អន្តរជាតិ
ប្រទេស​ឡាវ​រង​ការជំរុញ​ឲ្យ​លុបចោល​គម្រោង​ទំនប់​វា​រី​អគ្គិសនី Luang Prabang
30, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​បាងកក ៖ អង្គការ​ទាំង​នោះបាន​ព្រមាន​ថា​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹងមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​ពឹង​ផ្អែកលើ​ទន្លេ​នេះ​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគេ​។​

 
«​ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​» រយៈពេល ៦ ខែ សម្រាប់​គម្រោង​ទំនប់​វា​រី​អគ្គិសនី Luang Prabang នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៨ ខែតុលា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ដៃគូ​របស់​ប្រទេស​ឡាវ​នៅក្នុង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដូចជា​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម មានលទ្ធភាព​អាច​ពិនិត្យឡើងវិញ​នូវ​គម្រោង​នេះ និង​លើកឡើង​ពី​ការព្រួយបារម្ភ​នានា​។​
 
​ប៉ុន្តែ ក្រុម​អង្គការ​សិទ្ធិ​បរិស្ថាន​បាន​បញ្ជាក់ថា សហគមន៍​កសិកម្ម និង​នេសាទ ដែល​ត្រូវគេ​រំពឹងថា​នឹងរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ដូចនេះ បាន​ខកចិត្ត​ដោយសារ​ការប្រឹក្សា​យោបល់​សម្រាប់​គម្រោង​ដែល​អនុម័ត​រួចហើយ​កាលពី​លើក​មុន ហើយ​ពួកគេ​រំពឹងថា លើក​នេះ​ក៏​មិន​ខុសពី​លើក​មុន​ដែរ​។​
 
​ទំនប់​វា​រី​អគ្គិសនី Luang Prabang គឺជា​ទំនប់​ទី ៥ ដែល​នឹង​សាងសង់ឡើង​តាម​បណ្ដោយ​ខ្សែទឹក​ទន្លេមេគង្គ ដែល​ប្រទេស​ឡាវ​នឹងដាក់​ឲ្យ​ពិភាក្សា​។ ដោយសារតែ​ទំនប់​វា​រី​អគ្គិសនី​នេះ​អាច​ផលិត​អគ្គិសនី​បាន ១ ពាន់ ៤៦០ មេ​ហ្គា​វ៉ា​ត់ វា​នឹង​ក្លាយជា​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​បំផុត​ក្នុងចំណោម​ទំនប់​វា​រី​អគ្គិសនី​កន្លងមក​របស់​ឡាវ​។​
 
​អ្នកស្រី Pianporn Deetes ប្រធាន​ផ្នែក​យុទ្ធនាការ​ប្រទេស​ថៃ​នៃ​អង្គការ International Rivers ដែលជា​អង្គ​ការតស៊ូ​មតិ​ឲ្យ​មានការ​គ្រប់គ្រង​ទន្លេ​ប្រកបដោយ​ចីរភាព និយាយ​ដូច្នេះ​ថា​៖ «​សម្រាប់​ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​ចំនួន ៤ លើក​កន្លងមក ដែល​យើង​បានឃើញ យើង​ឃើញថា​មាន​ចន្លោះប្រហោង​យ៉ាង​ធំ និង​មិនមាន​ការដាក់បញ្ចូល​នូវ​សហគមន៍​ដែល​រង​ការប៉ះពាល់​នៅក្នុង​ដំណើរការ​នេះ​ទេ​»​។​
 
​អ្នកស្រី​បាន​ប្រាប់ VOA ដូច្នេះ​ថា​៖ «​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ដំណើរការ​ប្រឹក្សា​យោបល់​នេះ​គឺ​គ្រាន់តែ​ជាការ​ប្រថាប់ត្រា​ដើម្បី​ឲ្យ​មានការ​សម្រេច​អនុម័ត​លើ​គម្រោង​នេះ​តែប៉ុណ្ណោះ​»​។​
 
​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​មិនអាច​មាន​សិទ្ធិ​ជំទាស់​ទៅនឹង​គម្រោង​របស់​សមា​ជិ​ក​ណាមួយ​ទាក់ទិន​នឹង​ទន្លេមេគង្គ នៅក្នុង​អំឡុងពេល​ប្រឹក្សា​យោបល់​នោះបានទេ គឺ​គ្រាន់​តែមាន​សិទ្ធិ​ត្អូញត្អែរ និង​ស្នើ​ជា​យោបល់​តែប៉ុណ្ណោះ​។​
 
