ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចង់ឡើងស្លេស្ម រំអិល ឬសំបោរច្រើនពេកក្នុងរាងកាយ កុំរំលងអត្ថបទនេះ
× ពិបាកដកដង្ហើម តឹងច្រមុះ ក្អករ៉ាំរ៉ៃ ភ្នែកហើមៗនៅពេលព្រឹក គឺសុទ្ធតែជារោគសញ្ញាមួយចំនួននៃបញ្ហាឡើងស្លេស្ម រំអិល ឬសំបោរច្រើនពេកក្នុងរាងកាយ។ ការផលិតជាតិរំអិល ស្លេស្ម ឬសំបោរច្រើនពេកអាចបណ្ដាលមកពីបាក់តេរី វីរុស ប្រតិកម្មអាឡែកស៊ី និងការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីខ្លាំងមួយចំនួន។ ទោះជាយ៉ាងណាអាហារក៏ជាកត្តាចម្បងបំផុតមួយនៃការផលិតស្លេស្ម រំអិល ឬសំបោរហួសប្រមាណក្នុងរាងកាយផងដែរ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលបង្កើនការផលិតស្លេស្ម រំអិល ឬសំបោរ ៖
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
អ្នកជំនាញជាច្រើននិយាយថាទឹកដោះគោនិងផលិតផលអាហារផ្សំឡើងពីទឹកដោះគោអាចនាំឱ្យកោសិកាបង្កើនការផលិតរំអិលក្នុងរាងកាយ។ នោះក៏ព្រោះតែវាមានផ្ទុកសារធាតុ Casein និងឡាក់តូស។
២. សណ្ដែកសៀង និងអាហារផ្សេងៗផ្សំឡើងពីសណ្ដែកសៀង
ការទទួលទានសណ្ដែកសៀងនិងអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀងច្រើនពេកក៏អាចជាមូលហេតុនៃការផលិតស្លេស្ម រំអិល ឬសំបោរហួសប្រមាណផងដែរ។
៣. អាហារនិងភេសជ្ជៈផ្អែមៗ
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗច្រើនក៏បង្កបញ្ហាតឹងច្រមុះពិបាកដង្ហើមដោយសារការកើនឡើងនៃស្លេស្ម ឬសំបោរផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានស្កររបស់អ្នក ប្រសិនបើកំពុងមានអារម្មណ៍មិនស្រួលដោយសារស្លេស ឬសំបោរច្រើនពេក។
៤. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ក៏ព្រោះតែអាការៈតឹងច្រមុះអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំង អ្នកប្រហែលជាចង់ទទួលទានកាហ្វេមួយពែងដើម្បីស្ដារថាមពលដាស់អារម្មណ៍ឱ្យស្វាងឡើងវិញ។ ប៉ុន្តែកុំធ្វើបែបនេះឱ្យសោះ! អ្នកជំនាញជាច្រើនបានឱ្យដឹងថាកាហ្វេអ៊ីនក្នុងកាហ្វេអាចបណ្ដាលឱ្យកោសិកាម្ដុំផ្លូវដង្ហើមផលិតសំបោរ ឬរំអិលហួសប្រមាណ។ ចូរទទួលទានទឹកធម្មតាច្រើនជំនួសវិញទើបប្រសើរអាចពង្រាវស្លេស្មជួយឱ្យដកដង្ហើមស្រួលបានខ្លះ។
៥. សាច់ក្រហមនិងសាច់កែច្នៃ
ខណៈដែលវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងជាតិដែក សាច់ក្រហមក៏អាចជាកត្តាចម្បងបំផុតមួយនៃការផលិតរំអិល ស្លេស្ម ឬសំបោរច្រើនពេកផងដែរ។ ដូច្នេះប្រសិនបើកំពុងមានបញ្ហាពាក់ព័ន្ធនឹងស្លេស្ម ឬសំបោរហើយនោះចូរកាត់បន្ថយការទទួលទានសាច់ក្រហម ជាពិសេសសាច់ខ្លាញ់។ សាច់កែច្នៃក៏គួរដកចេញពីរបបអាហារផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com