ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ រួបរួមគ្នា​ជាថ្មី​
31, Oct 2019 , 9:59 pm        
រូបភាព
សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ កាលពីមិនទាន់បែកគ្នា
សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ កាលពីមិនទាន់បែកគ្នា
ដោយ: ថ្មីៗ
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែ​រួបរួម​ជាតិ បាន​ដឹកនាំ​សហការី​រៀងខ្លួន ទៅ​ជួបគ្នា​នៅ​ភោជនីយដ្ឋាន​រេ​ស៊ី​ដង់ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​ពិភាក្សា​ពី​ការ​រួបរួមគ្នា​ឡើងវិញ ក្រោយ​បែកបាក់​គ្នា​ជាច្រើន​ឆ្នាំកន្លងមក​។


 
​លោក ផាន់ សិទ្ធី អគ្គលេខាធិការរង​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា​ថា សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ សម្រេច​បើក​គណៈកម្មការ​បច្ចេក​មួយ ដើម្បី​ធ្វើ​កិច្ចការ​ពី​ការបង្រួបបង្រួម​នេះ​។ លោក បញ្ជាក់ថា​៖«​ការបែកបាក់​គ្នា​កន្លងមក ជា​រឿង​នយោបាយ​។​...​ឥឡូវ​យើង​រួបរួមគ្នា​វិញ ដើម្បី​បម្រើ​ប្រទេសជាតិ និង ដើម្បី​ចៀសវាង​ការបែកបាក់​ជាតិ ហើយក៏​ដើម្បី​រួម​កម្លាំង​គ្នា​សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ដែរ​»​។​
 
​អគ្គលេខាធិការរង​រូបនេះ បន្តថា លោក ញឹក ប៊ុនឆៃ បាន​យក​បញ្ជី​ឈ្មោះ​សមាជិក​ជាង​១​ពាន់​នាក់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅ​ថ្វាយ​សម្តេចក្រុមព្រះ ដើម្បី​ដាក់​ប​ញ្ជូ​ល​ទៅជា​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ លោក បន្ថែម ឆាប់ៗ​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ ដើម្បី​សម្រេច​ថា សមាជិក​ណាខ្លះ នឹងត្រូវ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​សមាជិក​ណាខ្លះ នឹងត្រូវ​ស្ថិតនៅក្នុង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​សិន​។ 
 
​លោក ពន្យល់ថា បច្ចុប្បន្ន គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាង​៣០០​នាក់ ដូច្នេះ មិនទាន់​អាចរំលាយ​គណបក្ស​បានទេ ពីព្រោះថា បើ​រំលាយ នឹងត្រូវ​បាត់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងនោះ​។ លោក អះអាង រហូត​ជិត​ដល់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ថ្មី នៅ​២០២២​ឯណោះ ទើប​គណបក្ស​ហ្វុ​ន​សិន​បិ​ច​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​រួមគ្នា ហើយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រំលាយ​ចូលទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ 
 
​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ លើកឡើងថា លោក ញឹក ប៊ុនឆៃ មិន​ទាមទារ​ឋានៈ​អ្វី​ឡើយ ពេល​ចូលទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ប៉ុន្តែ លោក ថ្លែងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅតែ​ត្រូវ​រក​តំណែង​ណាមួយ ដែល​សមស្រប​នឹង​លោក ញឹក ប៊ុនឆៃ​។ យ៉ាងណា ភ្លាមៗ​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​មិនទាន់​សម្រេច​នៅឡើយ​ទេ​ចំពោះ​តំណែង​របស់លោក ញឹក ប៊ុនឆៃ​។ 
 
​លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់ជា​កូនចៅ​របស់​សម្តេចក្រុមព្រះ បាន​ចាក​ចេញពី​សម្តេចក្រុមព្រះ ក្រោយ​ទាស់​គ្នា ហើយ​លោក បាន​បង្កើត​គណបក្ស​ខ្លួនឯង គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កាលពីដើមឆ្នាំ​២០១៦​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចូលរួម​ការបោះឆ្នោត​រដ្ឋ​សភា​នីតិកាល​ទី​៦ និង ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ តែ​សុទ្ធតែ​មិនបាន​ទទួល​អាសនៈ​៕ 

Tag:
 សម្តេចក្រុមព្រះ​
  ញឹក ប៊ុនឆៃ​
  រួម​រួម
© រក្សាសិទ្ធិដោយ thmeythmey.com