អន្តរជាតិ
កាន់តំណែង៨៨១ថ្ងៃ លោកលី ណាក់យុន ក្លាយជានាយករដ្ឋមន្ត្រីយូរជាងគេនៅកូរ៉េខាងត្បូង លោក លី ណាក់យុន ក្លាយជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងកាន់តំណែងយូរជាងគេគិតចាប់តាំងពីឆ្នាំ១៩៨៧។ រូបភាព Trend News Agency
× លោក លី ណាក់យុន (Lee Nak-yon) នៅថ្ងៃទី ២៨ ខែតុលា បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងបានយូរជាងគេរបស់កូរ៉េខាងត្បូងគិតចាប់តាំងពីឆ្នាំ១៩៨៧ ជាឆ្នាំដែលកូរ៉េខាងត្បូងអនុវត្តប្រព័ន្ធបោះឆ្នោតរើសប្រធានាធិបតីដោយផ្ទាល់។ បើគិតត្រឹមថ្ងៃទី២៨ ខែតុលា លោក លី កាន់តំណែងនាយករដ្ឋមន្ត្រីបាន៨៨១ថ្ងៃ។ ក្នុងអាណត្តិប្រធានាធិបតី មូនចេអ៊ីន តំណែងនាយករដ្ឋមន្ត្រីនេះ មានឥទ្ធិពលច្រើនជាងមុន ហើយទទួលបានសិទ្ធិរៀបចំជំនួបកំពូលជាមួយបរទេសទៀតផង។
លោក លី ណាក់យុន ត្រូវបានប្រធានាធិបតី មូន ចេអ៊ីន តែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែឧសភា ឆ្នាំ២០១៧ ពេលលោក មូន ជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមុនអាណត្តិដើម្បីជំនួសតំណែងអ្នកស្រី ប៉ាក ហ្គឺនហេ ដែលចោមរោមដោយរឿងអាស្រូវពុករលួយ។ កាលនោះ លោក លី កំពុងកាន់តំណែងអភិបាលខេត្តចូឡាខាងត្បូង (South Jeolla)។ លោកបានលាលែងពីតំណែងចៅហ្វាយខេត្តភ្លាមៗក្រោយទទួលបានការតែងតាំងពីលោក មូន ។
គិតពីខែឧសភា ឆ្នាំ២០១៧ មកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក លី អង្គុយកៅអីនាយករដ្ឋមន្ត្រីចំនួន៨៨១ថ្ងៃ ហើយក្លាយជាឥស្សរជនដែលកាន់តំណែងនេះបានយូរជាងគេ។ លោក លី បានបំបែកកំណត់ត្រាចាស់របស់លោក គីម វ៉ាងស៊ីក (Kim Hwang-shik) ដែលកាន់កាប់កៅអីនាយករដ្ឋមន្ត្រីបានចំនួន៨៨០ថ្ងៃចន្លោះខែតុលា ឆ្នាំ២០១០ ដល់ខែកុម្ភៈ ឆ្នាំ២០១៣ សម័យប្រធានាធិបតី លោក លី ម្យុងបាក់ ។
ក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបែបនេះ លោក លី អះអាងថា លោកពិតជាមានកិត្តិយសណាស់។ ប៉ុន្តែលោកក៏មិនសូវសប្បាយចិត្តដែរ ព្រោះប្រជាជនកូរ៉េខាងត្បូងជាច្រើននៅតែជួបបញ្ហាលំបាក ស្របពេលសេដ្ឋកិច្ចថមថយនោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
មុនក្លាយជានាយករដ្ឋមន្ត្រី លោក លី ដែលជាអ្នកនយោបាយមាននិន្នាការសេរីនិយម ធ្លាប់ធ្វើជាអ្នកសារព័ត៌មាន និងជាសមាជិកសភារបស់បក្សប្រជាធិបតេយ្យដែលសព្វថ្ងៃជាបក្សកំពុងកាន់អំណាច ចំនួនបួនអាណត្តិផងដែរ។ នៅកូរ៉េខាងត្បូង អាណត្តិសភាមានរយៈពេលបួនឆ្នាំ។ នៅឆ្នាំ២០១៤ លោក បានលាលែងពីតំណែងសមាជិកសភា ដើម្បីចូលរួមការបោះឆ្នោតថ្នាក់តំបន់ ហើយក៏ជាប់ឆ្នោតជាអភិបាលខេត្តតែម្ដង។
ជិត៩០០ថ្ងៃមកនេះ លោក លី បានជួយលោក មូន ក្នុងការដឹកនាំការងារក្នុងស្រុក និងកិច្ចការការទូតផងដែរ។ ជារឿងគួរឲ្យកត់សម្គាល់មួយសម្រាប់លោក លី ដែលជានាយករដ្ឋមន្ត្រី តែបានចេញមុខចេញមាត់ច្រើនលើឆាកអន្តរជាតិ ខណៈកិច្ចការចម្បងរបស់លោក គឺបញ្ហាក្នុងស្រុកនោះ។ លោក មូន ផ្ដល់ឱកាសឲ្យលោក លី មានជំនួបថ្នាក់កំពូលជាមួយមេដឹកនាំបរទេសនានា ស្របពេលដែលកូរ៉េខាងត្បូងព្យាយាមចេញមុខមាត់កាន់តែខ្លាំងលើវេទិកាពិភពលោក។
បច្ចុប្បន្ន លោក លី ត្រូវបានគេឃើញថា ជាបេក្ខជននាំមុខរបស់បក្សកាន់អំណាចក្នុងការបន្តវេនពីលោក មូន ដែលនឹងចប់អាណត្តិនៅពេលខាងមុខ។ លោកក៏ទំនងជាត្រឡប់ទៅចូលរួមជាមួយបក្សកាន់អំណាចមុនការបោះឆ្នោតសភាឆ្នាំក្រោយនេះដើម្បីជំរុញប្រជាប្រិយភាពបក្សឲ្យកាន់តែខ្ពស់ថែមទៀត៕
Tag:
កូរ៉េខាងត្បូង
លី ណាក់យុន
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com