ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក យាង វណ្ឌី​៖ «​មនុស្ស​មើលមិនឃើញ​តម្លៃ​សិល្បៈ តែ​ពេល​ពិបាកចិត្ត​គ្រប់គ្នា​ត្រូវការ​វា​»
02, Nov 2019 , 10:29 pm        
រូបភាព
លោក យាង វណ្ឌី ប្រធាន​ក្រុម​ព្រះ​សុរិយា
លោក យាង វណ្ឌី ប្រធាន​ក្រុម​ព្រះ​សុរិយា
​ភ្នំពេញ​៖ មនុស្ស​ភាគច្រើន​មិនបាន​គិតថា សិល្បៈ​មានតម្លៃ​ឡើយ ប៉ុន្តែ​សិល្បៈ​តែងតែ​នៅ​កំដរ​មនុស្ស ព្រមទាំង​ជា​មិត្ត​ដ៏​ស្មោះត្រង់​បំផុត​របស់​មនុស្ស នៅពេលដែល​ពួកគេ​ជួប​វិបត្តិ​ផ្លូវចិត្ត​។ នេះ​ជាការ​លើកឡើង​របស់ លោក យាង វណ្ឌី ស្ថាបនិក​ក្រុមព្រះ​សុរិយា ដែល​ផ្ដោតទៅលើ​ការស្រាវជ្រាវ​ភាពយន្ត ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៦០​។ ក្រុមព្រះ​សុរិយា បានរៀបចំ​កម្មវិធី​«​មួយ​ម៉ឺន​អាល័យ​» ដើម្បី​បង្ហាញ​វត្តមាន​តារា​សម្ដែង​ជើងចាស់ ដែល​បាន​រួច​ជីវិត​ពី​សង្គ្រាម ព្រមទាំង​ចាក់​បញ្ចាំងភាពយន្ត​ទសវត្សរ៍​ឆ្នាំ​៦០​ផងដែរ​។ ដ្បិត​កម្មវិធី​«​មួយ​ម៉ឺន​អាល័យ​» បានរៀបចំ​៥​លើក​រួចមកហើយ​ក្ដី ប៉ុន្តែ​ចំនួន​អ្នកចូលរួម​នៅមានកម្រិត ហើយ​ចំនួន​អ្នកគាំទ្រ​នេះ ធ្វើ​ឲ្យ​លោក យាង វណ្ឌី សន្និដ្ឋានថា ខ្មែរ​មិនទាន់​យល់​តម្លៃ​សិល្បៈ​ភាពយន្ត​កាល​ឆ្នាំ​នោះ​នៅឡើយ​។​

 
​តទៅ​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ ស្ដីពី​ការ​បញ្ចាំងភាពយន្ត ក្នុង​កម្មវិធី​«​មួយ​ម៉ឺន​អាល័យ​»​លើក​ទី​៥​ដូចតទៅ​៖



 
«​ម្នាក់ៗ​គិតថា ភាពយន្ត​មិនមាន​តម្លៃ មិនដឹង​មើល​ធ្វើ​អ្វី​។ តែ​តាម​ការពិត មនុស្ស​ត្រូវការ​សិល្បៈ​ទាំងអស់នេះ ព្រោះ​ពេលដែល​យើង​ពិបាកចិត្ត យើង​នឹកឃើញ​មុនគេ គឺ​ភាពយន្ត​នេះហើយ​។ ភាពយន្ត​នេះ មិនមែនជា​របស់ខ្ញុំ​ទេ តែ​វា​ជា​របស់​ទាំងអស់គ្នា​។ ទោះ​ខ្ញុំ​អំពាវនាវ​ទាល់តែ​ស្លាប់​ខ្លួន​ទៀត តែ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​គិតថា វា​មិនមែនជា​របស់​អ្នក​ទាំងអស់គ្នា ក៏​អ្នក​ទាំងអស់គ្នា​មិន​ចូលរួម​ដែរ​។ អ្នក​ទាំងអស់គ្នា​ត្រូវតែ​ចូលរួម ត្រូវតែ​ដឹងថា​សាវតា​ភាពយន្ត​ខ្មែរ​កើតឡើង​នៅពេលណា​? ហើយ​ហេតុអ្វី​ទើប​យើង​មាន​? ហេតុអ្វី​វា​បាត់បង់​? ហេតុអ្វី​មាន​ក្រុមព្រះ​សុរិយា​»? 
 
