ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជួយ​បំបាត់​ការឈឺចាប់​ដោយ​មិនបាច់​ប្រើ​ថ្នាំ​?
24, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ជា​ញឹកញយ​នៅពេល​មាន​អារម្មណ៍​ឈឺចាប់​ភាគច្រើន​នៃ​ពួកយើង គឺ​តែងតែ​ជ្រើស​រើសយក​ថ្នាំ​បំបាត់​ការឈឺចាប់​មក​ដោះស្រាយ​បញ្ហា​។ ទោះជា​យ៉ាងណា​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ជះឥទ្ធិពល​មិនល្អ​ច្រើន​ចំពោះ​សុខភាព​មិន​ដូច​អាហារ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ឡើយ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ធម្មតាៗ ប៉ុន្តែ​អាច​បំបាត់​ការឈឺ​ចាប់បាន​យ៉ាង​ប្រសើរ ៖

១. កាហ្វេ​អ៊ី​ន​

​អ្វីដែល​ធ្វើ​ឲ្យ​កាហ្វេ​អ៊ី​ន​អាច​បំបាត់​ការឈឺ​ចាប់បាន​? នោះ​ក៏​ព្រោះតែ​វា​បន្លប់​រាងកាយ​ពី​អារម្មណ៍​ឈឺចាប់​។ កាហ្វេ​អ៊ី​ន​មិន​មែនមាន​ផ្ទុក​តែ​ក្នុង​កាហ្វេ​ឡើយ វា​ក៏មាន​នៅក្នុង​សូកូឡា និង​តែ​ជាដើម​ផងដែរ​។​

២. ខ្លាញ់ត្រី​

​ខ្លាញ់ត្រី ឬ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ជួយ​កាត់បន្ថយ​ភាព​ឡើង​រឹង​និង​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។ ក្រៅពី​មាន​ផ្ទុក​ក្នុង​ត្រី​សម្បូរ​ខ្លាញ់​ហើយ​នោះ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏មាន​ក្នុង​គ្រាប់​ធញ្ញជាតិ អយ​ស្ទ័​រ និង​គ្រាប់​ជី​ជាដើម​ផងដែរ​។ ដូច្នេះ​ដើម្បី​បំបាត់​ការឈឺចាប់​កុំ​ភ្លេច​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។​

៣. ខ្ញី​

​ការ​រលាក​ជា​ប្រភព​ចម្បង​មួយ​នៃ​បញ្ហា​ឈឺចាប់ ហើយ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។​

៤. រមៀត​

​រមៀត​ជួយ​បំបាត់​ការឈឺចាប់​ដោយសារ​ការ​រលាក​។ ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​អា​ការៈឈឺចាប់ ដោយសារតែ​ការ​រលាក​ក្នុង​រាងកាយ ចូរ​បន្ថែម​រមៀត​មួយចំនួន​ក្នុង​អាហារ​។ នោះ​ក៏​ព្រោះតែ​រមៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ curcumin ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​គួរ​ឲ្យ​កត់សម្គាល់​។​

៥. ផ្លែ​ចេក​

​ការទទួល​ទាន​ចេក​នឹង​ជួយ​បំបាត់​អា​ការៈឈឺចាប់​ពេល​មក​រដូវ​។ នោះ​ក៏​ព្រោះតែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន B6 ដែល​ជួយ​កាត់បន្ថយ​អា​ការៈឈឺចាប់​ពេល​មក​រដូវ​គួរ​ឲ្យ​កត់សម្គាល់​។​

៦. តែ​ជី​អង្កាម​

​តែ​ជី​អង្កាម​អាចជួយ​បំបាត់​អាកា​រៈ​ឈឺធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុង​ស្លឹក​ជី​អង្កាម​ក្រៀម ឬ​ស្ងួត ១ ស្លាបព្រា​កាហ្វេ រហូតដល់​ពុះ រួច​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​។ នៅពេល​តែ​ចុះ​ត្រជាក់ ចូរ​ខ្ពុរមាត់​របស់​អ្នក​ជាមួយ​ទឹកតែ​នេះ​។ អ្នក​ក៏​អាចដាក់​ស្អំ​កញ្ចប់​តែ​ជី​អង្កាម​ក្ដៅ​ឧណ្ហៗ​លើ​ធ្មេញ​ដែល​ឈឺ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី ឬ​រហូត​ការឈឺចាប់​ត្រូវបាន​ថយចុះ​។ ជី​អង្កាម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ដែល​បំបាត់​ការឈឺ​ធ្មេញ​បាន​យ៉ាង​ប្រសើរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com