FFC សុំ​ភ្លើង​ខៀវ​ពី AFC ដើម្បី​អាចដាក់​លក់​សំបុត្រ​សម្រាប់​តំបន់​ដែល​គ្មាន​កៅអី
FIFA
កីឡាជាតិ
ជាតិ
FFC សុំ​ភ្លើង​ខៀវ​ពី AFC ដើម្បី​អាចដាក់​លក់​សំបុត្រ​សម្រាប់​តំបន់​ដែល​គ្មាន​កៅអី
30, Oct 2019 , 2:27 pm        
រូបភាព
កីឡាករជម្រើសជាតិ​កម្ពុជា នាំគ្នា​ស្វាគមន៍ក្រុមអ្នកគាំទ្រ​នៅតំបន់គ្មានកៅអី ក្រោយជំនួបជាមួយអឺរ៉ាក់ក្នុងវគ្គជម្រុះ World Cup។ រូបថត ប៉ាន់ បូនី
កីឡាករជម្រើសជាតិ​កម្ពុជា នាំគ្នា​ស្វាគមន៍ក្រុមអ្នកគាំទ្រ​នៅតំបន់គ្មានកៅអី ក្រោយជំនួបជាមួយអឺរ៉ាក់ក្នុងវគ្គជម្រុះ World Cup។ រូបថត ប៉ាន់ បូនី
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បានដាក់​សំណើរ​ទៅ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) ដើម្បី​ស្នើសុំ​លក់​សំបុត្រ​ប្រភេទ​ទី​ពីរ (​កន្លែង​អត់​កៅអី​) ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ពូ​ល G នៃ​វគ្គ​ជម្រុះ AFC U19 Championship 2020 ចន្លោះ​ពីថ្ងៃ​ទី​២-១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ តែ​យ៉ាងណា មកទល់ពេលនេះ ពុំទាន់​ទទួលបាន​ការឆ្លើយតប​ពី AFC នៅឡើយ​ទេ​។​



​គ្មាន​ការលក់​សំបុត្រ​ប្រភេទ​ពីរ​ឡើយ បើ​គ្មាន​ការអនុញ្ញាត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​អះអាងថា FFC បានដាក់​សំណើរ​សុំ​ការយោគយល់​ពី AFC ពាក់ព័ន្ធ​បញ្ហា​នេះ កាលពី​សប្តាហ៍​មុន​។ ប៉ុន្តែ​មកទល់​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែវិច្ឆិកា នេះ FFC ពុំទាន់​ទទួលបាន​ការឆ្លើយតប​ពី AFC នៅឡើយ​ទេ ខណៈ​ការប្រកួត​នឹង​ឈានចូល​មកដល់​ក្នុង​រយៈពេល​៣​ថ្ងៃ​ខាងមុខនេះ​។

​អគ្គលេខាធិការ​រូបនេះ រំ​ពឺ​ង​ទទួលបាន​ការយោគយល់​ពី AFC ក្នុង​ការលក់​សំបុត្រ​ប្រភេទ​ពីរ ដើម្បី​អនុញ្ញាត​ឲ្យ​ទស្សនិកជន​អាច​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ AFC U19 Championship ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល G​។ លោក​បន្ថែមថា FFC កំពុង​ខិតខំ​ធ្វើការ​លើ​បញ្ហា​នេះ ដើម្បី​ជំរុញ​ឲ្យ​មានការ​ឆ្លើយតប​ពី​ស្ថាប័ន​បាល់ទាត់​កំពូល​ប្រចាំ​តំបន់​អាស៊ី​មួយ​នេះ​។

​ការដាក់សំណើរ​របស់ FFC នេះ ធ្វើឡើង​ក្រោយ AFC ហាម​មិន​ឲ្យ​មាន​ការលក់​សំបុត្រ​ប្រភេទ​ពីរ​រាល់​ការប្រកួត​ដែល​រៀបចំ​ដោយ​ពួកគេ​។ ការលក់​សំបុត្រ​នឹងត្រូវ​បានអនុញ្ញាត​ឡើងវិញ ប្រសិនបើ FFC បំពាក់​កៅអី​ក្នុង​តំបន់​គ្មាន​កៅអី​រួចរាល់​។ ទោះបី​គ្មាន​ការអនុញ្ញាត​ពី AFC តែ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​អាច​លក់​សំបុត្រ​ប្រភេទ​១(​កន្លែង​មាន​កៅអី​)​បាន​ដូច​ធម្មតា ព្រោះ​តំបន់​នេះ​ពុំមាន​ការហាមឃាត់​នោះទេ​។

​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship 2020 កម្ពុជា​ស្ថិតនៅ​ពូ​ល G ជាមួយ​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង​កោះ Northern Mariana Islands​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២-១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

អត្ថបទទាក់ទង


Tag:
 បាល់ទាត់​
  កែវ សារ៉េត​
  AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com