​នេះ​គឺជា​អ្វីដែល​លោក យាង វណ្ឌី ស្ថាបនិក​ក្រុមព្រះ​សុរិយា សន្និដ្ឋាន​លើ​ការយល់ឃើញ​របស់​ប្រជាជន​ខ្មែរ​ចំពោះ​វិស័យ​សិល្បៈ ជាពិសេស​ផ្នែក​ភាពយន្ត​ដែល​ក្រុម​របស់លោក​បាន​ស្រាវជ្រាវ​។ រូប​១
​ក្នុង​សាល​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​២០០​នាក់ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ CKCC ទទួលបាន​អ្នកចូលរួម​ប្រមាណ​ជិត​ពាក់កណ្ដាល​សាល​តែប៉ុណ្ណោះ​នៅ​ថ្ងៃ​បើក​កម្មវិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​៥ របស់​ក្រុមព្រះ​សុរិយា ហើយ​ភាគច្រើន​អ្នកចូលរួម ជា​ក្រុម​ដែល​ត្រូវបាន​អញ្ជើញ​។  
 
​ថ្វី​ដ្បិត​ក្រុម​នេះ​ចែក​សំបុត្រ​ឱ្យចូល​ទស្សនា​ភាពយន្ត ដែល​ខ្លួន​ចំណាយ​ប្រាក់​ទិញ​ពី​បរទេស​អស់​រាប់ពាន់​ដុល្លារ ដោយ​មិន​គិតថ្លៃ ប៉ុន្តែ​ចំនួន​អ្នកគាំទ្រ​នៅតែ​មិនសូវ​ផុស​ផល​។ មាន​ភាពយន្ត​៣​សំខាន់ៗ​សម្រាប់​កម្មវិធី មួយ​ម៉ឺន​អាល័យ លើក​ទី​៥​នេះ គឺ​រឿង​”​ខ្យង​ស័​ង្គ​” រឿង “​ពិជ័យ​វង្សា​” និង​រឿង​”​កាកី​”​។ ក្រោយ​បញ្ចប់​កម្មវិធី​បើក ស្ថាបនិក​ក្រុមព្រះ​សុរិយា មិនបាន​ពន្យល់​អ្វី​ច្រើន​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ឡើយ ប៉ុន្តែ​លោក​បាន​ពន្យល់​ពី​គុណ​តម្លៃ​របស់​ភាពយន្ត​ដែល​ក្រុម​របស់ខ្លួន​ពុះពារ​ស្វែងរក​នោះ​។​


និស្សិត​កំពុង​រង់​ចាំ​ម៉ោង​បញ្ចាំង​កុននៅ​ខាង​មុខ​សាល CKCC
 
«​ហេតុអ្វី​បានជា​ពួកយើង​ធ្វើ​ការងារ​នេះ ធ្វើការ​ងារ​ដែល​មិនមាន​ប្រយោជន៍​? ដោយសារ​យើង​ដឹងថា​ការងារ​នេះ​មានតម្លៃ​។ ១០០​ឆ្នាំ​ទៅមុខទៀត វា​មានតម្លៃ​ជា​បេតិកភណ្ឌ​ជាតិ ដូចជា​ប្រាសាទ​អង្គ​វត្ត ឬ​ប្រាសាទ​នានា​ដែរ​។ ដូច្នេះ​បើ​យើង​ទុក​៥​ឆ្នាំ​ឬ​១០​ឆ្នាំ​ត​ទៅមុខទៀត ហើយ​វា​បាត់បង់ ទោះបី​យើង​មាន​ប្រាក់​រាប់លាន​ដុល្លារ ក៏​យើង​មិនអាច​ទិញ​កុន​ទាំងនោះ​មកវិញ​បានដែរ​។ យើង​មាន​ប្រាក់​ថត​វិញ​ក៏​វា​មិនអាច​ដូចគ្នា​ដែរ យើង​មិនអាច​ទៅ​គាស់ វិ​ជ្ជ​រា ដា​នី ណុ​ក ណែម ឬ​តួកុន​ផ្សេងទៀត​ដែល​បាន​ស្លាប់​ក្នុងសម័យ​សង្គ្រាម​ខ្មែរក្រហម មក​ថត​វិញ​បានទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក វណ្ឌី​។ 
 