​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​អំពី​ទំនប់​វា​រី​អគ្គិសនី Xayaburi កាលពី​លើក​មុន រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន Xayaburi Power ដែលជា​អ្នក​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ បានធ្វើ​ការកែប្រែ​មួយចំនួន​ដើម្បី​ជួយ​ឲ្យ​ត្រី​អាច​ហែល​ឆ្លងកាត់​បាន​។​
 
​ប៉ុន្តែ អ្នកស្រាវជ្រាវ និង​អង្គការ​ការពារ​បរិស្ថាន​នានា​បាន​បញ្ជាក់ថា ការកែប្រែ​នេះ​ប្រហែលជា​គ្មាន​ភាពខុស​គ្នាច្រើន​អ្វី​នោះទេ ដោយ​ទំនប់​ខ្លះ​ត្រូវបាន​គេ​ប្រើ​ធ្វើជា​គំរូ​នៅលើ​ទន្លេ​ដែលមាន​ស្ថានភាព​ផ្សេងៗ​គ្នា​។ លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​បាន​លើកឡើងថា ខ្លួន​មិនអាច​បញ្ជាក់​បានទេ​ថា​តើ​ទំនប់​វា​រី​អគ្គិសនី​នេះ​អាចជួយ​បាន​ច្រើន​ប៉ុណ្ណា​នោះ ដោយសារតែ​ក្រុមហ៊ុន​មិនបាន​ចែករំលែក​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​។​
 
​ក្រុម​អង្គការ​ការពារ​បរិស្ថាន​បញ្ជាក់ថា ការប្រឹក្សា​យោបល់​ទាំងនេះ​មិនបាន​ជោគជ័យ​អ្វី​នោះទេ​។​
 
​យុទ្ធនាការ Save the Mekong ដែលជា​សម្ព័ន្ធភាព​នៃ​ប្រជាពលរដ្ឋ​ដែល​ខ្វាយខ្វល់​អំពី​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ទំនប់​វា​រី​អគ្គិសនី និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​នានា​នៅ​ទូទាំង​តំបន់​អាង​ទន្លេមេគង្គ កំពុង​ជំរុញ​ឲ្យ​ប្រទេស​ឡាវ​លុបចោល​គម្រោង​ទំនប់​វា​រី​អគ្គិសនី Luang Prabang នេះ និង​ទំនប់​វា​រី​អគ្គិសនី​ផ្សេងទៀត ដែល​ឡាវ​គ្រោង​នឹងធ្វើ​ឡើង​នៅតាម​ទន្លេមេគង្គ​។​
 
​យុទ្ធនាការ Save the Mekong នេះ បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ថា​៖ «​មាន​សញ្ញា​តិចតួច​ប៉ុណ្ណោះ​ដែល​បង្ហាញថា ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​សម្រាប់​គម្រោង​ទំនប់​វា​រី​អគ្គិសនី Luang Prabang នេះ​ខុសពី​ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​កាលពី​លើក​មុនៗ ឬក៏​បង្ហាញថា ដំណើរការ​ប្រឹក្សា​យោបល់​នេះ​នឹង​អាច​ធានា​ឲ្យ​មាននូវ​ស្តង់ដារ​អប្បបរមា​នៃ​តម្លាភាព និង​ការទទួលខុសត្រូវ​នោះ នេះ​មិនបាច់​និយាយ​ដល់​ការអនុញ្ញាត​ឲ្យ​មានការ​ចូលរួម​ប្រកបដោយ​ផ្លែផ្កា​ពី​សហគមន៍​ដែល​រង​ការប៉ះពាល់ សង្គម​ស៊ីវិល និង​សាធារណជន​ទូទៅ​ផង​»​។​
 
​សេចក្ដីប្រកាស​របស់​យុទ្ធនាការ​នេះ​បាន​បន្ថែមថា​៖ «​ជាជាង​ចាប់ផ្ដើម​នូវ​ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​ដែលមាន​គុណវិបត្តិ​មួយទៀត យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ស្ថិតនៅ​តំបន់​ទន្លេមេគង្គ​ខាងក្រោម និង​គណៈកម្មការ​ទន្លេ​មេគង្គ​ឲ្យ​ដោះស្រាយ​ការព្រួយបារម្ភ​ដែល​មិនទាន់​ដោះស្រាយ​នេះ​ទាក់ទិន​នឹង​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​នានា​តាម​ខ្សែទឹក​ទន្លេមេគង្គ និង​ធ្វើការ​វាយតម្លៃ​ដ៏​ទូលំទូលាយ​ដើម្បី​សិក្សា​ពី​ជម្រើស​ដទៃទៀត​»​។​
 
