ជាតិ
សង្គមជាតិ
​បវេសនកាល​ថ្មី​! សម្តេច ហ៊ុន សែន លើកឡើង​ពី​តួនាទី​សំខាន់​របស់​មាតាបិតា បន្ថែម​លើ​ការអប់រំ​នៅ​សាលា​
01, Nov 2019 , 7:19 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​បវេសនកាលឆ្នាំ​២០១៩-២០២០
សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​បវេសនកាលឆ្នាំ​២០១៩-២០២០
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​សារ​អបអរសាទរ​នៃ​ការបើកប​វ​សន​កាល​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ឪពុកម្តាយ​ជា​បុគ្គល​សំខាន់បំផុត​សម្រាប់​លើកទឹកចិត្ត​កុមារ​ឲ្យ​ខិតខំ​រៀនសូត្រ​។ ដើម្បី​ឲ្យ​កុមារ​មានឱកាស​ទទួលបាន​ចំណេះដឹង សម្តេច ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ឪពុកម្តាយ​បញ្ជូន​កូន​ទៅ​រៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បន្ត​យកចិត្តទុកដាក់​ណែនាំ​កូន​។

 
​បើតាម​សម្តេច ហ៊ុន សែន ក្នុង​កិច្ចការងារ​អប់រំ​ដល់​កុមារ​មាន​ប្រសិទ្ធភាព អាណាព្យាបាល​សិស្ស និង​សហគមន៍ ក៏ត្រូវ​នាំគ្នា​បញ្ជូន​កូនចៅ​ទៅ​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ជាពិសេស​ត្រូវ​តាមដាន​ដល់​ការសិក្សា​របស់​កូនៗ​ផងដែរ​។ នេះ​ជា​សារ​របស់​សម្តេច ហ៊ុន សែន ដែល​ផ្តែផ្តាំ​ដល់​ឪពុកម្តាយ​សិស្ស​ខិតខំ​យកចិត្តទុកដាក់​លើ​ការរៀនសូត្រ​របស់​កូន ការផ្តល់​ភាពកក់ក្តៅ និង​ការផ្តល់​ដំបូន្មាន​ដល់​កូន​ផងដែរ​។ 
 
​សម្តេច ហ៊ុន សែន បាន​លើកឡើងថា លោកគ្រូ អ្នកគ្រូ មាន​តួនាទី​សំខាន់​សម្រាប់​ដើរតួ​ជា​អ្នកផ្តល់​ចំណេះដឹង ជា​បុគ្គល​គំរូ និង​ជា​ឪពុកម្តាយ ជាម​គ្គុ​ទេ្ទ​សក៍ ជា​អ្នកស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត​។ ដើម្បី​អាច​ដើរតួ​ជា​បុគ្គល​ទាំងអស់នេះ​បាន គឺ​គ្រូៗ​ត្រូវតែ​បង្កើន​សមត្ថភាព​ខ្លួនឯង និង​ស្រាវជ្រាវ រក​វិធីសាស្ត្រ​ក្នុងការ​បង្រៀន ព្រមទាំង​សិក្សា​លើ​ជំនាញ បច្ចេកវិទ្យា​ព័ត៌មាន ភាសាបរទេស និង​ស្រាវជ្រាវ​រក​ចំណេះដឹង​ថ្មីៗ​មក​បង្ហាត់បង្រៀន​សិស្ស​ដើម្បី​អនុវត្ត​ខ្លួន​ទៅជា​ពលរដ្ឋ​សកល​។​
 
 
​ជាមួយគ្នា​ផងដែរ សម្តេច ហ៊ុន សែន បានផ្តល់​សារ​ដល់​សិស្ស និស្សិត និង​យុវជន​ទាំងអស់ ឲ្យ​ខិតខំ​ប្រឹងប្រែង​សង្វាត​រៀនសូត្រ និង​ចូលរួម​គាំទ្រ​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​ការអប់រំ​។ ផ្ទុយ​មកវិញ​សិស្ស និស្សិត ទាំងអស់​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​។  
 
​តាម​ការលើកឡើង​រប​ស់ សម្តេច ហ៊ុន សែន ក្រសួង​អប់រំ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយជ្រោមជ្រែង​ឲ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​គឺ​ត្រូវតែ​ខិតខំ​ពង្រឹង​សក្តានុពល ហើយ​កែប្រែ​សាលា​របស់ខ្លួន​ឲ្យ​ក្លាយជា​គ្រឹះស្ថានសិក្សា​ដែល​ប្រកបដោយ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។ 
 
​សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​រួមគ្នា​ពិនិត្យ​នូវ​គោលនយោបាយ ក្របខណ្ឌ​ច្បាប់ និង​យន្តការ​ចាំបាច់ ដើម្បី​ធានាបាន​នូវ​គុណភាព​អប់រំ និង​បរិ​ញ្ញាប​ន​សិក្សា​សម្រាប់​សិស្សានុសិស្ស​។ សម្តេច​លើកឡើង​ដូច្នេះ​ថា​៖«​ត្រូវបង្កើត​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ហរិ​ញ្ញ​ទាន​សម្រាប់​គ្រឹះស្ថានសិក្សា ការពង្រាយ​គ្រូបង្រៀន ឲ្យ​បាន​ដល់​គ្រប់​សាលារៀន និង​ការបន្ត​សមត្ថកិច្ច​លោកនាយក​សាលា និង​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​។ គ្រឹះស្ថានសិក្សា​គ្រប់​ថ្នាក់ និង​វត្ត​អារាម ត្រូវ​ផ្តល់​លទ្ធភាព​អប់រំ​ឲ្យ​ពេញលេញ តាមរយៈ​ការផ្សព្វផ្សាយ និង​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ឲ្យ​ចូលរៀន​៕ 

Tag:
 សម្តេច ហ៊ុន សែន​
 ​ក្រសួង​អប់រំ​
 ​សាលា​
 ​បវេសនកាល​
 ​អប់រំ​
 ​សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com