​អ្នកទស្សនា​មួយរូប មកពី​ខេត្តតាកែវ​គឺ​កញ្ញា វុទ្ធី ចាន់ធូ វ័យ​២១​ឆ្នាំ​។ បានដឹង​ពី​ការចាក់​បញ្ចាំងភាពយន្ត​តាមរយៈ​ការផ្ដល់​ដំណឹង​របស់​ស​កល​វិទ្យាល័យ​ដែល​ខ្លួន​រៀន ចាន់ធូ ភ្ជា​ក់​ផ្អើល​ចំពោះ​ភាពយន្ត​ពី​ដើម​ដែល​នាង​ទើបតែ​បាន​មើល​លើកដំបូង​នេះ​៖«​សម្រាប់​ខ្ញុំ​ពេល​មើល​កុន​នេះហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​មោទកភាព​ចំពោះ​ផលិតករ និង​អ្នកដឹកនាំ​ដែល​គាត់​មានគំនិត​ល្អ ក្នុងការ​បង្ហាញ​ពីអ្វី​ដែលជា​ខ្មែរ​យើង ដូចជា​របាំ​និង​អ្វី​ផ្សេងទៀត​បង្ហាញ​ទៅ​ប្រទេស​គេ​។ ទាំង​ការ​រាំ ការសម្ដែង និង​ការសម្ដែង​ទឹកមុខ គឺ​សម​ទាំងអស់​»​។


កញ្ញា វុទ្ធី ចាន់​ធូ ឈរ​ក្នុង​សាលCKCCក្រោយ​​ពី​ការ​ចាក់​បញ្ចាំង​កុន​ត្រូវ​បាន​បញ្ចប់​
 
​ចំណែក​និស្សិត​មួយរូប​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ព្យាយាម​មើល​ភាពយន្ត​រហូត​ចប់​ម៉ោង​បញ្ចាំង បើទោះបីជា​ភាពយន្ត​នោះ​មាន​ទាក់​រអាក់រអួល​ខ្លះ ហើយ​គុណភាព​មិនសូវ​ច្បាស់​ព្រោះតែ​ការ​រក្សាទុក​ក៏ដោយចុះ ប៉ុន្តែ​បុរស​រូបនេះ​ផ្ដោតទៅលើ​ខ្លឺ​ម​សារ​អប់រំ​ក្នុង​រឿង​ជាសំខាន់​៖«​តួអង្គ​សម្ដែង​សម​ដូច​សម័យ​នេះដែរ​។ រឿង​នីមួយៗ​មានការ​អប់រំ​ច្រើនណាស់ គ្រប់​ទីកន្លែង​គ្រប់​សកម្មភាព​។ គេ​បង្ហាញថា​មនុស្ស​ប្រុស​ទៅ​ជួប​មនុស្ស​ស្រី ត្រូវមាន​ការលាក់លៀម ដូច្នេះ​គេ​អប់រំ​ថា​សម័យ​នោះ មនុស្ស​ស្រី​និង​ប្រុស​មិនអាច​ជួបគ្នា​បានទេ ទាល់តែ​ជិត​រៀបការ ឬក៏​រៀបការ​ហើយ​ទើប​ជួបគ្នា​បាន​»​។
 
