ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​ដែល “​គេង​ច្រើនពេក​” មិនល្អ​សោះ​ចំពោះ​សុខភាព​
26, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពី ៧ ទៅ ៩ ម៉ោង គឺជា​បរិមាណ​នៃ​ការ​គេង​រាល់​យប់​ដែល​អាជ្ញាធរ​សុខាភិបាល​បាន​ណែនាំ​។ ហើយ​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា ការ​គេង​មិន​គ្រប់ ឬ​តិចពេក គឺអាច​បង្ក​ប៉ះពាល់​ចំពោះ​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ ប៉ុន្តែ​ចុះ​ប្រសិនបើ​គេង​លើសពីនេះ​វិញ​នោះ​ថា​តើ​ល្អ ឬ​អាក្រក់​ទៅ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​បញ្ហា​សុខភាព​មួយចំនួន​ដែល​អ្នក​អាច​នឹង​ជួបប្រទះ ឬ​ប្រឈមមុខ ប្រសិនបើ​គេង​យូរពេក ៖

១. បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​

​ការ​គេង​ច្រើនពេក​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​គួរឱ្យ​ព្រួយបារម្ភ​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ច្រើនពេក​បណ្ដាលឱ្យមាន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ដែល​ងាយ​វិ​វត្ត​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ណាស់​។​

២. គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​

​ការ​គេង​ច្រើន ឬ​យូរ​រារាំង​ឈាម​មិនឱ្យ​រត់​បាន​ត្រឹមត្រូវ ហើយ​វា​ជា​អ្វីមួយ​ដែល​អាចធ្វើឱ្យ​ឈាមកក​កើតមានឡើង​។ ឈាមកក​នោះ​អាច​ចរាចរ ហើយ​រាំងស្ទះ​ដល់​លំហូរ​នៃ​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​សាច់ដុំ​បេះដូង​ដែលជា​អ្វីមួយ​អាច​នាំឱ្យ​គាំងបេះដូង​។ ប្រសិនបើ​អ្នក​ផ្ដាច់ការ​ផ្គត់ផ្គង់​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​ផ្នែក​មួយ​នៃ​ខួរក្បាល នោះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នឹង​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ជាក់​ជាមិនខាន​។​

៣. អាច​នាំឱ្យ​អស់កម្លាំង​ងងុយគេង​ពេញ​មួយថ្ងៃ​

​ចូរ​គិត​ឡើងវិញ​ម្ដងទៀត​ប្រសិនបើ​អ្នក​គិតថា​ការ​គេង​ច្រើន​នៅពេល​យប់​អាចជួយ​ឱ្យ​អ្នក​ចៀសផុត​បញ្ហា​ងងុយគេង​អស់កម្លាំង​នៅ​ថ្ងៃ​បន្ទាប់​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ច្រើនជាង ៩ ម៉ោង​បែរជា​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​វិលមុខ​និង​អស់កម្លាំង ឬ​អាច​ឈឺក្បាល​ចង់​សម្រាក​បន្តទៅ​វិញ​ទេ​។​

៤. ជំងឺ​ធាត់​ជ្រុល​

​ក្រៅពី​ជម្រើស​នៃ​អាហារ​សុខភាព​ល្អ​ហើយ​នោះ វិធី​ដ៏​សំខាន់​មួយទៀត​ដើម្បី​កម្ចាត់​ទម្ងន់​ដែល​លើស គឺ​ការធ្វើសកម្មភាព​រាង​កា​យ ឬ​របៀប​រស់នៅ​ប្រកបដោយ​ភាព​សកម្ម​។ ហើយ​វា​ច្បាស់​ណាស់​ដែល​អ្នក​នឹងមិន​អាច​សម្រេចបាន ប្រសិនបើ​គិតតែ​ពី​គេង​។ ការ​ធាត់​លើស​ទម្ងន់​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិន​ប្រសើរ​ចំពោះ​សុខភាព​ផងដែរ ដោយ​ជា​នាំឱ្យ​កើតមាន​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។ ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ​គ្នា​ជាច្រើន​បាន​បង្ហាញថា ការ​គេង​មិន​គ្រប់ ឬ​គេង​យូរពេក មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់​ជ្រុល​។​

៥. ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២

​ក្រៅពី​កើន​ទម្ងន់​ហើយ​នោះ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជា​បញ្ហា​សុខភាព​មួយទៀត​ដែល​បង្កឡើង​ដោយ​កង្វះ​ភាព​សកម្ម​នៃ​រាងកាយ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​នេះ អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​មិនមែន​គិតតែ​ពី​គេង​សម្រាក​ច្រើន​ម៉ោង​ពេក​ឡើយ ហើយ​កុំ​ភ្លេច​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​សុខភាព​ល្អ​ផង​។​

