កាសែតនៅអ៊ីតាលី អះអាងថាក្លិប Juventus បានបញ្ជូនអ្នកអង្កេតរបស់ខ្លួនទៅមើលការប្រកួតរវាង Liverpool ទល់ Tottenham Spur កាលពីចុងសប្ហាហ៍ ដើម្បីតាមដានទម្រង់លេងរបស់ខ្សែប្រយុទ្ធ Mohamed Salah ខ្សែបម្រើ Christian Eriksen និង Son Heung-min។ សេះបង្កង់គ្រោងនាំយកតារាទាំងបីទៅរួមក្រុម បើទោះសម្បូរកីឡាករឆ្នើមៗដូចជា Cristiano Ronaldo រួចហើយក្តី។
Salah, Eriksen និង Son សុទ្ធតែបានបង្ហាញខ្លួននៅជម្រើសដំបូងនាការប្រកួតក្នុងក្របខណ្ឌ Premier League ដោយក្រុមរបស់លោក Jurgen Klopp បានយកឈ្នះ Spurs ដែលមានលោក Mauricio Pochettino ជាអ្នកចាត់ការ ក្នុងលទ្ធផល ២-១។
ក្នុងជំនួបនោះ Salah ជាអ្នករកគ្រាប់ជ័យជម្នះឲ្យហង្សក្រហមដោយការទាត់បាល់ប៉េណាល់ទី មុនពេល Jordan Henderson ស៊ុតតាមរកគ្រាប់តាមស្មើ ពោលគឺក្រោយពេល Harry Kane សម្រេចទីគ្រាប់នាំមុខឲ្យ Spurs តាំងពីនាទីដំបូងនោះ។
យ៉ាងណាក៏ដោយ ការប្រកួតនៅ Anfield ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Eriksen មិនសូវបង្ហាញភាពលេចធ្លោដូចមិត្តរួមក្រុម Son ខ្សែប្រយុទ្ធកូរ៉េខាងត្បូង និងខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្ស៊ីប Salah ឡើយ។
បើយោងតាមការចេញផ្សាយរបស់កាសែតអ៊ីតាលី Tuttosport កីឡាករទាំងបីនេះ ត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកអង្កេតរបស់ក្លិប Juventus។ ពួកគេរាយការណ៍ថា Eriksen វ័យ២៧ឆ្នាំ ជាអាទិភាពចម្បងសម្រាប់ក្រុមសេះបង្កង់ ស្របពេលកិច្ចសន្យារបស់គេ នឹងត្រូវដល់កាលកំណត់នៅដើមរដូវកាលក្រោយ ដែលធ្វើឲ្យក្លិបយក្សអ៊ីតាលីអាចចាប់ផ្តើមចរចាកិច្ចសន្យានៅខែមករានេះតែម្តង។
ក្រៅពីម្ចាស់ជើងឯកអ៊ីតាលី Serie A អតីតសមាជិក Ajax រូបនេះ ក៏មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបយក្សអេស្ប៉ាញ Real Madrid ផងដែរ។
Son ដែលជាកីឡាករអាស៊ីមានឈ្មោះក្នុងបញ្ជី៣០រូបចុងក្រោយដើម្បីប្រជែងពានរង្វាន់ Ballon d'Or ឆ្នាំ២០១៩នេះ ក៏ជាគោលដៅសំខាន់របស់ Juventus ដែរ បើទោះពួកគេសម្បូរកីឡាករល្អៗស្រាប់ហើយនោះ។ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង រូបនេះជាខ្សែប្រយុទ្ធដែលបង្គគ្រោះថ្នាក់សម្រាប់ក្រុមគូប្រជែងនៅ Premier League ចាប់តាំងពីរូបគេផ្លាស់ពី Bayer Leverkusen កាលពីឆ្នាំ២០១៥។
ទន្ទឹមនឹងនេះ Juventus ក្រោមការដឹកនាំរបស់លោក Maurizio Sarri ក៏គ្រោងបើកខ្ទង់ចំណាយដ៏ធំមួយដើម្បីយក Salah ទៅកាន់ទឹកដីអ៊ីតាលីវិញដែរ។ Salah បានចាកចេញពី AS Roma ក្នុងឆ្នាំ ២០១៧ ក្រោយធ្វើព្យុះភ្លៀងនៅ Serie A ពីររដូវកាលរួចមក។
ពីររដូវកាលចុងក្រោយនៅលីគកំពូលអង់គ្លេស Salah ជួយ Liverpool ឈ្នះពាន Champions League ១លើក និងរងជើងឯកម្តង និងជាអ្នកស៊ុតបញ្ជូលទីច្រើនជាងគេនៅ Premier League រដូវកាលមុនផងដែរ៕