អន្តរជាតិ
វ៉េ​ណេ​ស៊ុយ​អេ​ឡា ជាប់ឆ្នោត​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ទោះ​រង​ការរិះគន់​
18, Oct 2019 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza ។ រូបភាព AFP
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza ។ រូបភាព AFP
ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃទី​១៧ ខែតុលា វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទទួលបាន​កៅអី​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (UNHRC) ។ ការជាប់ឆ្នោត​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា រង​ប្រតិកម្ម​ខ្លាំង ព្រោះ​ប្រទេស​នេះ​រង​ការរិះគន់​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស និង​ប្រទេស​អាមេរិក​ឡាទីន​មួយចំនួន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង ដែល​គ្មាន​ភាពល្អប្រសើរ​អ្វី​នោះ​។​



​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​សមាជិក​ថ្មី​មួយ​ក្នុងចំណោម​សមាជិក​ថ្មី​ចំនួន​១៤​ប្រទេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ ក្រុមប្រឹក្សា​មួយ​នេះ​មាន​សមាជិក​៤៧​ប្រទេស​មាន​ក្នុង​មូលដ្ឋាន​ទីក្រុង​ហ្សឺ​ណែវ​។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស មាន​តួនាទី​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក​។ សមាជិក​នីមួយៗ ត្រូវបាន​ជ្រើសរើស​ដោយ​ការបោះឆ្នោត​និង​មាន​អាណត្តិ​៣​ឆ្នាំ​។​

​នា​កិច្ចប្រជុំ​ថ្ងៃទី​១៧ ខែតុលា កៅអី​សមាជិក​ចំនួន​ពីរ​ក្នុងចំណោម​៨ ដែល​រក្សាទុក​សម្រាប់រ​ដ្ឋ​មកពី​តំបន់​ឡាទីន ត្រូវបាន​ដាក់​ឲ្យ​បោះឆ្នោត​។ ជា​ចុងក្រោយ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បង្ហាញថា ប្រេ​ស៊ី​ល​ទទួលបាន​១៥៣​សំឡេង វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទទួលបាន​១០៥​សំឡេង និង Costa Rica ទទួលបាន​៩៦​សំឡេង​។ ដូចនេះ ប្រេ​ស៊ី​ល និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​អ្នក​បំពេញ​កៅអី​ទាំងពីរ​។​

​ការជាប់ឆ្នោត​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវបាន​មើលឃើញថា ជា​រឿង​មិន​សមរម្យ​។ មិន​សមរម្យ​ត្រង់​ថា  រដ្ឋាភិបាល​ឆ្វេងនិយម​របស់​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ធ្លាប់បាន​ចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​ដាក់គុក និង​ត្រូវបាន​គេ​ចោទប្រកាន់ថា​ធ្លាប់ប្រើ​អំពើហិង្សា​និង​ការបំពាន​លើ​មនុស្ស​មួយចំនួន​។ បច្ចុប្បន្ន រដ្ឋាភិបាល​មួយ​នេះ​កំពុង​ជួប​ការពិបាក​ក្នុងការ​កាន់អំណាច ខណៈ​ដែរ​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ដួលរលំ​ទៅហើយនោះ​។

​លោក Philippe Bolopion ជា​សមាជិក​មួយរូប​ក្នុង ក្រុម​ឃ្លាំមើល​សិទ្ធមនុស្ស​បាន​និយាយថា វា​គឺជា​រឿង​ដែល​សោកស្តាយ​ដែល​មើលឃើញ​សមាជិក​ដែល​គ្មាន​គុណសម្បត្តិ​គ្រប់គ្រាន់​បានជា​ប់​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ លោក និយាយ​បែបនេះ​ចង់​សំដៅលើ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ត្រូវបាន​ប្រទេស​ជាង​៥០​ទៀត​ចោទប្រកាន់ថា​បាន​រំលោភ​សិទ្ធិមនុស្ស​។​
​ទន្ទឹមនឹង​នោះដែរ​សក​ម្ម​ជន​ឃ្លាំមើល​សិទ្ធមនុស្ស បាន​និយាយថា​« ការបោះឆ្នោត​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រៀបដូចជា​ការបោះឆ្នោត សំរាប់​អំពើហិង្សា និង​ការសម្លាប់ ដែល​នេះ​ជា​បាន​ក្លាយជា​អត្តសញ្ញាណ​របស់​រដ្ឋាភិបាល​លោក​ម៉ា​ឌុយ​រ៉ូ​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ៕

© រក្សាសិទ្ធិដោយ thmeythmey.com