ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖«​គេ ខ្លាច​បំផុត ពេល​ខ្ញុំ​អត់​មាត់​»
24, Oct 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន លែង​ប្រតិកម្ម ខណៈ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ដែលមាន​លោក សម រង្ស៊ី ជា​មេដឹកនាំ កាន់តែ​ប្រកាស​ពី​ការធ្វើ​មាតុភូមិ​និវត្ត​។ សម្តេច ប្រាប់ថា បើ​សម្តេច ឈប់​មាត់ក​ហើយ គេ មិនអាច​ប៉ាន់​ស្មានដឹង​ឡើយ​ថា សម្តេច ចង់​ធ្វើ​អ្វី​។



​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បង្ហាញ​ពី​អត្តចរិត​ខ្លួន​ថា​៖«​សួរ​ទៅ​មន្ត្រី​ដែល​ធ្លាប់​នៅ​ជាមួយ​ខ្ញុំ ធ្វើការ​ជាមួយ​ខ្ញុំ​រាប់សិប​ឆ្នាំ​ហើយ គេ បារម្ភ​បំផុត គេ ខ្លាច​ខ្ញុំ​អត់​មាត់​។​...​កាលណា ខ្ញុំ មិន​និយាយ​ហើយ ពិបាក មិនដឹងថា ហ៊ុន សែន បត់​ឆ្វេង​ឬ​បត់​ស្តាំ​...​។​

​សម្តេច ហ៊ុន សែន ចាត់ទុក​ខ្លួន​ជា​ជង់ ហើយ​ហៅ​ក្រុម​អ្នកប្រឆាំង ដែល​គ្រោង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថា​ជា​កុក​។ សម្តេច លើកឡើងថា កុក អាច​ភ្លេច​ជង់ តែ​ជង់ មិនដែល​ភ្លេច​កុក​ឡើយ​។

​សម្តេច ហ៊ុន សែន ក៏បាន​សើចចំអក​ឲ្យ​ក្រុមប្រឆាំង​ផងដែរ​ថា ហាក់​ខ្សោយ​ខាង​យុទ្ធសាស្ត្រ និង​វាយតម្លៃ​សភាពការណ៍​មិនត្រូវ​។ មើលទៅ​យុទ្ធសាស្ត្រ​របស់​ក្រុមប្រឆាំង ស្រដៀង​នឹង​ឈុន​មួយ​ក្នុង​រឿង​សាម​កុក  សម្តេច ក៏បាន​និទាន​ត្រង់​ឈុន មេទ័ព​ចូវ​អ៊ី ខាង​តុង​អ៊ូ (ក្រោយមកក្លាយជានគរអ៊ូ) ដែល​តែង​ចាញ់​ប្រាជ្ញា ជូ កឺ​លាង ទីប្រឹក្សា​របស់​លី​ប៉ី ខាងជីងចូវ (ក្រោយមកក្លាយជានគរ ស៊ូ) និង ឧបរាជ ឆាវ​ឆាវ នៃ​នគរ​ហាន (​ក្រោយមក​ក្លាយ​ជានគរ​អ៊ួ​យ​) ដែល​ចាញ់កល ជូ កឺ​លាង ពេលធ្វើ​សង្គ្រាម​ឆឺ​ពី​។

«​បើ​បង្កើត ចូ​វ​អ៊ី​ហើយ បង្កើត ជូ កឺ​លាង មក​ធ្វើ​អ្វី​»​។ នេះ​ជាស​ម្តី​របស់​ចូវ​អ៊ី ដែល​សម្តេច ហ៊ុន សែន បានលើកឡើង​។ ចូវ​អ៊ី ពោល​ពាក្យ​នេះ ពេល​គេ​ក្អួត​ឈាម ព្រោះ​ឈឺចិត្ត​នឹង​ចាញ់​ប្រាជ្ញា​ជូ កឺ​លាង ជា​បន្តបន្ទាប់​។

