ជាតិ
នយោបាយជាតិ
ស្ថានទូត៖ ពលករខ្មែរនៅថៃ មិនបានសម្រុកមកស្រុកកំណើតឡើយ រូបពី AFP
× ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធថា ពលករខ្មែរនៅថៃ ពុំបានធ្វើដំណើរត្រឡប់មកកម្ពុជាជាគំហុក ដូចការចុះផ្សាយរបស់សារព័ត៌មានានា និងនៅតាមបណ្តាញសង្គមនោះទេ។ ស្ថានទូត បញ្ជាក់ថា ពលករខ្មែរ កំពុងបម្រើការងារជាធម្មតា។
តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថានទូត បកស្រាយថា រូបភាពនិងវីដេអូ ដែលពលករខ្មែរត្រឡប់មកកម្ពុជានោះ គឺជារូបភាពនិងវីដេអូចាស់ ដែលពលករខ្មែរ ត្រឡប់មកកម្ពុជា ចូលរួមពិធីបុណ្យចូលឆ្នាំថ្មី និងជាសកម្មភាពអាជ្ញាធរថៃ ចុះទៅត្រួតពិនិត្យពលករខ្មែរនាពេលកន្លងមក។ ស្ថានទូត ចាត់ទុកការយករូបភាពនិងវីដេអូទាំងនោះទៅផ្សព្វផ្សាយ ថាជាចេតនាបង្កឲ្យមានការភ្ញាក់ផ្អើល និងអូសទាញពលករឲ្យមកកម្ពុជាវិញ ដើម្បីកេងចំណេញនយោបាយ។
ស្ថានទូត បានអំពាវនាវដូច្នេះថា៖«សូមបងប្អូនពលករទាំងអស់ រក្សាភាពស្ងៀមស្ងាត់និងបន្តធ្វើការងារជាធម្មតា កុំជឿតាមការផ្សព្វផ្សាយនិងការញុះញង់របស់សារព័ត៌មានមួយចំនួន ដែលជាហេតុបង្កឲ្យបងប្អូនខាតបង់ថវិកា ពេលវេលា និង អាចត្រូវនិយោជកបញ្ឈប់ពីការងារទៀតផង»។
រយៈពេលប៉ុន្មានថ្ងៃ មានការផ្សព្វផ្សាយតៗគ្នាថា ពលករខ្មែរនៅថៃ សម្រុកចូលមកស្រុកកំណើតវិញ ពិសេសតាមច្រកព្រំដែនអន្តរជាតិដូង។ ការផ្សព្វផ្សាយនេះ គឺចំពេលដែលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង អះអាងថា ពលករខ្មែរនៅថៃភាគច្រើន នឹងវិលត្រឡប់មកកម្ពុជាជាមួយលោក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តាស់ប្តូររដ្ឋាភិបាល។
វរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ក៏បានបដិសេធដែរ ថាគ្មានករណីនេះកើតឡើងនោះទេ ហើយលោក បកស្រាយដូចស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ថា រូបភាពនិងវីដេអូទាំងនោះ គឺជារូបភាពនិងវីដេអូចាស់។ ក្នុងសេចក្តីបំភ្លឺ ដែលចេញនៅថ្ងៃទី៣០ ខែតុលា លោក ផាត សុផាន់ណា ស្នើឲ្យសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គម កុំចុះផ្សាយព័ត៌មានមិនពិត ដែលបង្កឲ្យមានការភាន់ច្រឡំ។
លោក សម រង្ស៊ី បង្ហើបនាពេលកន្លងមកថា លោក នឹងចូលមកទឹកដីថៃ ដើម្បីនាំពលករដើរឆ្លងកាត់ព្រំដែន ចូលមកកម្ពុជា។ យ៉ាងណា ថ្មីៗនេះ អាជ្ញាធរថៃ បានហាមអ្នកស្រី មូរ សុខហួរ ដែលជាប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្ត មិនឲ្យចូលទឹកដីថៃ។
អ្នកស្រី មូរ សុខហួរ បកស្រាយថា ថ្នាក់ដឹកនាំប្រឆាំង នៅមានផ្លូវនិងមធ្យោបាយផ្សេងទៀត ដើម្បីបានចូលមកកម្ពុជាតាមគ្រោងទុក បើទោះបីអាជ្ញាធរថៃ មិនឲ្យក្រុមអ្នកស្រី យកទឹកដីថៃធ្វើជាកន្លែងឈរជើងក៏ដោយ។ រដ្ឋាភិបាលកម្ពុជា ត្រៀមកម្លាំងរួចហើយ ដើម្បីចាប់ក្រុមប្រឆាំង ឲ្យតែពួកគេចូលមកដល់កម្ពុជា៕
Tag:
ពលករខ្មែរ
ថៃ
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com