កីឡាជាតិ
ជាតិ
លោក ស សុខា​៖ បើ​លេង​កីឡា​ស្រេច​តែ​ចិត្ត នឹងធ្វើ​ឲ្យ​បាត់បង់​ទេពកោសល្យ​ពី​កំណើត​
25, Oct 2019 , 8:59 am        
រូបភាព
ដោយ:
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​លើកឡើងថា កីឡាករ​នឹង​បាត់បង់​ភាព​ប៉ិនប្រសប់​និង​ទេពកោសល្យ​ពី​កំណើត បើ​ជ្រើសរើស​កីឡា​តាមតែ​ចិត្ត​ចង់​។ សម្រាប់ លោក កីឡាករ​គ្រប់រូប​មុន​សម្រេចចិត្ត​ជ្រើសរើស​ប្រភេទ​កីឡា​អ្វីមួយ គឺ​ត្រូវ​សិក្សា​និង​មើល​ពី​ទេពកោសល្យ​របស់ខ្លួន​ឲ្យ​បាន​ល្អិតល្អន់​។



​កីឡា​នឹង​មិនអាច​រីកចម្រើន​បានឡើយ បើ​កីឡាករ​គ្រប់រូប​ជ្រើសរើស​ប្រភេទ​កីឡា​តាមតែ​ចិត្ត មិន​សិក្សា​ពី​ទេពកោសល្យ​របស់ខ្លួន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ជំរុញ​ឲ្យ​កីឡាករ​សិក្សា​ឲ្យ​ច្បា​ស់សិន មុន​សម្រេចចិត្ត​ជ្រើសរើស​កីឡា​ប្រភេទ​ណាមួយ ដើម្បី​លេង​។



«​គ្រប់​កីឡា​ទាំងអស់​បើ​យើង​លេង​ស្រេច​តែ​ចិត្ត ខ្ញុំ​គិតថា នឹង​ខូច​ទម្រង់​(Form) និង​ដើមកំណើត​នៃ​ដុង​(​ទេពកោសល្យ​)​របស់ខ្លួន​នីមួយៗ​»​។ លោក ស សុខា លើកឡើង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ប្រចាំឆ្នាំ​២០១៩ ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​។ 

​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​រូបនេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​រៀបចំ​ពានរង្វាន់​សម្តេច ស ខេង ក៏ដូចជា សមត្ថភាព​របស់​កីឡាករ​កីឡាការិនី ដែល​ចូលរួម​នៅ​ឆ្នាំនេះ​។ លោក​បាន​អះអាងថា សមត្ថភាព​កីឡាករ​កីឡាការិនី​មាន​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ការប្រកួត​កន្លងមក ពិសេស​យុវជន​មកពី​តាម​បណ្តា​ខេត្ត​នានា​។

​លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​ឃើញ​ហើយ​ក្នុង​ការប្រកួត​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​កម្រិត​យុវជន គឺ​ក្រុមយុវជន​មកពី​ខេត្តកណ្តាល​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​១៦​ឆ្នាំ​ទេ ក្មេង​មែនទែន តែ​ពួកគេ​អាច​យកឈ្នះ​ក្រុម​កីឡាករ ដែល​កំពុង​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​។ នេះ​មានន័យថា ការដាក់ទុន​របស់​យើង​កន្លងមក ទទួលបាន​ផល​មួយ ដែល​អាច​ទទួលយកបាន​»​។



​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា នឹង​ដាក់ចេញ​ផែនការ​យុត្តិសាស្ត្រ​អភិវឌ្ឍន៍​កីឡា​ប៉េតង់​ឲ្យ​បាន​គ្រប់​រាជធានី​ខេត្ត ដើម្បី​បង្កើន​ធនធាន​កីឡាករ​ឲ្យ​កាន់តែ​សម្បូរបែប​។ ការដាក់ចេញ​ផែនការ​នេះ គឺ​ដើម្បី​ចម្រាញ់​រក​កីឡាករ​មាន​សមត្ថភាព សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​ឆ្នាំ​២០២១ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។​

