កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង រំពឹងសូហ្វតិន្នីសដណ្តើមបានមេដាយណាមួយពីស៊ីហ្គេមនៅហ្វីលីពីន លោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
× អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង រំពឹងកីឡាករកីឡាការិនីខ្លួនទាំង៦រូប ទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ ការដាក់ក្តីរំពឹងបែបនេះ ធ្វើឡើងក្រោយ លោក មើលឃើញពីការរីកចម្រើនផ្នែកបច្ចេកទេស ក៏ដូចជាសមត្ថភាពរបស់កីឡាករនាពេលបច្ចុប្បន្ន។ លោក បានអះអាងថា ក្នុងតំបន់អាស៊ានមានតែថៃ និងឥណ្ឌូណេស៊ីទេ ដែលមានសមត្ថភាពខ្ពស់ខ្ពស់ជាងកម្ពុជា។
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចម្រាញ់កីឡាករខ្លួនរួចរាល់ហើយ ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។ កីឡាករ កាន់ សោភ័ណ្ឌ, អន សម្បត្តិ, ឌឹម សំសម្បត្តិ, ចន ម៉ាដា, យី គាវីរៈ, ប៉ិល វណ្ណី, កីឡាការិនី រិន សុធារី, ជិន ស្រីឡូយ និង ម៉េត ម៉ារីយ៉ាន ជាសមាសភាពដែលសហព័ន្ធនឹងបញ្ជូនទៅចូលរួមការប្រកួតនេះ។
ក្រោយឆ្លងកាត់ការហ្វឹកហាត់ពង្រឹងសមត្ថភាពមួយរយៈនៅប្រទេសជប៉ុន បានធ្វើឲ្យ លោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាមានការជឿជាក់ខ្ពស់ថា នឹងទទួលបានលទ្ធផលល្អនៅស៊ីហ្គេមឆ្នាំនេះ។ លោកបង្ហាញការជឿជាក់យ៉ាងដូច្នេះថា៖«កម្ពុជាយើងក៏ជាក្រុមខ្លាំងមួយនៅតំបន់អាស៊ានដែរ ខ្ញុំជឿជាក់ថា នៅក្នុងការប្រកួតកីឡាស៊ីហ្គេមនាដើមខែធ្នូ ខាងមុខ ក្រុមសូហ្វតិន្នីសយើង នឹងអាចដណ្តើមបានមេដាយណាមួយពីការប្រកួតនេះ។ យើងសង្ឃឹមខ្លាំងបំផុតលើវិញ្ញាសាក្រុមបុរស»។
សម្រាប់លោក ជា ប៊ុនហេង ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីមួយចំនួនសុទ្ធតែចង់ជួប និងញញើតសមត្ថភាពកម្ពុជា។ «សូម្បីហ្វីលីពីនដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំនេះ ក៏ញញើតកម្ពុជាយើងដែរ។ តែយ៉ាងណាខ្ញុំចង់ឲ្យយើងសម្រួចឆន្ទៈ ស្មារតី ខំហ្វឹកហាត់ទ្វេដង ដើម្បីដណ្តើមយកមេដាយ ព្រោះអាទ្រឹស្តីថាខំ អ្នកណាក៏អាចនិយាយបានដែរ ប៉ុន្តែមែនទែនយើងត្រូវស្មោះត្រង់និងខំខ្លួនឯង កុំទាល់តែគ្រូមើល គ្រូប្រាប់បានខំឲ្យសោះ»។ នេះជាការលើកឡើងរបស់លោក ជា ប៊ុនហេង។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕
Tag:
សូហ្វតិន្នីស
ជា ប៊ុនហេង
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com