​បន្ទាប់មក សម្តេច ហ៊ុន សែន ក៏​និយាយ​ពី​ឆាវ​ឆាវ​។ ពេល​ចាញ់​សង្គ្រាម​ឆឺ​ពី ឆាវ​ឆាវ រត់​ទៅដល់​តំបន់​មួយ ហើយក៏​ចំអក​ឲ្យ ជូ កឺ​លាង ថា​គ្រាន់តែ​ជា​អ្នកសិក្សា​គ្មាន​យុទ្ធសាស្ត្រ ហើយ​និយាយថា បើ​ខ្លួន​ជា​ជូ កឺ​លាង នឹង​បង្កប់ទ័ព​នៅទីនេះ ស្រាប់តែ​រំពេច​នោះ ទ័ព​របស់​ជូ កឺ​លាង ដែល​បង្កប់​នៅ​ទីនោះ ក៏​លេច​ចេញមក ឆាវ​ឆាវ ក៏​បន្ត​រត់គេចខ្លួន​។

​ទៅដល់​តំបន់​មួយទៀត មើលទៅ​ដូចជា​ស្ងាត់ គ្មាន​ទ័ព​បង្កប់ ឆាវ​ឆាវ ក៏​សើច​ក្អាកក្អាយ ហើយ​មើលងាយ​ជូ កឺ​លាង ថា​មិនចេះ​យុទ្ធសាស្ត្រ និង​បាន​និយាយ​ដូច​លើក​មុន​ថា បើ​ខ្លួន​ជា​ជូ កឺ​លាង នឹង​បង្កប់ទ័ព​នៅទីនេះ​។ និយាយ​មិនទាន់​ចប់​ផង ស្រាប់តែ​ទ័ព​របស់​ជូ កឺ​លាង ចេញមក ធ្វើ​ឲ្យ​ឆាវ​ឆាវ ភ័យ​ស្លន់ស្លោ ហើយក៏​ប្រញាប់​បំបោល​សេះ រត់​យក​ជីវិត​។

​រត់​ទៅដល់​កន្លែង​មួយទៀត មើលទៅ​ទំនងជា​អស់​ទ័ព​បង្កប់ ឆាវ​ឆាវ ក៏បាន​ចំអក​ឲ្យ​ជូ កឺ​លាង ដូច​មុន​។ ពេលនោះ គួ​ន​អ៊ី ដែល​មេទ័ព​និង​ជា​ប្អូនធម៌​របស់​លីវ​ប៉ី ក៏បាន​ចេញមក​។ ពេលនោះ ឆាវ​ឆាវ ក៏​ទល់​ច្រក មិនអាច​រត់គេចខ្លួន​ដូច​លើក​មុន​បានឡើយ ហើយ​បើ​គួ​ន​អ៊ី ចង់​សម្លាប់​ឆាវ​ឆាវ គឺ​ងាយ​ដូច​បក​ចេក​អ៊ីចឹង​។ តែ​ពេលនោះ គួ​ន​អ៊ី មិន​សម្លាប់​ឆាវ​ឆាវ​ទេ ហើយក៏​ដោះលែង ឆាវ​ឆាវ ឲ្យ​រួចខ្លួន​។ ធ្វើ​ដូច្នេះ ក៏​ព្រោះតែ​គួ​ន​អ៊ី ធ្លាប់​ជំពាក់​គុណ​ឆាវ​ឆាវ​។

​ជូ កឺ​លាង ដែលជា​អ្នកបញ្ជា​ទ័ព​ក្នុង​សង្គ្រាម​នេះ ក៏​មិន​ចង់​ឲ្យ​សម្លាប់​ឆាវ​ឆាវ​ដែរ ព្រោះ​ខ្លាច​មាន​គំនុំ​ធំ​ជាមួយ​គ្រួសារ​របស់​ឆាវ​ឆាវ​និង​នគរ​ហាន ទើប​បញ្ជូន​គួ​ន​អ៊ី​ទៅ ពេល​ឆាវ​ឆាវ​ដល់​កន្លែង​ទល់​ច្រក ដោយ​ដឹងថា គួ​ន​អ៊ី មានគុណ​ធម៌ជាងគេ (​មានគុណ​សងគុណ មានទោស​សង​ទោស​) នឹងមិន​សម្លាប់​ឆាវ​ឆាវ​ឡើយ​។

