ជាតិ
សង្គមជាតិ
លោក ជ្រិ​ន ជីវ៉ា បង្កើត​មនុស្ស​យន្ត Humanoid robot ដើម្បី​ជំរុញ​ឲ្យ​យុវជន​ខ្មែរ ហ៊ាន​បង្កើត​រ៉ូ​បូត​សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​
29, Oct 2019 , 8:39 am        
រូបភាព
លោក ជ្រិន ជីវ៉ា អ្នក​បង្កើត​មនុស្សយន្ត Humanoid Robot ​​
លោក ជ្រិន ជីវ៉ា អ្នក​បង្កើត​មនុស្សយន្ត Humanoid Robot ​​
ដោយ:
​ភ្នំពេញ​៖ Humanoid robot គឺជា​មនុស្ស​យន្ត​ដែល​លោក ជ្រិ​ន ជីវ៉ា ប្រធាន​ផ្នែក​បច្ចេកទេស​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ និង​សមាជិក​ក្រុម​ដទៃទៀត បាន​ដំឡើង​រួចរាល់​នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩​។ លោក ជ្រិ​ន ជីវ៉ា បាន​យក Humanoid robot ទៅ​ចូលរួម​នៅក្នុង​ពិព័រណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​២៦ ខែតុលា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​



​បើតាម​ប្រធាន​ផ្នែក​បច្ចេកទេស​ស្រាវជ្រាវ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ មនុស្ស​យន្ត Humanoid robot មាន​សមត្ថភាព​ឆ្លើយឆ្លង​ជាមួយ​មនុស្ស​បាន អាច​លើកដៃ​សំពះ ចាប់ដៃ និយាយបាន​២​ភាសា ដើរ និង​ចងចាំ​មុខ​មនុស្ស​ជាដើម​។ នេះ​មិនមែនជា​លើក​ទី​១​មួយ​នោះទេ ដែល Humanoid robot បានបង្ហាញ​វត្ត​មាននៅ​ចំពោះមុខ​សាធារណជន​។ កន្លងមក មនុស្ស​យន្ត​ដែល​អាច​អាចនិយាយបាន​២​ភាសា គឺ​ភាសា​ខ្មែរ និង​អង់គ្លេស​នេះ ត្រូវបាន​លោក ជីវ៉ា យកទៅ​បង្ហាញ​នៅក្នុង​កម្មវិធី​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ហើយ​រាល់​ការបង្ហាញ​វត្តមាន​ម្តងៗ គឺ តែងតែ​ទទួលបាន​ការកោតសរសើ​រ​ពី​សាធារណជន​។ លោក ជ្រិ​ន ជីវ៉ា បន្ថែម​ដូច្នេះ​។​

​លោក ជីវ៉ា និង​សមាជិក​ដទៃទៀត បាន​ចំណាយពេល​ជិត​២​ឆ្នាំ ដើម្បី​ដំឡើង​មនុស្ស​យន្ត  Humanoid robot ដែល​អាចមាន​ចលនា ដូចជា​ការដើរ លើកដៃ​សំពះ ចាប់ដៃ និយាយបាន​២​ភាសា (​ខ្មែរ និង​អង់គ្លេស​) និង​ចងចាំ​មុខ​មនុស្ស​នេះ​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឧបត្ថម្ភ​ប្រាក់ ជិត​២​ម៉ឺន​ដុល្លារ សម្រាប់​ការដំឡើង​តួ​ដងខ្លួន និង​បំពាក់​ប្រព័ន្ធ​បញ្ជា​លើ​មនុស្ស​យន្ត​នេះ​។​


មនុស្ស​យន្តដែល​មាន​ឈ្មោះថា Humanoid Robot ​ត្រូ​វ​បានលោក ជ្រិន ជីវ៉ា ​ដាក់បង្ហាញ​នៅ​ក្នុង​សាល​​ដ៏​ធំ​ដែល​មាន​មនុស្សរាប់ពាន់នាក់​ទស្សនានៅ​វិទ្យាសា្ថន​បច្ចេកវិទ្យាកម្ពុជា

​បើតាម លោក ជ្រិ​ន ជីវ៉ា មនុស្ស​យន្ត​នេះ បង្កើតឡើង​មិន​ត្រឹមតែ​ចង់បង្ហាញ​ពី​លក្ខណៈពិសេស​របស់​វា​នោះទេ ប៉ុន្តែ​លោក និង​សមាជិក​ក្រុម ចង់​បំផុសស្មារតី​ឲ្យ​យុវជន​ជំនាន់​ក្រោយ ចាប់យក​មុខវិជ្ជា​ស្ទែ​ម ដើម្បី​ឲ្យ​កម្ពុជា​ឆ្ពោះទៅរក​ភាពទំនើប​កម្ម​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ចង់​ធ្វើជា​គំរូ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ហ៊ាន​បង្កើត​រ៉ូ​បូត​ទំនើប​សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ 

​លោក ជ្រិ​ន ជីវ៉ា រៀបរាប់ថា​៖«​បច្ចេកវិទ្យា​ជំរុញ​ឲ្យ​យើង​ប្រឹង​តាម​គេ ប្រសិនជា​យើង មិន​ចាប់​ផ្តើមធ្វើ​ទេ គឺ​អត់​មាន​អ្នកណា​គេ​ហ៊ាន​ធ្វើ​ទេ​។ ពីមុនមក​ខ្ញុំ​ជា​អ្នក​ដែល​ចង់​ធ្វើ​អាហ្នឹង ប៉ុន្តែ​មិនដែល​ប្រាថ្នា​ថា ខ្ញុំ​អាចធ្វើ​បាន​នោះទេ​។ តែ​ទាល់តែ​ខ្ញុំ​បាន​រៀន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បាន​មាន​សមត្ថភាព​ធ្វើ​។ បាន​ខ្ញុំ​គិត​ទៀតថា បើ​ខ្ញុំ​ធ្វើ​អាហ្នឹង​បាន​មួយ​សម្រាប់​បង្ហាញ​នៅ​សាធារណៈ អ្នកណា​ក៏មាន​ទំនុកចិត្ត ហើយ​មាន​ក្តី​សង្ឃឹមថា អាចធ្វើ​បាន … នេះ​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​គិត​អ៊ីចឹង​។ បង្កើត​រ៉ូ​បូត​នេះ​ឡើង មិនមែន​តែ​បង្ហាញ​ឲ្យ​ល្អមើល​ទេ គឺ​ឲ្យ​សិស្ស និស្សិត​គាត់​ចាប់យក​ជំនាញ​បច្ចេកទេស​»​។

​ក្រៅពី​ជំរុញ​ឲ្យ​សិស្ស និស្សិត ចាប់យក​ជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម Engineering និង​គណិតវិទ្យា​(STEM) ដែល​សម្បូរ​ទីផ្សារ​នៅ​អនាគត​ហើយ លោក ជីវ៉ា ក៏​គ្រោង​ដំឡើង​មនុស្ស​យន្ត​នេះ ឲ្យ​អាច​និយាយ​ភាសា​ចិន​បន្ថែមទៀត និង​មានលទ្ធភាព​ជំនួស​ការងារ​របស់​ម​នុស្ស​នៅ​ថ្ងៃ​អនាគត​៕

Tag:
 រ៉ូ​បូត​
 ​មនុស្ស​យន្ត​
 ​ជ្រិ​ន ជីវ៉ា​
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com