ជាតិ
សង្គមជាតិ
នគរបាលជាតិ ជ្រើសរើសបុគ្គលិក១៧៣នាក់ បម្រើការនៅខណ្ឌកំបូល បឹងកេងកង និងប៉ុស្តិ៍រដ្ឋបាល រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ យុវជនចំនួន១៧៣នាក់ដែលអគ្គស្នងការនគរបាលជាតិ កំណត់ឲ្យបម្រើការជាអធិការដ្ឋាននគរបាលខណ្ឌកំបូល ខណ្ឌបឹងកេងកង និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមទទួលពាក្យ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ។
សម្រាប់និស្សិត យុវជន ដែលមានបំណងចូលបម្រើការជាមន្ត្រីនគរបាលជាតិនៅតាមស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវតែបំពេញលក្ខខណ្ឌមួយចំនួន ក្នុងនោះត្រូវតែមានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មិនធ្លាប់មានទោសអ្វីមួយ។ កម្រិតវប្បធម៌វិញ បេក្ខជនត្រូវមានចាប់ពីមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង និងស្ថិតនៅក្រោមអាយុ៣០ឆ្នាំ។
ជាពិសេសបេក្ខជន ត្រូវតែមានលិខិតបញ្ជាក់សុខភាព និងវិភាគឈាម ពីរោគថ្លើម សារជាតិញៀន និងជំងឺអេដស៍។ ចំពោះបេក្ខជនដែលនារីត្រូវមានកម្ពស់ចាប់ពី១.៥៥ ម៉ែត្រឡើងទៅ មានទម្ងន់ពី៤៥ ទៅ៥៥ គីឡូ។ បើជាបុរសវិញ ត្រូវមានកម្ពស់ចាប់ពី១.៦៥ម៉ែត្រឡើងទៅ និងមានទម្ងន់ពី៥៥ ទៅ៦៥គីឡូ។
បេក្ខជនអាចមកដាក់ពាក្យជាមួយក្រុមការងារនៅការិយាល័យបុគ្គលិក នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដោយភ្ជាប់មកនូវឯកសារច្បាប់ដើម សញ្ញាបត្រ,អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ៕
Tag:
អគ្គស្នងការនគរបាលជាតិ
បុគ្គលិក
ខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com