អន្តរជាតិ
កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ដែល​គ្មាន​វត្តមាន​លោក ត្រាំ អាច​ប្រឈម​ភាព​រកាំរកូស​ខ្លះ​
01, Nov 2019 , 7:59 pm        
រូបភាព
បុរសម្នាក់កំពុងរៀបចំឡើងប៉ាណូស្វាគមន៍មេដឹកនាំនានាដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
បុរសម្នាក់កំពុងរៀបចំឡើងប៉ាណូស្វាគមន៍មេដឹកនាំនានាដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
​ទីក្រុង​បាងកក ៖ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​សប្តាហ៍​នេះ នៅ​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់​និង​សកល​ជាច្រើន ស្រប​ពេលដែល​មិនមាន​អវត្តមាន​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​នេះ​។​

 
​ក្រុមអ្នកវិភាគ​កិច្ចការ​តំបន់​បានលើកឡើង​ពី​ភាពមិនច្បាស់លាស់​នៃ​ដំណើរ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ខ្លះ ក្នុង​កិច្ចប្រជុំ​នេះ​ដែល​គេ​រំពឹងថា នឹង​ដំណើការ​ទៅដោយ​រលូន បើទោះបីជា​គ្មាន​វត្តមាន​លោក ត្រាំ ក៏ដោយ​។ ក៏ប៉ុន្តែ អវត្តមាន​នេះ​អាច​នឹង​បង្ក​ជា​បញ្ហា​រកាំរកូស​ខ្លះ​សម្រាប់​នយោបាយ​ក្នុង​តំបន់​និង​សាកល​។​
 
​លោក​បណ្ឌិត​ឈាង វណ្ណា​រិ​ទ្ធ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាត់ទុក​អវត្តមាន​របស់​មេដឹកនាំ​អាមេរិក ថា​ជាការ​មាក់ងាយ​ដោយបាន​អះអាងថា រឿង​មុខមាត់​សំខាន់​ណាស់​សម្រាប់​តំបន់​អាស៊ាន​។​
 
«​វា​ជា​រឿង​មិនអាច​ទួល​យក​បានទេ​។ វា​ប៉ះពាល់​ដល់​មុខមាត់ ទំនាក់ទំនង​ល្អជា​មួយ​អាស៊ាន​និង​តំប​ន‍់​»​។​
 
​លោក​ថ្លែង​ដូច្នេះ​ដោយសារ​ថា អាស៊ាន​និង​មេដឹកនាំ​ប្រទេស​នានា​ត្រូវការ​ពិភាក្សាគ្នា​រឿង​សំខាន់ៗ​ជាច្រើន​ទាក់ទង​នឹង​សន្តិសុខ បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម​បញ្ហា​ឥណ្ឌូ​ប៉ាស៊ីហ្វិក បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ​ជាដើម ដែល​លោក​សង្កត់ធ្ងន់ថា នឹងមាន​ផលប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​។​
 
«​នេះ​ជា​ឱកាស​ផ្តល់​ឲ្យ​ចិន​និង​រុ​ស្ស៉ី ពង្រឹង​វត្តមាន​និង​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​ឡើ​ង‍​»​។​
 
​តំបន់​អាស៊ាន​មាន​ពលរដ្ឋ​ចំនួន​ប្រហែល ៦៥០​លាន​នាក់ ហើយ​មាន​ទីផ្សារ​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៤​លើ​ពិភពលោក ដែល​ក្រុម​អ្នកនយោបាយ​អាមេរិក​ខ្លះ​យល់ថា រដ្ឋបាល​លោក ត្រាំ មិនគួរ​ព្រងើយ​នឹង​ប្លុក​នេះ ដែលមាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​នយោបាយ និង​វប្បធម៌​ចម្រុះ​បានទេ​។​
 
​អ្នកការទូត​ម្នាក់​បាន​អះអាងថា វត្តមាន​សហរដ្ឋអាមេរិក​ជា​រឿង​សំខាន់​សម្រាប់​តុល្យភាព​អំណាច​ក្នុង​តំបន់ ហើយ​អាច​ធានា​ឲ្យ​តំបន់​នេះ​មាន​សន្តិសុខ និង​គ្មាន​ការរំលោភបំពាន​នានា​។​
 
«(​អវត្តមាន​លោក ត្រាំ​) វា​បង្ហាញ​ពី​ការមិន​យកចិត្តទុកដាក់​របស់​រដ្ឋបាល​លោក ត្រាំ ចំពោះ​តំបន់​អាស៊ាន​»​។​
 