​ទោះជា​យ៉ាងណា​គុណភាព​រឿង មិនបាន​ធ្វើឱ្យ​បុរស​សម្បុរ​ស្រអែម​រាង​ខ្ពស់​រូបនេះ ថ្នាំងថ្នាក់​ចិត្ត​ឡើយ​៖«​សម័យ​នោះ​មិនទាន់មាន​បច្ចេកទេស​ល្អ មិនទាន់មាន​កាមេរ៉ា​ល្អ​ដូច​ឥឡូវ​ទេ ដូច្នេះ​គុណភាព​អាច​ទទួលយកបាន​ហើយ​។ ភាពយន្ត​ទាំងនោះ​ពី​មុនគេ​គិតថា​ល្អ​ហើយ ប៉ុន្តែ​មកដល់ពេលនេះ​គេ​គិតថា​ទាក់ៗ មាន​បញ្ហា​តិចតួច​ទៅតាម​បច្ចេកទេស ព្រោះថា​ពីមុន​ក៏​មិនសូវ​ទំនើប​ដែរ ដូច្នេះ​យើង​អាច​មើល​បាន​»​។​


និស្សិតប្រុស​ឈរ​នៅ​មុខ​សាលCKCCក្រោយ​ពី​មើល​កុន​រួច 

​ចំពោះ​លោក យាង វណ្ឌី បាន​បកស្រាយ​អំពី​គុណភាព​ហ្វីល​ភាពយន្ត ដោយ​ផ្អែកលើ​បទពិសោធ​ដែល​ខ្លួន​ធ្លាប់ធ្វើ​ការពាក់ព័ន្ធ​ផ្នែក​ទាំងនោះ​កន្លងមក​៖«​ជាធម្មតា​ហ្វីល​នៅពេលដែល​យើង​មិនបាន​រក្សា​ទុកឱ្យ​ល្អ​នោះ​វា​នឹង​ខូច​។ ពេលដែល​ខូច​ហើយ ទោះ​យើង​យកមក​ច្នៃ​យ៉ាងណា​ក៏​នៅតែមាន​គុណភាព​អន់​ដែរ​។ រឿង​ក្នុង​មួយ​ដុំ​ហ្វីល​១​ពាន់​ដុល្លារ​។ រឿង​របស់​យើង​យកទៅ​ថៃ​ដំបូង​៣​ដុំ គេ​កាត់​ចម្រៀង​ខ្លះ កាត់​អក្សរ​ខ្លះ ហើយ​ទុកឱ្យ​ខូច​ទៀត វា​អាច​សល់​តែ​១​ដុំ​»​។​
 
​ឈរ​ជាមួយ​មិត្ត​ក្រោយពី​មើល​ភាពយន្ត​ចប់ បុរស​ដែលមាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​ភាពយន្ត បាន​ប្រាប់​ពី​សារសំខាន់​របស់​ភាព​យន្ត តាម​ការយល់ឃើញ​រប​ស់​ខ្លួន​ដូច្នេះ​៖«​ខ្ញុំ​គិតថា​ការស្រាវជ្រាវ​ភាពយន្ត​ពីមុនមក​បញ្ចាំង​បែបនេះ​វា​ល្អ ព្រោះ​អាចឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ពី​ទិដ្ឋភាព​សម័យមុន​មាន​អ្វីខ្លះ​? មានការ​អប់រំ​យ៉ាងណាខ្លះ​? មានការ​ដាស់តឿន​យ៉ាងណាខ្លះ​? 
​និស្សិត​រូបនេះ​លើកទឹកចិត្ត​យុវជន​ដទៃ ទាំង​ភ្នែក​រេ​ទៅ​មើល​មនុស្ស​ជុំវិញខ្លួន​បែបនេះ​៖«​ខ្ញុំ​ចង់​លើកទឹកចិត្ត​កូន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យមក​មើល​រឿង​សម័យមុនៗ និង​ជួយ​លើកទឹកចិត្ត​កម្មវិធី​មួយ​ម៉ឺន​អាល័យ​។ ខ្ញុំ​លើកទឹកចិត្ត​ពួកគាត់ ព្រោះ​គាត់​ខំ​ស្រាវជ្រាវ​រករឿង​សម័យមុន ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹងថា​តួ​សម្ដែង​សម័យមុន​មាន​អ្នកណាខ្លះ​»​។