​សម្តេច ហ៊ុន សែន លើក​ពី​រឿង​សាម​កុក​ត្រង់​កន្លែង​នេះ ទំនងជា​ចង់​ប្រដូច​ថា កាលៈទេសៈ​នាពេលនេះ សម្តេច ដូចជា​ជូ កឺ​លាង និង លីវ​ប៉ី ហើយ​ក្រុម​អ្នកប្រឆាំង ដូចជា ចូវ​អ៊ី និង ឆាវ​ឆាវ ដែល​ចាញ់​ប្រាជ្ញា​និង​យុទ្ធសាស្ត្រ​របស់​ជូ កឺ​លាង​។ សម្តេច ក៏​ប្រាប់​ឲ្យ​ពួកគេ មើល​រឿង​សាម​កុក ដើម្បី​បានដឹង​ពី​យុទ្ធសាស្ត្រ​ខ្លះ​។

​និទានរឿង​សាម​កុក​រួច សម្តេច ហ៊ុន សែន ក៏​សំដៅទៅ​ក្រុមប្រឆាំង​ថា​៖«​ឯង​ឯនេះ សង្ឃឹម​យកឈ្នះ ហ៊ុន សែន យ៉ាងម៉េច​។ ឥឡូវ វាយតម្លៃ​សភាពការណ៍​ថា មាន [​មនុស្ស​] រាប់លាន​នាក់ ទាហាន​លើសលប់ រង់ចាំតែ​ផ្តួល ហ៊ុន សែន​។ ចុះបើ​អ៊ីចឹង​ដែរ ម៉េច​ក៏​មិន​មក​ ចាំ​ដល់​ថ្ងៃ​ណា​ទៀត ដូច​ឆ្ងល់​...​។​

​សម្តេច បន្តថា​៖«​ជង់ អត់​ចេះ​និយាយ​ទេ ប៉ុន្តែ​តែ​ដើរចូល​ជាប់​ជង់​ហើយ​។ ម្យ៉ាងទៀត វា គ្មាន​ការចាំបាច់​ផង សមត្ថកិច្ច កម្លាំង​គ្រប់​ប្រភេទ ទទួល​បទបញ្ជា​រួចជាស្រេច​ទៅហើយ មិនចាំបាច់​ថា តើ​គួរ​ធ្វើ​អ្វី ធ្វើ​របៀប​ម៉េច​ទេ​...»​។​

​លោក សម រង្ស៊ី រំពឹងថា ពលករ​ខ្មែរ​ជាច្រើន ជា​ពិ​សេ​ពលករ​នៅ​ថៃ នឹង​រួម​ដំណើរ​មក​កម្ពុជា​ជាមួយ​លោក​។ លោក ប្រកាស​កន្លងមក​ថា លោក មានបំណង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ជាមួយ​ពលករ ឆ្លងកាត់​ព្រំដែន​ថៃ ចូលមក​ម​ម្ពុ​ជា​។ ទន្ទឹង​ម​នេះ លោក បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល ហើយ​ទៅ​ចូលរួម​ជាមួយ​លោក ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។

​លោក សម រង្ស៊ី អះអាងថា លោក មិនមែន​ចូលមក​ឲ្យ​សម្តេច ហ៊ុន សែន ចាប់​ទេ តែ​លោក​ទៅវិញ​ទេ ដែល​ចាប់​សម្តេច ហ៊ុន សែន​។ លោក ថា ការវិលត្រឡប់​របស់​លោក គឺ​ដើម្បី​រំដោះប្រទេស​ជាតិ​ រំដោះ​ព្រះមហាក្សត្រ និង រំដោះ​លោក កឹម សុខា​៕

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com