អន្តរជាតិ
កូរ៉េខាងជើង ប្រកាស​ពី​ការទទួល​ជោគជ័យ​លើ​ការសាកល្បង​ឧបករណ៍​បាញ់​រ៉ុក្កែត​ចម្រុះ​
01, Nov 2019 , 2:53 pm        
រូបភាព
​កូរ៉េខាងជើង ប្រកាស​ពី​ការទទួល​ជោគជ័យ​យ៉ាង​ធំធេង​លើ​ការបាញ់​សាកល្បង​ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​មី​ស៊ី​ល​ជើង​ធុន​យក្ស (super-large multiple rocket launcher) ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​។


 
​តាម​ការអះអាង​របស់​មន្ត្រី​យោធា​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣១ ខែតុលា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់ផ្លោង​ពីរ​គ្រាប់ ចេញពី​ខេត្ត South Pyongan សំដៅទៅ​សមុទ្រ​ខាងកើត​។ មី​ស៊ី​ល​ទាំងពីរ​គ្រាប់ ហោះ​បាន​ចំងាយ​ប្រហែល ៣៧០​គីឡូម៉ែត្រ និង​រយៈ​កំពស់ ៩០​គីឡូម៉ែត្រ​។ 
 
​ការបាញ់​លើក​នេះ គឺ​រ៉ាប់រង​ដោយ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ការពារ​របស់​កូរ៉េខាងជើង បានទទួល​ជោគជ័យ​លើ​ការបាញ់​សាកល្បង ជើង​ទម្រ​គ្រាប់​រ៉ុ​ក​កែ​ត ដែល​អាច​បាញ់​បាន​ច្រើន​គ្រាប់ នាពេល​រសៀល​ថ្ងៃទី​៣១ ខែតុលា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA​។ 
 
​មិន​ខុសពី​លើក​មុន​ឡើយ បន្ទាប់ពី​ការសាកល្បង​បាន​ជោគជ័យ​ម្តងៗ មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន តែងតែ​ផ្ញើ​សារ​អបអរសាទរ​។ ជាក់ស្តែង​លើក​នេះ លោក គីម អបអរ​សារ​ទរ​ចំពោះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ការពារជាតិ ដែល​ជួយ​អភិវឌ្ឍ សមត្ថភាព​សាច់ដុំ​របស់​កូរ៉េខាងជើង​ក្នុងការ​ការពារ​ប្រទេស​។ ក្នុងន័យនេះ មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ មាន​សេចក្តី​ពេញចិត្ត​ជាខ្លាំង ចំពោះ​កិច្ចខិតខំ​របស់​ពួកគេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​កូរ៉េខាងត្បូង Yonhap​។ 
 
​សូមបញ្ជាក់ថា  នេះ​ជា​លើក​ទី​១២​ហើយ​ដែល​ទីក្រុង​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចម្ងាយ​ខ្លី បើ​គិត​ចាប់តាំងពី​ជំនួប​លើកចុងក្រោយ​រវាង​លោក​ត្រាំ និង​គីម នៅក្នុង​តំបន់​គ្មាន​យោធា​។ គួររំលឹកថា​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​លើក​ចុងក្រោយបង្អស់​នៅ​ថ្ងៃ​២ តុលា ។ ពេលនោះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​ប្រភេទ​ថ្មី មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ប្រភេទ Pukguksong-3 ចេញពី​ឆ្នេរ​ខាងកើត​៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com