ជាតិ
២៥ខេត្ត/រាជធានី
ហេតុអ្វី​បានជា​កសិករ​ខ្មែរ​ចូលរួម​វិនិយោគ​លើ​វិស័យ​កសិកម្ម មាន​កម្រិត​ទាប​?
19, Oct 2019 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ កសិករ​ខ្មែរ​ទូទៅ ប្រកប​របរ​ដាំ​ដុះ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ខ្នាតតូច​ប៉ុណ្ណោះ​។ ការដាំដុះ​បែបនេះ ជាហេតុ​នាំ​ឲ្យ​កសិករ​មិនទាន់មាន​លទ្ធផល​គ្រប់គ្រាន់ ក្នុងការ​វិនិយោគ​លើ​វិស័យ​ក​សិ​ម្ម​។ នៅក្នុង​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨ កាលពី​ថ្ងៃទី​១៦ ខែតុលា​នេះ លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក បញ្ជាក់ថា កសិករ​ភាគច្រើន ជា​កសិករ​ដែល​ដាំ​ដុះ​ខ្នាតតូច (​មាន​ដីធ្លី​តូច​) និង​ការចូលរួម​របស់​កសិក​រ ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុង​ទំហំ​តូច​នៅឡើយ​។​



​ដើម្បី​ឲ្យ​កសិករ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម លោកស្រី តុង ចាន់​ធាង បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​កសិករ​ត្រូវ​ឈ្វេងយល់​និង​ដឹងថា​ទីផ្សារ​ត្រូវការ​អ្វី ដែលជា​ជំហាន​ចំបង​»​។ ជាមួយគ្នានេះ នាយិកា​អង្គការ​សេ​ដាក​រូបនេះ ក៏បាន​រំឭក​ដែរ​ថា ប្រសិនបើ​កសិករ​ចង់​ចូលទៅ​កាន់​ទីផ្សារ កសិករ​ត្រូវ​ផ្លាស់ប្ដូរ​ការគិត​ក្នុង​ការដាំដុះ​។
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក​ដូចតទៅ​៖



​បើតាម​លោកស្រី តុង ចាន់​ធាង ជា​ប្រពៃណី​កសិករ​ខ្មែរ​មិនសូវ​បាន​សិក្សា​ពី​ទីផ្សារ​នោះទេ កសិករ​តែងតែ​គិតថា រដូវ​ណា​ដាំ​បន្លែ​អ្វី​បាន នោះ​ពួកគាត់​ចាប់ផ្ដើម​ដាំ ដោយ​មិនបាន​ដឹងថា​ទីផ្សារ​ត្រូវការ​ប៉ុន្មាន និង​នៅពេលណា​។ ក្នុង​បទ​សម្ភាស​ជាមួយ ThmeyThmey25 លោកស្រី តុង ចាន់​ធាង គូសបញ្ជាក់ថា កសិករ​ត្រូវមាន​ផែន​ការដាំដុះ​ឲ្យ​បាន​ត្រឹមត្រូវ និង​គួរ​គិតពី​បញ្ហា​ទីផ្សារ​។

​នាយិកា​អង្គការ​សេ​ដាក​រូបនេះ អះអាងថា កសិករ​ខ្មែរ​ជួបប្រទះ​បញ្ហា​ប្រឈម​ដូចជា ខ្វះខាត​ប្រភពទឹក​ក្នុង​ការដាំដុះ​, ទុន និង​ទីផ្សារ​។ សម្រាប់​លោកស្រី តុង ចាន់​ធាង ទឹក​, ទុន និង​ទីផ្សារ ជា​កត្តា​សំខាន់​សម្រាប់​កសិករ​ក្នុងការ​ពង្រីក និង​ពង្រឹង​ការផលិត ដើម្បី​ឈានទៅ​ទីផ្សារ​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៦-១៧ តុលា​នេះ វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨ រៀបចំ​ដោយ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGOForum) និង​អង្គការ​អុក​ស្វា​ម រួមទាំង​អង្គការ​ដៃគូ​ជាច្រើន​ទៀត ក្រោម​ប្រធានបទ​៖«​លើកកម្ពស់​ការចូលរួម​ដៃគូ​ពហុភាគី ដើម្បី​ឲ្យ​កសិករ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​» ដែលមាន​តំណាង​សហគមន៍​, រដ្ឋាភិបាល​, វិស័យ​ឯកជន​, អង្គការ និង​កសិករ​ជិត ៣០០​នាក់ ចូលរួម​។ ក្នុង​វេទិកា​នេះ បាន​ជជែក​ពី​ការចូលរួម​របស់​ពហុ​ភាគី​ក្នុង​ក​សិ​ធុរៈកិច្ច ដើម្បី​ជួយ​កសិករ​មានលទ្ធភាព​ទទួលបាន​ទឹក​, ទុន និង​ទីផ្សារ សម្រាប់​កសិកម្ម​៕


Tag:
 កសិកម្ម​
  វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨
  កសិករ​
  អង្គការ​សេ​ដាក​
© រក្សាសិទ្ធិដោយ thmeythmey.com