​លោក ស សុខា បានលើកឡើង​ពី​គោលបំណង​នៃ​ការរៀបចំ​ពានរង្វាន់​សម្តេច ស ខេង ថា គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន​មកពី​តាម​បណ្តា​ខេត្ត​នានា បានបង្ហាញ​សមត្ថភាព ដែល​ពួកគេ​បាន​ហ្វឹកហាត់​កន្លងមក​។ ការប្រកួត​នេះ ក៏​ធ្វើឡើង​ដើម្បី​សម្លឹង​រក​កីឡាករ​មាន​សមត្ថភាព និង​ទេពកោសល្យ សម្រាប់​ប្រមូលផ្តុំ​ក្នុង​ក្រុមយុវជន​ថ្នាល និង​ជម្រើសជាតិ​ផងដែរ​។ ជាពិសេស ដើម្បី​ពង្រឹង​និង​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​កីឡាការិនី មន្ត្រី​បច្ចេកទេស សម្រាប់​ត្រៀម​ការប្រកួត​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៅ​អំឡុង​ខែវិច្ឆិកា ខាងមុខ​។

​ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈពេល​៣​ថ្ងៃ​នៅ​ទីលាន​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​កីឡាករ​ក្រសួងការពារជាតិ​(​សុខ ចាន់​មាន​, សុខ ចាន់​ម៉ុ​ល​, យឹម សុ​ភ័​ណ្ឌ​, អៀ​ត សុផាត​) គ្រង​ជើងឯក​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ពាន​ធំ ក្រោយ​យកឈ្នះ​សមាគម​កីឡា​ប៉េតង់​តាកែវ​(​ខាន់ សុខា​, ហេង មុន្នី​, អន វ៉ា​នវ​ណ្ណី​, ចាន់ សោ​ភ័​ណ្ឌ​) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នេះ​ជាការ​គ្រង​ជើងឯក​៣​ឆ្នាំ​ជាប់​គ្នា​របស់​ក្រសួងការពារជាតិ បន្ទាប់​បាន​គ្រង​ពាន​នេះ​នៅ​ឆ្នាំ​២០១៧ និង ២០១៨​។ ចំណែក​ក្រុម​សេនា​រាជសីហ៍​ក្រុម​១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។



​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​យុវជន លេខ​១​បាន​ទៅលើ​ក្រុម​កំពង់​សំណាញ់ ក្រោយ​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ខេមរភូមិន្ទ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុមកីឡា​ប៉េតង់​២​ធ្នូ​ទទួលបាន​ចំណាក់​លេខ​៣​។ រីឯ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, វង ចន្ថា និង ស៊ុន គ​ន្ធា ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​យកឈ្នះ​ក្រុម​យោធភូមិភាគ​ពិសេស​(​អ៊ុន ស្រី​យ៉ា​, ដួង ឌី​ណា​, ពៅ ឈូករ័ត្ន​, ឡេង ម៉ី​អើ​)​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ១៣-៦​។ ចំណែក​លេខ​៣​បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ​(​អ៊ុក ស្រីមុំ​, ពៅ ចាន់​សុភ​ក្ត្រា​, ឈិន ស្រី​លាភ​, ជុំ ធី​វណ្ណ​)​។

​ចំណែក​វិញ្ញាសា​២​នាក់​ទល់​២​នាក់​នារី ជើងឯក​បាន​ទៅលើ​ក្រុម​មជ្ឈមណ្ឌល​កីឡា​ខេមរភូមិន្ទ​(​ភៀត ផា​រីតា​, អាយ គឹម​ឆាយ​)​រីឯ លេខ​២​បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ​(​ហុង ស្រ​និ​ច​, គួ​ន ឈាន​ឈាន​) និង​លេខ​៣​បាន​ទៅ​ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី​១(​ផាត វិ​ច្ឆ​កា​, អ៊ុំ ពុ​ទ្ធី​យ៉ា​)​។ ចំណែក​វិញ្ញ​សា​៣​នាក់​ទល់​៣​នាក់​ពាន​សមាគម​លេខ​១​បាន​ទៅ យោធភូមិភាគ​ទី​៥, លេខ​២​បាន​ទៅ​ក្លិប​កីឡា​ប៉េតង់​២​ធ្នូ និង​លេខ​៣​បាន​ទៅ​ក្រុម​មន្ទីរ អ​.​យ​.​ក ខេត្តកំពត​។

​ដោយឡែក​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​វ័យចាស់ លេខ​១​បាន​ទៅ​ក្រុម​សាលាខេត្ត​ស្វាយរៀង​, លេខ​២​បាន​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​២ និង​លេខ​៣​បាន​ទៅ​ក្រុម​ដំរី​ជាន់ខ្លា​ខេត្តកំពង់ធំ​៕    






Tag:
 ពាន​សម្តេច ស ខេង​
  ប៉េតង់​
  ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com