លោក លី កុសល​៖ កីឡា​វាយ​សី​ត្រូវការ​ឈ្នះ​ពី​ឥឡូវ កុំ​ចាំ​ទាល់តែ​ឆ្នាំ​២០២៣
កីឡាជាតិ
ជាតិ
លោក លី កុសល​៖ កីឡា​វាយ​សី​ត្រូវការ​ឈ្នះ​ពី​ឥឡូវ កុំ​ចាំ​ទាល់តែ​ឆ្នាំ​២០២៣
25, Oct 2019 , 4:47 pm        
រូបភាព
លោក លី កុសល ប្រធានសហព័ន្ធកីឡវាយសីកម្ពុជា
លោក លី កុសល ប្រធានសហព័ន្ធកីឡវាយសីកម្ពុជា
​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន ដើម្បី​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស ក្នុង​គោលដៅ​ស្វែងរក​ជ័យជម្នះ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​បញ្ជាក់ថា កីឡា​វាយ​សី​ត្រូវការ​ជ័យជម្នះ​ពី​ឥឡូវ មិនមែន​ចាំ​ដល់​ឆ្នាំ​២០២៣ នោះទេ​។ ការលើកឡើង​បែបនេះ គឺ​ដើម្បី​ក្រើនរំលឹក និង​ជំរុញ​ឲ្យ​កីឡាករ​បង្កើន​ការហ្វឹកហាត់ ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។



​នា​ពិធី​បិទ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​កាលពីពេល​កន្លងទៅ​ថ្មីៗ ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា លោក លី កុសល បាន​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី បង្កើន​ការហ្វឹកហាត់​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ជា​គោលដៅ​របស់ លោក គឺ​ចង់​ឲ្យ​កីឡាករ​កីឡាការិនី​ទទួលបាន​ជោគជ័យ​ពី​ឥឡូវ ដោយ​ចាំបាច់​ដល់​ឆ្នាំ​២០២៣​។   

«​គោលដៅ​យើង​មិនមែន​ចាំ​ឈ្នះ​ដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នោះទេ គឺ​ត្រូវ​ឈ្នះ​ពី​ឥឡូវ​ទៅ​។ ដើម្បី​ឈ្នះ​ត្រូវធ្វើ​ម៉េច​? គឺ​ទាល់តែ​ហ្វឹកហាត់​ឲ្យ​បាន​ដល់​កម្រិត ហើយ​ដើម្បី​ហាត់​ឲ្យ​ដល់​កម្រិត ត្រូវ​ស្តាប់​គ្រូ ត្រូវគោរព​វិន័យ ត្រូវមាន​អត្តចរិត ក្រមសីលធម៌​ល្អ ម៉ឺងម៉ាត់ ទន់ភ្លន់ សុភាពរាបសា ដែល​នេះ​ជា​វីរភាព​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក លី កុសល ដែល​ចង់​ក្រើនរំលឹក​ដល់​កីឡាករ​ទាំង​ទទួលបាន​ជ័យលាភី និង​មិន​ជ័យលាភី​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ ឲ្យ​បន្ត​ការខិតខំ​របស់ខ្លួន ដើម្បី​ឈានទៅ​ដណ្តើម​ជ័យជម្នះ​នៅលើ​ឆាក​អន្តរជាតិ​នៅពេល​ខាងមុខ​។


លោក ជាម សុភា អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាវាយសីកម្ពុជា

​លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​ក្មួយៗ និង​អ្នក​មិនទាន់​ដណ្តើមបាន​មេដាយ​ក្តី សូមកុំ​បង្អង់ គឺ​ត្រូវ​ដាក់ចិត្ត​ហ្វឹកហាត់​ឲ្យ​បាន​ទៀងទាត់​ជាប្រចាំ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយទៅជា​កីឡាករ​មាន​សមិទ្ធផល​ខ្ពស់ គឺ​ទាំង​កីឡាករ គ្រូបង្វឹក និង​ចៅក្រម ដើម្បី​យើង​មានលទ្ធភាព សមត្ថភាព​គ្រប់គ្រាន់​ធ្វើជា​ម្ចាស់ផ្ទះ ស្មើមុខ ស្មើ​មាត់ នៅលើ​ឆាក​អន្តរជាតិ​»​។​