​យ៉ាងណាមិញ សហរដ្ឋអាមេរិក​ទំនងជា​យកចិត្តទុកដាក់​នឹង​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដោយ​គេ​ឃើញ​មានការ​បញ្ជូន​ទីប្រឹក្សា​សន្តិសុខ​មក​ចូលរួម​ជា​ប្រេសិត​ពិសេស ជំនួស​វត្តមាន​ប្រធានាធិបតី​។ លោក ត្រាំ បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ពី​សេត​វិមាន​ថា លោក​នឹង​បញ្ជូន​ទីប្រឹក្សា​សន្តិសុខ គឺ​លោក Robert O’ Brien ប្រេសិត​ពិសេស និង​លោក Wilbur Ross រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។​
 
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ក៏​នឹង​កើតឡើង ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​បាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP កាលពី​សប្តាហ៍​មុន​ដល់​ប្រទេស​ថៃ ដោយសារ​ថៃ​មិនបាន​ដោះស្រាយ​បញ្ហា​សិទ្ធិសេរីភាព​កម្មករ​និង​ពលករ​។ ស្របពេល​ជាមួយគ្នា​នោះ លោក​ប្រធានាធិបតី ត្រាំ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្ទៃក្នុង​នយោបាយ​អាមេរិក ដោយ​រដ្ឋសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ កំពុងដំណើរការ​សួរនាំ​ពាក់ព័ន្ធ​នឹង​ការទម្លាក់​លោក​ប្រធានាធិបតី ត្រាំ ពី​តំណែង​។ យ៉ាងណាមិញ ដំណើរការ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជាប់គាំង​នៅ​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ដូច​លោក ត្រាំ នោះ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ទាំង​អ្នកការទូត និង​អ្នកវិភាគ បាន​អះអាង​ស្របគ្នា​ថា លោក ត្រាំ ទំនងជា​មិនមាន​អ្វី​ត្រូវ​សម្រេច និង​ពិភាក្សា ដូច្នេះ​បានជា​លោក​សម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ ហើយ​ថែមទាំង​មិន​បញ្ជូន​អនុ​ប្រធានាធិបតី ឬ​រដ្ឋមន្ត្រី​ដែលជា​មន្ត្រី​កំពូល​ក្នុង​មុខតំណែង​ផ្លូវការ​មក​ចូលរួម​ទៀតផង​។​
 
​អ្នកការទូត​ខាងលើ​បាន​បន្ថែមថា កិច្ចប្រជុំ​កំពូល​ភាគច្រើន​គឺមាន​ការសម្រេច​ពី​ថ្នាក់​រដ្ឋមន្ត្រី​រួចហើយ នៅ​ពាក់កណ្តាល​ឆ្នាំ​ដោយមាន​ការចេញ​ជា​«​សេចក្តីប្រកាស​រួ​ម‍​»​។ ដោយឡែក​សម្រាប់​មេដឹកនាំ​កំពូល​របស់​ប្រទេស ក៏​នឹងមាន​ការចេញ​ជា​«​សេចក្តីថ្លែងការណ៍​រួ​ម‍​»​តែប៉ុណ្ណោះ​។​
 
​កិច្ចប្រជុំ​លើក​នេះ​ក៏​ផ្តោត​ការយកចិត្តទុកដាក់​ផងដែរ ទៅលើ​បញ្ហា​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា បញ្ហា​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត​ដែល​ត្រូវ​ចូល​ជា​សមាជិក​អាស៊ាន​ដែល​គេ​រំពឹងថា នឹងមាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​អាច​ជំទាស់​ការដាក់បញ្ចូល​ប្រទេសមួយ​នេះ​ជា​សមាជិក​អាស៊ាន​។​
 
​ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ក៏​នឹងមាន​កិច្ចប្រជុំ​អាស៊ាន​បូក​មួយ គឺ​អាស៊ាន​១០​ប្រ​ទស​ជាមួយ​ប្រទេស​ឥណ្ឌា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ឬ​អាស៊ាន​បូក​អង្គការសហប្រជាជាតិ និង​អាស៊ាន​បូក​បី​ដែលមាន​អាស៊ាន ជាមួយ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ផងដែរ​។​
 
​ប្រទេស​អាស៊ាន​មាន​សមាជិក​ចំនួន​១០​ប្រទេស គឺ​ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com