អន្តរជាតិ
កូរ៉េខាងត្បូង នឹង​បង្កើន​ថវិកា​ដើម្បី​ទិញ​គ្រឿង​សព្វាវុធ​បន្ថែម​
23, Oct 2019 , 3:39 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បាន​ថ្លែងថា ទីក្រុង​សេ​អ៊ូ​ល នឹង​បង្កើន​ថវិកា​សំរាប់​ទិញ​សព្វាវុធ​ដើម្បី​ការពារ​ខ្លួន និង​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចារ​វិញ​។ ការលើកឡើង​របស់លោក មូ​ន បានធ្វើ​ឡើង​ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ស្តីពី​ថវិកាជាតិ​នៅ​ថ្ងៃទី​២២ ខែតុលា​។  ដែល​ការណ៍​នេះ​អាចធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក​មិន​ខាន​។​



​ចំពោះមុខ​សមាជិកសភា​កូរ៉េខាងត្បូង លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានប្រកាស​បង្កើន​ថវិកា​ចំនួន​៧​ភាគរយ​ទៀត​ដែល​ស្មើនឹង​៤២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ដែល​នឹងត្រូវ​ក្នុង​ការទិញ​សព្វាវុធ​បន្ថែម​។ លោក មូ​ន បាន​ប្រាប់​ទៅ​រដ្ឋសភា​ថា «​យើង​នឹង​ពង្រឹង​ប្រព័ន្ធ​ការពារជាតិ​ដោយ​ការទិញចូល​នាវាមុជទឹក និង​ផ្កាយរណប​ឃ្លាំមើល​ជំនាន់​ថ្មី​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ការប្រកាស​របស់លោក មូ​ន ធ្វើឡើង ក្រោយ​កូរ៉េខាងជើង​បាន​ចាកចេញ​ពី​តុ​ចរចារ​ជាមួយ​អាមេរិក និង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចេញពី​នាវាមុជទឹក​របស់ខ្លួន​នៅ​ដើមខែ​តុលា​នេះ​។ ទំនាក់ទំនង​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ​បាន​ប្រែជា​អាក្រក់​វិញ ក្រោយ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​ទទួល​បរាជ័យ​។ កូរ៉េខាងជើង តែង​រិះគន់​កូរ៉េខាងត្បូង​ពី​ការធ្វើ​សមយុទ្ធ​ជាមួយ​រដ្ឋ​អាមេរិក និង​ការទិញ​យន្តហោះ​ចម្បាំង​ជាដើម​។​

​ក្រៅតែពី​បរាជ័យ​ក្នុង​កិច្ចចរចារ​ជាមួយ​អាមេរិក​នេះ កូរ៉េខាងជើង​ក៏បាន​និយាយថា​ខ្លួន​គ្មានអ្វី​ត្រូវ​និយាយ​ជាមួយ​កូរ៉េខាងត្បូង​ទៀត​ទេ និង​បាន​ថ្កោលទោស​កូរ៉េខាងត្បូង​ថា បាន​រំលោភបំពាន​ដល់​កិច្ចព្រមព្រៀង សេ​អ៊ូ​ល ព្យុងយ៉ាង​ដោយ​ការធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក និង​ការដាក់​យន្តហោះ​ចម្បាំង​F-35A ដែលមាន​គោលបំណង​ចង់​វាយប្រហារ​កូរ៉េខាងជើង​។​
​ប៉ុន្តែ លោក មូ​ន បាន​យល់ឃើញថា ការជាប់គាំង​ក្នុងការ​ចរចារ​នេះ ជា​ឧបសគ្គ​ចុងក្រោយ​មុន​ឈានដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ លោក​បាន​បន្ថែមថា អនាគត​ដ៏​ភ្លឺស្វាង​សំរាប់​កូរ៉េខាងជើង​អាច​កើតឡើង​បាន​ដោយ​ផ្អែកលើ សេដ្ឋកិច្ច​សន្តិភាព​ដែល​ដឹកនាំ​ដោយ​គម្រោង​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​៕


© រក្សាសិទ្ធិដោយ thmeythmey.com