​សម្រាប់​លោក លី កុសល មិនមែន​ទាល់តែ​កងកម្លាំង មន្ត្រីរាជការ ឬ​មនុស្ស​អស្ចារ្យ​ទើប​អាច​លើក​មុខមាត់​ប្រទេសជាតិ​បាន​នោះទេ ប៉ុន្តែ​កីឡាករ​គ្រប់រូប​សុទ្ធតែ​អាចធ្វើ​បាន តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួត​ដណ្តើម​មេដាយ​ឲ្យ​បាន​នៅលើ​ឆាក​អន្តរជាតិ​។ លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​ជ័យជម្នះ​នៅលើ​ឆាក​អន្តរជាតិ គឺជា​ការលើកតម្កើង​មុខមាត់​ប្រទេសជាតិ ដែល​កីឡាករ កីឡាការិនី​គ្រប់រូប​អាចធ្វើ​បាន គឺ​មិនមែន​ទាល់តែ​ជាម​នុស្ស​អស្ចារ្យ មកពីណា ឬ​មិនចាំបាច់​ត្រូវ​បំពាក់អាវុធ ដូច​កងកម្លាំង ទើប​អាច​ធ្វើបាន​នោះទេ​»​។​



​លោក ជាម សុភា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​រៀបចំ​ថា បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌ ពោលគឺ​ពុំមាន​រឿង​អសកម្ម ឬ​តវ៉ា​ណាមួយ​បាន​កើតឡើង​នោះទេ​។ លោក​បាន​បន្ថែមថា សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​ទៀតសោត ក៏មាន​ភាព​រីកចម្រើន​ផងដែរ បើ​ធៀប​នឹង​ឆ្នាំមុន​។

​កត្តា​នេះ​បានធ្វើ​ឲ្យ​អគ្គលេខាធិការ​ស្តីទី​រូបនេះ​រំ​ពឺ​ង​ថា កីឡាករ​ខ្លួន​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ តែ​យ៉ាងណា លោក បាន​ដាស់តឿន​ឲ្យ​កីឡាករ​បង្កើន​ការហ្វឹកហាត់​ទ្វេ​រដង​ក្នុងការ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។

​បើតាម​លោក ជាម សុភា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ មាន​អត្ត​ព​លិ​ក​ចំនួន​២២៨​នាក់​មកពី​១៩​ក្លិប​-​សមាគម​ចូលរួម ដោយ​កើនឡើង​៤៤​នាក់​បើ​ធៀប​នឹង​ឆ្នាំមុន​។ ក្រោយ​ឆ្លង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ​នៅ​ទីលាន​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ឈរ​លំដាប់​លេខ​១ ក្រោយ​ឈ្នះ​មេដាយមាស​៤ និង​ប្រាក់​២ ដែល​តាម​ពីក្រោយ​ដោយ​ក្លិប​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ជាមួយ​មេដាយមាស​៣ និង​ប្រាក់​២​។​

​ចំណែក​ក្រុម​អត្ត​ព​លិ​ក​ខេត្តកំពង់ឆ្នាំង ឈរ​លំដាប់​ទី​៣ ក្រោយ​ឈ្នះ​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ​១ រីឯ​អត្ត​ព​លិ​ក​ខេត្តកំពង់ចាម​ឈរ​លេខ​៤​ក្រោយ​ឈ្នះ​មេដាយមាស​១ និង​ប្រាក់​១ ខណៈ​ខេត្ត​ព្រះសីហនុ​ទទួលបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​១ និង​ខេត្ត​ប៉ៃលិន​បាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​២​។ ក្លិប​ពហុ​កីឡដ្ឋាន​ជាតិ បាន​មេដាយប្រាក់​១ រីឯ​ខេត្តបាត់ដំបង បាន​មេដាយ​សំរឹទ្ធ​២ ខណៈ​ខេត្តសៀមរាប​, ក្លិប 1 2 play និង​ខេមរៈ​មហានគរ​បាន​មេដាយ​សំរឹទ្ធ​១​ដូចគ្នា​៕

Tag:
 ​វាយ​សី​
  លី កុសល​
  ជើងឯក​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com