អ្នក​ទស្សនា​អង្គុយ​រង់​ចាំ​មើល​ភាព​យន្ត
 
​ប្រធាន​ក្រុមព្រះ​សុរិយាលោក យាង វណ្ឌី មិន​ហ៊ាន​អះអាង​មុតមាំ​ថា​នឹងមាន​កម្មវិធី មួយ​ម៉ឺន​អាល័យ នៅ​ឆ្នាំក្រោយ​ឡើយ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​វា​អាចទៅរួច​ប្រសិនបើ​មានការ​គាំទ្រ​ច្រើន​៖«​ប្រសិនបើ​មាន​អ្នកគាំទ្រ​ច្រើន​យើង​នឹងធ្វើ​ទៀត​។ បើ​មាន​អ្នកគាំទ្រ​ច្រើន​យើង​ធ្វើ​មួយ​សប្ដាហ៍​ឯណោះ ប៉ុន្តែ​យើង​ធ្វើ​តែ​៣​ថ្ងៃ​ហ្នឹង​មិនដឹងថា​ការចូលរួម​ផុសផុល​យ៉ាងណា​ផង​។ យើង​ចង់ឱ្យ​ទាំងអស់គ្នា​បានមក​ចូលរួម​។ ព្រឹត្តិការណ៍​ដែល​ខ្ញុំ​ធ្វើ​៣​ថ្ងៃនេះ ខ្ញុំ​ធ្វើ​បានតែ​២​ដង​ទេ គឺ​មួយ​ម៉ឺន​អាល័យ​លើក​ទី​១ និង​មួយ​ម៉ឺន​អាល័យ​លើក​ទី​២​។ សម្រាប់​កម្មវិធី​លើក​នេះ គឺ​ច្រើនជាង​ឆ្នាំមុន​»​។​
 
​ឈរ​មើលទៅ​ជ្រុង​តាំង​លក់​ផលិតផល​ផ្សេងៗ ដែល​ស្ថិតនៅ​ខាងឆ្វេង​ផ្លូវ​ចូលទៅ​សាល​បញ្ចាំងភាពយន្ត លោក វណ្ឌី ពន្យល់​ពី​ហេតុផល​ដែល​ប្រជាជន​ខ្មែរ គួរតែ​ងាក​មក​យកចិត្តទុកដាក់ និង​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ ព្រមទាំង​សិល្បៈ​ខ្មែរ​ដទៃទៀត ខណៈពេល​ដៃ​ទាំងពីរ​ក្ដោប​ចូលគ្នា​៖«​ព្រឹត្តិការណ៍​ភាពយន្ត​និង​ព្រឹត្តិការណ៍​សិល្បៈ​ច្រើន​ទៀត យើង​ត្រូវតែ​ចូលរួម​។ ទោះបី​សព្វថ្ងៃ​យើង​ស្លៀកពាក់​របៀប​ទំនើប​យ៉ាងណាក៏ដោយ តែ​យើង​ដឹងថា​សាវតា​យើង​មកពីណា​។ គាំទ្រ​ដើម្បីឱ្យ​យើងទាំងអស់គ្នា​មានការ​ងារ​ធ្វើ​។ ពួក​ខ្ញុំ​សប្បាយចិត្ត ទោះបី​យើង​ចាយ​ថវិកា​ខ្លួនឯង​ក៏ដោយ​»​។   
 
​យោងតាម​ឃ្លា​មួយ​ស្រង់​ចេញពី​សៀវភៅ​”​មរតក​តន្ត្រី​ខ្មែរ​” ដែលជា​ស្នាដៃ​ស្រាវជ្រាវ​របស់​អ្នកស្រី កែវ ណា​រុំ បណ្ឌិត​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សិល្បៈ សរសេរ​ក្នុង​អារម្ភកថា បាន​បញ្ជាក់ថា សិល្បៈ​គឺជា​វិស្វករ​នៃ​ដួងព្រលឹង​៕


ព្រះឆាយាល័ក្ខណ៍ ព្រះ​ករុណា​ព្រះ​បរម​រតនៈកោដ្ឋ​ ដែល​បាន​តាំង​នៅ​ខាង​មុខ​សាល​CKCC


Tag:
 សិល្បៈ​
 ​ក្រុមព្រះ​សុរិយា​
 ​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com