺក្រោយបញ្ចប់ការប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងត្បូង ដោយសារនាងមានបញ្ហាសុខភាព។
បើតាមលោក គីរី កីឡាការិនី វិទីនី មានជំងឺដុះសាច់ច្រមុះធ្ងន់ធ្ងរ ហើយអាចឈានដល់ប៉ះពាល់ប្រ័ន្ធប្រសាទផង ដែលតម្រូវឲ្យទទួលការព្យាបាលរយៈពេលវែង។ យ៉ាងណាក៏ដោយ នៅពេលធូរស្រាលពីជំងឺ វិទិនីនឹងត្រឡប់ចូលជួយជម្រើសជាតិវិញ។
ស្របពេល អត្តពលិកឆ្នើមវិទិនីគ្មានវត្តមានក្នុងព្រឹត្តិការកីឡាតំបន់អាស៊ានដែលធ្វើនៅហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់១១ ធ្នូ ឆ្នាំ២០១៩ នេះ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកខាងលើបានដាក់ការទុកចិត្តលើកីឡាការីនីម្នាក់ទៀតគឺសុខ វរល័ក្ខណ។ លោក គីរី អះអាងថា វរល័ក្ខណ ដែលមានបទពិសោធន៍ក្នុងការប្រកួត SEA Games ដែរនោះ ក៏មានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយវិទិនីដែរ៕
Tag:
កីឡាហែលទឹក
SEA Games
ហែម ថុនវិទិនី
© រក្សាសិទ្ធិដោយ thmeythmey.com