​ការសិក្សា​រយៈពេល ៦ ឆ្នាំ របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ បាន​រកឃើញថា ផលប៉ះពាល់​ជា​បន្តបន្ទាប់​នៃ​ទំនប់​វា​រី​អគ្គិសនី​ចំនួន ១១ ដែល​គ្រោង​សាងសង់ឡើង​តាម​ខ្សែទឹក​ទន្លេមេគង្គ​នៃ​ភាគខាងត្បូង​ប្រទេស​ចិន​នៅត្រឹម​ឆ្នាំ ២០៤០ ដែល​ទំនប់ ៩ នៅក្នុង​ប្រទេស​ឡាវ ហើយ​ទំនប់ ២ នៅក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​គំរាម​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀងអាហារ​នៃ​តំបន់​ទាំងមូល​។ ការសិក្សា​នេះ​បាន​បញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ​នឹង​កាត់បន្ថយ​ទិន្នផល​ត្រី​នៅ​ទូទាំង​អាង​ទន្លេមេគង្គ​យ៉ាងតិច​ត្រឹម ៤០ ភាគរយ ឬក៏​អាច​ច្រើនជាង​នេះ​ពីរដង​ក៏​ថា​បាន​។​
 
​ការវាយតម្លៃ​អំពី​ផលប៉ះពាល់​សម្រាប់​ទំនប់​វា​រី​អគ្គិសនី Luang Prabang នេះ​ផ្ទាល់ បាន​បង្ហាញថា ទំនប់​វា​រី​អគ្គិសនី​នេះ​នឹងធ្វើ​ឲ្យ​ត្រី​ដែល​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​មានការ​លំបាក​ជាង​មុន​នៅក្នុង​ការ​ហែល​បញ្ច្រាស​ច​រ​ន្ត​ទឹក ហើយ​ភាគច្រើន​នៃ​ត្រី​ដែល​អាច​ចនឹង​អា​ចរក​ជម្រក​សម្រាប់​ប​ង្ក​បង្កើត​ពង​បាន​តិចតួច​ប៉ុណ្ណោះ​។​
 
​ការវាយតម្លៃ​នេះ​បាន​បន្ថែមថា ការសិក្សា​មួយចំនួន​ដែលមាន​គោលបំណង​ជួយ​ប្រទេស​ឡាវ​ឲ្យ​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​មាន​ភាព​ធូរស្រាល​ជាង​មុន នឹង​ធ្វើឡើង​នៅពេលដែល​គម្រោង​នេះ​ឈានដល់​ដំណាក់កាល​សាងសង់​តែប៉ុណ្ណោះ​។​
 
​ទោះបីជា​មានការ​ព្រមាន​ក៏ដោយ រដ្ឋាភិបាល​ឡាវ​នៅតែ​បន្ត​ទៅមុខ​នូវ​គម្រោង​របស់ខ្លួន​នៅក្នុង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅលើ​ទន្លេមេគង្គ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ប្រទេស​ឡាវ​បាន​ក្លាយជា «​អាគុយ​នៃ​ទ្វីបអាស៊ី​»​។​
 
​ប៉ុន្តែ ក្រុម​អង្គការ​ការពារ​បរិស្ថាន​បាន​បញ្ជាក់ថា ការ​ទស្សន៍ទាយ​អំពី​ការប្រើប្រាស់​អគ្គិសនី​បាន​បង្ហាញថា បណ្ដា​ប្រទេសជិតខាង​នឹងមិន​ត្រូវការ​បរិមាណ​អគ្គិសនី​ដែល​ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ​នឹង​ផលិត​បាន​នោះទេ ដោយសារ​តែមាន​ជម្រើស​ដែល​ប្រសើរ​ជាង​នេះ​ច្រើនណាស់​។​
 
​អ្នកស្រី Pianporn នៃ​អង្គការ International Rivers បាន​និយាយថា​៖ «​គេ​ចាំបាច់​ត្រូវ​ចោទ​សួររក​មូលហេតុ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី Luang Prabang នេះ ហើយ​សំណួរ​នេះ​ត្រូវ​ឆ្លើយ​ដោយ​អ្នកធ្វើ​សេចក្ដីសម្រេចចិត្ត​អំពី​មូលហេតុ​ដែល​ធនធាន​សំខាន់ៗ​នៃ​អាង​ទន្លេមេគង្គ​ត្រូវបាន​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី ធនាគារ និង​អ្នក​អភិវឌ្ឍ​កេងប្រវ័ញ្ច​ជា​បន្តបន្ទាប់ ដោយ​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ផលប៉ះពាល់​ដែល​កំពុងមាន​សព្វថ្ងៃ​ដែល​បណ្ដាលមកពី​គម្រោង​នេះ​»​។​
 
