អន្តរជាតិ
ទោះ​សភា​ឲ្យ​ពន្យារពេល​, រដ្ឋាភិបាល​អង់គ្លេស​នៅតែ​រំ​ពឺ​ង​ការចាកចេញ​ពី​អឺរ៉ុប​តាម​គម្រោង​
21, Oct 2019 , 11:51 am        
រូបភាព
​សភា​អង់គ្លេស កាលពី​ថ្ងៃទី​១៩ ខែតុលា បានអនុម័ត​សំណើ​មួយ​ដែល​ពន្យារពេល​អនុម័ត​កិច្ចព្រមព្រៀង​ចាកចេញ​រវាង​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន និង​សហភាព​អឺរ៉ុប​។ សភា​អង់គ្លេស ក៏​ទាមទារ​ឲ្យ​លោក ច​ន​សុន ស្នើ​ទៅ​អឺរ៉ុប​ឲ្យ​ពន្យារពេល​ចាកចេញ​ដែល​គ្រោង​នឹង​កើតឡើង​នៅ​ថ្ងៃទី​៣១ ខែតុលា​។ ដោយ​គ្មាន​ជម្រើស លោក ច​ន​សុន ក៏​សរសេរ​សំបុត្រ​ទៅ​អឺរ៉ុប​ដើម្បី​ស្នើ​ពន្យារពេល​ចាកចេញ តែ​មិនបាន​ចុះហត្ថលេខា​ឡើយ​។



​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន បាន​រង​បរាជ័យ​ជាថ្មី​នៅឯ​សភា បន្ទាប់ពី​សមាជិកសភា​នៅ​ថ្ងៃទី​១៩ ខែតុលា បោះឆ្នោត​លើ​សំណើ​មួយ​ដែល​បាន​ពន្យារពេល​ការបោះឆ្នោត​យល់ព្រម​លើ​កិច្ច​ព្រម​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ។ កិច្ចព្រមព្រៀង​នេះ ជា​លទ្ធផល​នៃ​ការចរចា​រវាង​រដ្ឋា​ភិ​បា​លោក ច​ន​សុន និង​សហភាព​អឺរ៉ុប ហើយ​ដែល​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​បានផ្ដល់​ភ្លើង​បៃតង​កាលពី​ថ្ងៃទី​១៧ ខែតុលា​។

​តាមច្បាប់​ដែល​សភា​ទើប​អនុម័ត​នាពេល​ថ្មី​នេះ លោក ច​ន​សុន ត្រូវ​ស្នើ​សហ​ភា​អឺរ៉ុប​លើក​ពេល​ចាកចេញ​ថ្ងៃទី​៣១ ខែតុលា ទៅកាន់​កាលបរិច្ឆេទ​ថ្មី​ដែល​អាចជា​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ។ ដោយ​មិនអាច​ជំទាស់​នឹង​ច្បាប់​បាន លោក ច​ន​សុន ក៏​ផ្ញើ​សំបុត្រ​មួយច្បាប់​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដើម្បី​ស្នើ​ពន្យារពេល​ចាកចេញ តែ​លោក​បាន​មិនបាន​ចុះហត្ថលេខា​ឡើយ ដើម្បី​បង្ហាញ​ឆន្ទៈ​មិន​យល់ព្រម​របស់ខ្លួន​។ នេះ​ក៏​ព្រោះតែ​លោក​ចង់​អូស​អង់គ្លេស​ចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា​។

​អម​សំបុត្រ​សុំ​ពន្យារ​ពេលដែល​មិនមាន​ចុះហត្ថលេខា លោក ច​ន​សុន ក៏​ផ្ញើ​សំបុត្រ​ពីរ​ច្បាប់​ទៀត​ឲ្យ​លោក ដូ​ណា​ល់ ទូ​ស ។ សំបុត្រ​មួយ គឺ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពន្យល់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថា រដ្ឋាភិបាល​គ្រាន់តែ​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ ហើយ​ក្នុង​សំបុត្រ​មួយទៀត លោក ច​ន​សុន ប្រាប់​មេដឹកនាំ​សហភាព​អឺរ៉ុប​ថា លោក​មិនបាន​ចង់បាន​ការពន្យារពេល​ចាកចេញ​ឡើយ​។ លោក​បញ្ជាក់​ច្បាស់ៗ​ថា ការពន្យារពេល​ណាមួយ នឹង​បំផ្លាញ​ផលប្រយោជន៍​អង់គ្លេស និង​អឺរ៉ុប​។​

​នៅ​ថ្ងៃទី​២០ ខែតុលា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៏​អះអាងថា អង់គ្លេស​នៅតែ​អាច​ចាកចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា​ដដែល​។ លោក Michael Gove រដ្ឋមន្ត្រី​ទទួលបន្ទុក​រៀបចំ​ផែនការ​ត្រៀម​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ប្រាប់​ទូរទស្សន៍ Sky News ថា រដ្ឋាភិបាល​មាន​មធ្យោបាយ និង​សមត្ថភាព​ដើម្បី​ការចាកចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា​។ និយាយ​ពី​សំបុត្រ​ទៅកាន់​អឺរ៉ុប​វិញ លោក Gove ការផ្ញើ​នេះ ធ្វើឡើង​ដោយសារ​សភា​តម្រូវ​ប៉ុណ្ណោះ​។​

​នៅឯ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​វិញ លោក ទូ​ស អះអាងថា លោក​បានទទួល​សំបុត្រ​របស់លោក ច​ន​សុន រួចហើយ ហើយនឹង​ជជែក​ជាមួយ​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​ឯទៀត​ពី​វិធានការ​បន្ទាប់​។ សម្រាប់​បញ្ហា​ចំពោះមុខ មេដឹកនាំ​អឺរ៉ុប​ទំនង​មិន​បដិសេធ​សំណើ​ទាំង​មិន​ចង់​របស់លោក ច​ន​សុន ឡើយ ព្រោះ​ហានិភ័យ​នៃ​ការចាកចេញ​របស់​អង់គ្លេស​ទាំង​គ្មាន​កិច្ចព្រមព្រៀង មាន​ភាគរយ​ខ្ពស់​ដែល​អាច​នាំ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ជួប​បញ្ហា​ធំ​៕

Tag:
 Brexit
  អង់គ្លេស​
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com