៦. ឈឺក្បាល​

​គេង​មិន​គ្រប់​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល ប៉ុន្តែ​បញ្ហា​នេះ​ក៏​កើតឡើង​ផងដែរ​នៅពេល​អ្នក​គេង​យូរពេក​។ មូលហេតុ​នោះ គឺ​ការ​គេង​យូរ​ប៉ះពាល់​ដល់​សរសៃប្រសាទ​នៅក្នុង​ខួរក្បាល និង​កម្រិត​អ័រម៉ូន serotonin​។​

៧. ឈឺចាប់​រាងកាយ​

​មិន​ត្រឹមតែ​ក្បាល​របស់​អ្នក​នោះទេ​ដែល​អាច​ឈឺ​នោះ ប្រសិនបើ​អ្នក​គេង​យូរពេក​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ក៏ត្រូវ​ទទួលរង​ការឈឺចាប់​ផងដែរ​។ ជាពិសេស​ប្រសិនបើ​អ្នក​កំពុងមាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ អ្នក​ដែល​គេង​យូរពេក​ច្រើនតែ​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​ជា​ញឹកញាប់​។​

៨. ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)

​ជា​ញឹកញយ អ្នក​ដែល​ទទួលរង​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​តែង​ជួបប្រទះ​បញ្ហា​នៃ​ការ​គេង​។ ជួនកាល​ចំពោះ​ករណីខ្លះ អ្នកជំងឺ​គេង​ច្រើន​លើស​ធម្មតា​។ វា​ជាវ​ដ្ត​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ក៏​ព្រោះ​ការ​គេង​យូរ​អាច​បណ្តាលឱ្យមាន​អារម្មណ៍​ថា អស់សង្ឃឹម និង​អស់កម្លាំង​។ អ្នក​គេង​កាន់តែច្រើន ឬ​យូរ ហើយ​មិន​ចង់​ងើប​ពី​គ្រែ​នៅពេល​ព្រឹក ពិភពលោក ក៏ដូចជា​ទេសភាព បរិយាកាស​ខាងក្រៅ មិន​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​រំភើប ឬ​ស្រស់ស្រាយ​ដូច​ធម្មតា ទាំងនេះហើយ​ជា​រោគសញ្ញា​បណ្តាលឱ្យ​កើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ កង្វះ​សកម្មភាព​នៃ​រាងកាយ​ក៏​កាត់បន្ថយ​បរិមាណ​នៃ​អ័រម៉ូន​រីករាយ​ក្នុង​ខួរក្បាល​ផងដែរ​។ ការ​គេង​ពេញ​មួយថ្ងៃ​ធ្វើឱ្យ​អ្នក​មិនអាច​ត្រូវ​ពន្លឺព្រះអាទិត្យ​នៅពេល​ព្រឹក​ដែលជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។​

៩. បញ្ហា​ទាក់ទង​នឹង​ការចងចាំ​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញថា ការ​គេង​យូរ​ប៉ះពាល់​ដល់​ដំណើរ​មុខងារ​នៃ​ខួរក្បាល​បាត់បង់​សមត្ថភាព​ក្នុងការ​ផ្ដោត ឬ​ប្រមូលផ្ដុំ​អារម្មណ៍ និង​ចងចាំ​ព័ត៌មាន​ផ្សេងៗ​។​

១០. ជំងឺ​គេង​មិន​លក់​

​ស្ដាប់ទៅ​ដូច​មិន​សម ប៉ុន្តែ​ជួនកាល​ជំងឺ​គេង​មិន​លក់ គឺ​បណ្ដាលមកពី​ទម្លាប់​មិនល្អ​រួមគ្នា​ជាមួយ​សកម្មភាព​ផ្សេងៗ និង​ការ​គេង​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​យូរ​គេង​នៅពេល​យប់ ហើយ​សម្រេចចិត្តថា​ចាំ​គេង​ឲ្យ​យូរ​នៅ​ថ្ងៃ​បន្ទាប់​នោះ​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់​ជាមិនខាន​។ ត្រឹមតែ​រយៈពេល ២​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​រាងកាយ​យល់ច្រឡំ​ពេលវេលា​ចូល​គេង ហើយ​អ្នក​ប្រាកដជា​ជួបប្រទះ​បញ្ហា​ទាក់ទង​ជាមួយ​ការ​គេង​មិនខានឡើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com