​លោក Syamphone Sengchandala ប្រធាន​ផ្នែក​គ្រប់គ្រង និង​សម្របសម្រួល នៃ​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រទេស​ឡាវ បាន​ប្រាប់ VOA ថា លោក​គ្មាន​ការពាក់ព័ន្ធ​នឹង​រឿង​ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ​ទេ ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​ឲ្យ​ក្រសួង​ថាមពល​ជា​អ្នកឆ្លើយ​វិញ ប៉ុន្តែ VOA មិនអាច​ទាក់ទង​ក្រសួង​ថាមពល​នោះ​សុំ​ការបំភ្លឺ​បានទេ​។​
 
​អ្នកទទួល​ភ្ញៀវ​នៃ​ក្រុមហ៊ុន PetroVietnam ដែលជា​សហគ្រាស​របស់​ប្រទេស​វៀតណាម​ទទួលបន្ទុក​សាងសង់​ទំនប់​វា​រី​អគ្គិសនី Luang Prabang នេះ បាន​បដិសេធ​មិន​ព្រម​ភ្ជាប់​ទូរស័ព្ទ​របស់ VOA ជាមួយនឹង​មន្ត្រី​ក្រុមហ៊ុន ឬក៏​បុគ្គលិក​ផ្នែក​ទំនាក់ទំនង និង​បាន​និយាយថា បើតាម​គោលនយោបាយ​របស់​ក្រុមហ៊ុន សំណើសុំ​ការអត្ថាធិប្បាយ​ណាមួយ​គឺ​ត្រូវធ្វើឡើង​តាម​ការផ្ញើ​ជា​សំបុត្រ​។​
 
​នៅក្នុង​ចម្លើយ​ដែល​ត្រៀម​សម្រាប់ VOA លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​បាន​ទទួលស្គាល់ថា ដំណើរការ​ប្រឹក្សា​យោបល់​នេះ «​គ្មាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​នោះទេ​នៅពេល​បច្ចុប្បន្ននេះ​»​។​
 
​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​នេះ​បាន​បញ្ជាក់ថា ខ្លួន​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ទទួលបាន​ការឆ្លើយតប​ពី «​ភាគី​ពាក់ព័ន្ធ​នានា​» និង​កំពុង​សិក្សា​លើ​ការធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​សម្រាប់​គម្រោង​នីមួយៗ ដែល​ក្នុងនោះ​មាន​ទាំង​ការបន្ថែម​នូវ «​ផែនការ​សកម្មភាព​រួម​គ្នា​» ផងដែរ ដែលជា​ដំណើរការ​មួយ​ដែល​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ និង​ប្រទេស​ផ្សេងទៀត​អាច​បន្ត​ពិភាក្សាគ្នា​បាន នៅពេលដែល​ដំណើរការ​ប្រឹក្សា​យោបល់​រយៈពេល ៦ ខែ​នេះ បានបញ្ចប់​។​
 
​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​បាន​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការប្រឹក្សា​យោបល់​នេះ​ទេ នោះ​ការធ្វើ​ឲ្យ​គម្រោង​ទំនប់​វា​រី​អគ្គិសនី Xayaburi មាន​ភាពប្រសើរឡើង​នោះ នឹងមិន​បានកើត​ឡើង ហើយ​ឯកសារ​នៃ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​មួយចំនួន​ផ្សេងទៀត​នឹងមិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះឡើយ​។​
 
​លេខាធិការដ្ឋាន​នេះ​បាន​បន្ថែមទៀតថា​៖ «​យើង​ជឿថា ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​បានធ្វើ​តាម​គោលបំណង​របស់ខ្លួន និង​បាន​ឆ្លើយតប​ស្របតាម​បេសកកម្ម​របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។ ប៉ុន្តែ ដោយសារតែ​វា​ជា​ដំណើរការ យើង​ទទួលស្គាល់ថា វា​តែងតែមាន​ចន្លោះប្រហោង​ជាមិនខាន​»​។​
 
​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​បាន​លើកឡើងថា ការធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​ទាំងនោះ​មានដូចជា​ការវាយតម្លៃ​អំពី​ផលប៉ះពាល់​នៃ​គម្រោង ដែល​ផ្ដោតលើ​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​នីមួយៗ​ដែល​អាច​នឹង​កើត​ឡើងលើ​ប្រទេស​ផ្សេង​ក្រៅពី​ប្រទេស​ដែល​សាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ការ​ស្ដាប់​ការព្រួយបារម្ភ​របស់​អ្នកភូមិ និង​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​នានា ទោះបីជា​បន្ទាប់ពី​ពេលដែល​ដំណើរការ​ប្រឹក្សា​យោបល់​នេះ​បញ្ចប់ទៅ​ក៏ដោយ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com