ភ្នំពេញ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញ លើផ្លូវសរុប ៣៤ ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ បានចាប់ផ្ដើមអនុវត្តជាបណ្ដើរៗ ក្នុងទំហំទឹកប្រាក់សរុបជាង ២០០លានដុល្លារអាមេរិក។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង៣៤ខ្សែនេះ គឺមានការចូលរួមពីកម្លាំងជំនាញ ដើម្បីដោះស្រាយឱ្យទាន់សភាពការណ៍ ក្នុងនោះមានកងវិស្វកម្ម សម្តេច ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩.៣៦៥ម ចំនួន ០១ ខ្សែ។ កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង ៥.៣៦៥ម ចំនួន ០១ខ្សែ។ ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣.៣៦០ម ចំនួន ០៥ខ្សែ។ ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ស្ថាបនា មហាវិថីរាមលេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១.៦០៣ម ចំនួន ០២ខ្សែ។ ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែងសរុប ១២.៥៧២ម. ចំនួន ០៩ខ្សែ ។ ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦.៥០៦ម ចំនួន ១ខ្សែ និង ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥.៥៦២ម ចំនួន ០៥ ខ្សែ។
រូបពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
តាមផែនការគ្រោងទុក «មហាវិថីជំទាវម៉ៅ» គឺជាខ្សែផ្លូវយុទ្ឋសាស្ត្រថ្មីមួយសម្រាប់ដោះស្រាយបញ្ហាចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋពីផ្លូវបំបែករាម មកកាន់ក្រុងព្រះសីហនុ ដោយចំណាយរយៈពេលក្រោម ៣០នាទី។ នេះជាការបញ្ជាក់របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះផ្លូវក្នុងខេត្តព្រះសីហនុ បានរងការខូចខាតទាំងស្រុង ដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុករបស់ជនជាតិចិន។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរត្រូវការពេលវេលាប្រមាណជា ៨ខែ ឬ១ឆ្នាំ ដើម្បីស្ថាបនាផ្លូវទាំងនោះឡើងវិញ។
រូបពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
បើតាមលោក ភារម្យ ក្រៅពីបញ្ហាផ្លូវថ្នល់ ខេត្តជាប់មាត់សមុទ្រមួយនេះក៏កំពុងជួបបញ្ហាជាច្រើនទៀតផងដែរ បញ្ហាសំរាម ប្រព័ន្ធលូរំដោះទឹក អាងចម្រោះទឹកស្អាត និងបញ្ហាសន្តិសុខជាដើមផងដែរ។
« ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ នឹងភ្ញាក់ផ្អើលជាមួយសមិទ្ឋផលថ្មី ក្នុងទឹកដីខេត្តព្រះសីហនុ ដែលកើតមាននៅពេលខាងមុខនេះ។ ប៉ុន្តែដើម្បីសម្រេចបានតាមផែនការ គឺមិនមែនត្រឹមអាជ្ញាធរខេត្តទេ គឺប្រជាពលរដ្ឋក្នុងខេត្តទាំងមូលត្រូវរួមគ្នាប្រឹងប្រែងឲ្យអស់លទ្ឋភាព ដើម្បីប្រែក្លាយទីក្រុងមួយនេះ ឲ្យទៅជាទីក្រុងបៃតង និងជាទីក្រុងទេសចរណ៏ដ៏ទំនើប សម្រាប់បងប្អូនកម្ពុជា មកកម្សាន្តនៅឆ្នាំ ២០២០ ខាងមុខនេះ»។ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ៕