ស្រ៊ាង សុរ៉ា​ឃីម រំពឹង​ដណ្តើមបាន​មេដាយ​ពិភពលោក ក្រោយ​ជោគជ័យ​ក្នុង​ពាន​សម្តេច ស ខេង​
កីឡាជាតិ
ជាតិ
ស្រ៊ាង សុរ៉ា​ឃីម រំពឹង​ដណ្តើមបាន​មេដាយ​ពិភពលោក ក្រោយ​ជោគជ័យ​ក្នុង​ពាន​សម្តេច ស ខេង​
25, Oct 2019 , 7:39 pm        
រូបភាព
​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម មាន​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​អំឡុង​ខែវិច្ឆិកា ខាងមុខ​។ ការរំពឹង​បែបនេះ ធ្វើឡើង​ក្រោយ នាង រួមចំណែក​ជួយ​ឲ្យ​ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី​គ្រង​ជើងឯក​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី នា​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៩​។ តែ​យ៉ាងណា​កីឡាការិនី​រូបនេះ​អះអាងថា នាង​ត្រូវ​ការបង្កើន​ការហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​នេះ​។



​ក្រុម​ប៉េតង់​ទីស្តីការគណៈរដ្ឋមន្ត្រីរ​បស់​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, វង ចន្ថា និង ស៊ុន គ​ន្ធា បាន​យកឈ្នះ​ក្រុម​យោធភូមិភាគ​ពិសេស​របស់​កីឡាការិនី អ៊ុន ស្រី​យ៉ា​, ដួង ឌី​ណា​, ឡេង ម៉ី​អើ និង ពៅ ឈូករ័ត្ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់ ក្នុង​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៩​។


ក្រុមកីឡាការិនីទីស្តីការគណៈរដ្ឋមន្ត្រីគ្រងជើងឯកក្នុងពានរង្វាន់សម្តេច ស ខេង លើវិញ្ញាសា៣នាក់ទល់៣នាក់

​ភាពជោគជ័យ​នេះ ត្រូវបាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ចាត់ទុកជា​ទុន និង​ជា​ឈ្នាន់​សម្រាប់​ខ្លួន ដើម្បី​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ការប្រកួត​ជើងឯក​ពិភពលោក និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ការចាត់ទុក​បែបនេះ ដោយសារ​នាង​យល់ថា ក្រុម​យោធភូមិភាគ​ពិសេស​ជា​ក្រុម​មាន​សមត្ថភាព​ខ្លាំង​មួយ​នៅ​កម្ពុជា​។ កីឡាការិនី​មកពី​ខេត្តតាកែវ​រូបនេះ រំពឹងថា ខ្លួន​នឹង​អាច​ដណ្តើមបាន​មេដាយ​ណាមួយ​ពី​ការប្រកួត​ជើងឯក​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង

«​សម្រាប់​ខ្ញុំ​ត្រូវការ​ដកស្រង់​បទពិសោធ ខិតខំ​ប្រឹងប្រែង និង​បន្ថែម​ពេលវេលា​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​ពិភពលោក និង​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។ សម្រាប់​ការប្រកួត​ពិភពលោក​នៅ​កម្ពុជា ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​រួបរួមសាមគ្គី​ក្រុម ដើម្បី​ប្រកួត​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​»​។ ស្រ៊ាង សុរ៉ា​ឃីម និយាយ​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​ពានរង្វាន់​ស​ម្តេច ស ខេង កាលពី​ថ្ងៃទី​២៣ ខែតុលា កន្លងទៅ​។


កីឡាការិនី ស្រ៊ាង សុរ៉ាឃីម អំឡុងពេលប្រកួតក្នុងពានរង្វាន់សម្តេច ស ខេង

​បទពិសោធ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​កន្លងមក ក៏​ជា​កត្តា​រួមចំណែក​នៃ រំពឹង​របស់​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ផងដែរ​។ «​សម្រាប់​វិញ្ញាសា​ទាំងអស់ គី​ប្រហាក់ប្រហែលគ្នា តែ​អ្វីដែល​សំខាន់​គឺ​ការតាំង​ចិត្ត​របស់​យើង កម្លាំងកាយ និង​បទពិសោធ​ប្រកួត​របស់​យើង​នាពេល​កន្លងមក បើសិន​បច្ចេកទេស កម្លាំងកាយ កម្លាំងចិត្ត​យើង​នៅ​ស្មើ​ថេរ យើង​នឹង​អាចមាន​សង្ឃឹម​ធ្វើ​បានល្អ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ សុរ៉ា​ឃីម​។

​កូនច្បង​ក្នុង​គ្រួសារ​មាន​បងប្អូន​ពីរ​នាក់​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំងពី​រៀន​នៅ​សាលាបឋមសិក្សា​មកម្ល៉េះ​។ នាង​ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាការិនី​ថ្នាល​នៅ​ឆ្នាំ​២០១៤ ក្រោយ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ដែល​រៀបចំ​ដោយ​សហព័ន្ធ​។

​សុរ៉ា​ឃីម ក៏​ជា​កីឡាការិនី​ឆ្នើម​មួយរូប​ប្រចាំ​វិទ្យាល័យ​អង្គរ​បូរី ខេត្តតាកែវ​ផងដែរ​។ នាង ធ្លាប់​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​មួយគ្រឿង ក្រោយ​ដណ្តើមបាន​មេដាយមាស​ក្នុង​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា​ការប្រកួត​ជម្រើស​ថ្នាក់​ខេត្ត​។ រង្វាន់​លើកទឹកចិត្ត​នេះហើយ ដែល​ជំរុញ​ឲ្យ សុរ៉ា​ឃីម មាន​ទឹកចិត្ត​ខិតខំ​ហ្វឹកហាត់ និង​ស្រលាញ់​កីឡា​នេះ​កាន់តែខ្លាំង​។ តាមរយៈ​កីឡា​នេះ​បាន​ជួយ​នាង​ទទួលបាន​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ និង​អាហារូបករណ៍​១០០​ភាគរយ​នៅ​សកល​វិទ្យាល័យ​ទៀតផង​៕ 


Tag:
 ប៉េតង់​
  ស្រ៊ាង សុរ៉ា​ឃីម​
  ពាន​សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com