ជាតិ
​​​ន​យោ​បាយ​ជាតិ​
រាជ​អាវុធហត្ថ ដាស់តឿន​ស្មារតី​កងកម្លាំង​ខ្លួន អំពី​ផែនការ​ក្រុមប្រឆាំង​
30, Oct 2019 , 7:59 am        
រូបភាព
លោក ស សំបូរធន ថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
លោក ស សំបូរធន ថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​ស្ថាប័ន​កងរាជអាវុធហត្ថ បានរៀបចំ​ពិធី​មួយ ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​ជំនួយស្មារតី​ដល់​កងកម្លាំង​រាជ​អាវុធហត្ថ ដោយ​ផ្តោត​សំខាន់​លើ​ផែនការ​នៃ​ការវិលត្រឡប់​របស់​ក្រុមប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ គេហទំព័រ​ក្រសួងការពារជាតិ ចុះផ្សាយ​ថា ការរៀបចំ​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​ជំនួយស្មារតី​នេះ គឺ​ធ្វើតាម​ការណែនាំ​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។



​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ធ្វើជា​អធិបតី​ជំនួស​លោក សៅ សុខា បាន​រម្លឹក​ពី​ផែនការ​របស់លោក សម រង្ស៊ី ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​ពិធី​ដែល​រៀបចំ​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បានលើកឡើង​អំពី​ការពង្រឹង​សតិអារម្មណ៍​ដល់​កងរាជអាវុធហត្ថ ដើម្បី​ក្ដាប់​ឲ្យ​ជាប់​នូវ​ការវិវត្ត​សភាពការណ៍​ថ្មីៗ និង​បញ្ហា​សន្ដិសុខ​។

​លើសពីនេះ លោក ស សំបូរ​ធន ដាស់តឿន​កងរាជអាវុធហត្ថ ឲ្យ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និង​រដ្ឋាភិបាល​។ ក្រសួងការពារជាតិ បាន​សរសេរ​ដូ​ច្នះ​ថា​៖«​ជា​ចុងក្រោយ ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន បាន​ផ្តាំផ្ញើ​និង​រម្លឹក​កងរាជអាវុធហត្ថ​ទាំងអស់ ឲ្យ​យល់​អំពី​កិច្ចការ​របស់ខ្លួន ដែល​ត្រូវ​ទទួលខុសត្រូវ ពិសេស​អំពី​ព្រឹត្តិការ​ណ៏​ថ្មីៗ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​បទបញ្ជា​របស់​រដ្ឋាភិបាល ព្រមទាំង​ការពារ​រដ្ឋាភិបាល​ឲ្យ​បាន មិន​ឲ្យ​ពួក​ឧទ្ទាម​ក្បត់ជាតិ បំផ្លាញ​សន្តិភាព និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បានជា​ដាច់ខាត​»​។

​មិនមែន​តែ​កងរាជអាវុធហត្ថ​ទេ ទាំង​យោធា​និង​នគរបាល ក៏​ប្រកាស​ដែរ ថា​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ចាប់​លោក សម រង្ស៊ី និង គ្នីគ្នា​របស់លោក​តាម​ដីកា​តុលាការ បើ​ក្រុម​លោក មកដល់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពិតមែន​។ លោក សម រង្ស៊ី ប្រកាស​ជា​ដដែលៗ​ថា គម្រោង​មក​កម្ពុជា នឹង​ផ្លាស់ប្តូរ​ឡើយ ទោះ​ត្រូវ​រដ្ឋាភិបាល​គំរាម​យ៉ាងណាក៏ដោយ​៕ 

Tag:
 កង​រាជ​អាវុធ​
  ក្រុមប្រឆាំង​
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com