គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​២ ដែល​ចំណាយ​ជាង​៥០​លាន​ដុល្លារ នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ​
ជាតិ
សង្គមជាតិ
គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​២ ដែល​ចំណាយ​ជាង​៥០​លាន​ដុល្លារ នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ​
27, Oct 2019 , 1:49 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ២ ពី​ភ្នំពេញ​ទៅកាន់​ខេត្តតាកែវ នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០១៩​នេះ​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​បែបនេះ​នៅក្នុងពេល​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​។

 
​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២​នេះ នឹងត្រូវ​អនុវត្ត​នៅ​ដើមរដូវ​ប្រាំង ដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍​។​«​ប្រជាពលរដ្ឋ​លោក​តែងតែ​សួរថា ពេលណា​បើក​ការដ្ឋាន ឥឡូវ​ឈប់​ភ្លៀងហើយ​? ក្រុមហ៊ុន​កូរ៉េ​គេ​កំពុង​រៀបចំ​បញ្ជូន​គ្រឿងចក្រ​មក យើងខ្ញុំ​សង្ឃឹមថានឹង​បើក​កា​ដ្ឋា​ន ក្នុង​ខែ វិច្ឆិកា ឬ ខែធ្នូ នេះ​បើតាម​ការប៉ាន់ស្មាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​។​
 
​គម្រោង​ស្តារ​ផ្លូវជាតិ​លេខ​២ គឺ​ចាប់ពី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដល់​អូរ​ចំបក់ ជិត​ទី​រួម​ខេត្តតាកែវ ប្រវែង​៥៧​គីឡូម៉ែត្រ ព្រមទាំង​សាងសង់​ផ្លូវជាតិ​លេខ​២២ ពី​អូរ​ចំបក់ ដល់​អង្គតាសោម ប្រវែង​៩​គីឡូម៉ែត្រ​ផងដែរ​។ ក្រុមហ៊ុន Hanshin Engineering & Construction Co. Ltd ជា​អ្នកទទួលបន្ទុក​លើ​កិច្ចការ​សាងសង់​នេះ​។​
 
​គម្រោង​នេះ អាច​នឹងត្រូវ​ចំណាយ​ប្រមាណ ៥៦​លាន​ដុល្លារ ដែលជា​ថវិកា​កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េ និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ជាង​៨​លាន​ដុល្លារ​៕

Tag:
 ស៊ុន ចាន់ថុល
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com