ជាតិ
សង្គមជាតិ
យុវជន​១​ពាន់​នាក់​នឹងចូលរួម​រើស​សំរាម​នៅ​ថ្ងៃបុណ្យ​អុំទូក​
22, Oct 2019 , 8:29 am        
រូបភាព
​​លោក នេត្រ ភក្ត្រា​ និង​ក្រុម​យុវជន​ក្រៀល​កម្ពុជា រួម​ទាំង​​សមាភាព​កញ្ញា​ឯក​ភព​ផែន​ដី​២០២០​ នៅ​ក្នុង​សន្និ​បាត«​បរិស្ថានដ៏​ធំប្រចាំឆ្នាំ២០១៩» កាលពីថ្ងៃទី​២០ ខែ​តុលា​ ឆ្នាំ២០១៩
​​លោក នេត្រ ភក្ត្រា​ និង​ក្រុម​យុវជន​ក្រៀល​កម្ពុជា រួម​ទាំង​​សមាភាព​កញ្ញា​ឯក​ភព​ផែន​ដី​២០២០​ នៅ​ក្នុង​សន្និ​បាត«​បរិស្ថានដ៏​ធំប្រចាំឆ្នាំ២០១៩» កាលពីថ្ងៃទី​២០ ខែ​តុលា​ ឆ្នាំ២០១៩
ដោយ:
​ភ្នំពេញ​៖ ក្រុមយុវជន​ស្ម័គ្រចិត្ត​ក្រៀល​កម្ពុជា​ចំនួន​១​ពាន់​នាក់ នឹង​រើស​សំរាម​នៅ​ជុំវិញ​បរិវេណ​ពិធីបុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅក្នុង​សន្និបាត និង​ពិព័រណ៍​បរិស្ថាន ដែល​ស្តីពី​«​បរិស្ថាន​ស្អាត កំណើន​ទេសចរណ៍​» កាលពី​ថ្ងៃទី​២០ ខែតុលា នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។



​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើកឡើងថា យុវជន​ទាំង​១​ពាន់​នាក់ នឹង​បំពេញ​បេសកម្ម​មួយ​នេះ ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាព​ពណ៌​បៃតង ដែលជា​ផ្នែក​មួយ​ផ្តល់​ផាសុកភាព​ដល់​ពលរដ្ឋ និង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​លេង​នៅ​កម្ពុជា​កាន់តែច្រើន​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងអស់​បង្កើន​ការផ្សព្វផ្សាយ ដាស់តឿន និង​អប់រំ​ឲ្យ​ពលរដ្ឋ​មាន​ស្មារតី​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ពលរដ្ឋ​ខ្លួនឯង ដែល​ចង់​រស់នៅ​ជាមួយ​បរិស្ថាន​បៃតង ដោយ​គ្មាន​សំរាម​ចោល​ពាសពេញ​ទឹក​-​ដី​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​សំរាម និង​កាកសំណល់​ផ្សេងៗ គឺជា​ក្តីកង្វល់​របស់​វិស័យ​ទេសចរណ៍​។ សំរាម​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​។ សូម​ប្រជាពលរដ្ឋ​ចាត់ទុក​ទីក្រុង​ទីប្រជុំជន និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​រស់នៅ កំពុងធ្វើការ និង​កំពុង​ធ្វើ​អាជីវកម្ម​ថា​ជា​ផ្ទះ​របស់​បងប្អូន​ដែល​ចាំបាច់​ត្រូវតែ​បោសសម្អាត​ជាប្រចាំ ដើម្បី​រក្សា​សោភ័ណភាព និង​លើកតម្កើង​សុខុមាលភាព​សាធារណៈ​»​។​

​សម្រាប់​លោក នេត្រ ភក្ត្រា ការចូលរួម​បោសសំអាត​បរិស្ថាន​រប​ស់​ក្រុមយុវជន អាចជា​គំរូ​មួយ​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​គ្រប់គ្រង​សំរាម​របស់​ខ្លួនឯង​។  លើសពីនេះ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស​ទាំងអស់ ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកផ្តល់​គំរូ​ភាព​ដល់​សិស្ស និង​កុមារ ដើម្បី​បណ្តុះ​ពួកគេ​ឲ្យ​ថែរក្សា​បរិស្ថាន និង​ចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ « កុមារ​ទទួល​បានការ​យល់ដឹង​ឆាប់រហ័ស កាលណា​ពួកគេ​យល់​ពី​បញ្ហា​នោះ​ហើយ ពួកគេ​នឹង​ក្លាយជា​ផ្នែក​មួយ​ដែល​គាំពារ​បរិស្ថាន​នៅ​សង្គម និង​ក្នុង​សហគមន៍​របស់ខ្លួន​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក នេត្រ ភក្ត្រា​។

​លោក នេត្រ ភ​ក្រា្ត បញ្ជាក់ថា កម្ពុជា​កំពុងមាន​ការរីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ ហើយ​តម្រូវការ​របស់​ពលរ​ដ្ឋ​ក៏​កាន់តែច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​មាននូវ​ការប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​ខ្លាំង​ឡើង​។ បញ្ហា​នេះ​ក្រសួងបរិស្ថាន​កំពុងតែ​គិតគូរ​និង​រក​ដំណោះស្រាយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កំណើន​ការប្រើប្រាស់​ប្លា​ស្ទិ​ក​មានការ​ថមថយ​។

​បើតាម​អ្នកនាំពាក្យ​រូបនេះ ពលរដ្ឋ​ម្នាក់​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពី​៤០ ទៅ​៥២​ថង់​ក្នុង​មួយ​សប្តាហ៍​។ តួលេខ​នេះ អាច​ប៉ាន់ប្រមាណ​ថា សំណល់​ប្លា​ស្ទិ​ក​ដែល​គេ​ប្រមូលបាន តាមរយៈ​បោសសំអាត​តាមផ្លូវ​ក្នុង​ខេត្ត​ចំនួន​៣ ក្នុងនោះ​រាជធានី​ភ្នំពេញ​១៧,៣​ភាគរយ ខេត្តសៀមរាប ២០,៧​ភាគរយ និង​៣៤​ភាគរយ ក្នុង​ខេត្ត​ព្រះសីហនុ​។ 
​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​ក្នុង​មួយថ្ងៃ​មាន​សំរាម​ប្រមាណ​១​ម៉ឺន​តោន​។ បើ​គិត​ជា​ចំនួន​មួយឆ្នាំ​វិញ មាន​ប្រមាណ​៤​លាន​តោន​។ ខេត្ត​ដែល​មមាញឹក​នឹង​ការប្រមូល​សំរាម​ច្រើនជាងគេ​ក្នុង​មួយថ្ងៃ គឺ​រាជធានី​ភ្នំពេញ​ប្រមាណ​៣០០០​តោន ខេត្ត​ព្រះសីហនុ​៧០០​តោន និង​ខេត្តសៀមរាប​៤០០​តោន​៕


Tag:
 យុវជន​
 ​សំរាម​
 ​បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com