អន្តរជាតិ
តើ​ទេសចរណ៍​នៅ​ទ្វីប​«​អង់​តាក​ទិច​»​មាន​លក្ខណៈ​ដូចម្តេច​?
02, Nov 2019 , 10:59 pm        
រូបភាព
​ទ្វីប​អង់​តាក​ទិច (Antarctic) ដែលជា​ផែន​ទឹកកក​ទំហំ​មហាសាល​មួយ​នេះ មិនមែន​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់រូប​បាន​ទៅ​ទស្សនា​ដោយ​ងាយស្រួល និង​សេរី​នោះឡើយ​។ វា​មាន​ទីតាំង​ឆ្ងាយ​ពី​ទីប្រជុំជន​ធំៗ​របស់​មនុស្ស ឆ្ងាយ​ពី​ការរំពឹងទុក និង​មិនមាន​ជា​កន្លែង​កម្សាន្ត​របស់​អ្នកធ្វើដំណើរ​សាមញ្ញៗ​ប៉ុន្មាន​នោះឡើយ​។ តើ​លោកអ្នក​គួរតែ​ដឹង​អ្វីខ្លះ​អំពី​វិស័យ​ទេសចរណ៍​នៅលើ​តំបន់​ទឹកកក​មួយ​នេះ​?

 
​គេហទំព័រ Travel and Leisure បាន​បកស្រាយ​ចំណុច​សំខាន់ៗ​ចំនួន​៥​អំពី​ប្រធានបទ​ខាងលើ​៖ 
 
​ទី​១៖ ភាព​ប្រុងប្រយ័ត្ន​អំពី​បរិស្ថាន 

​អ្នកជំនាញ​ខាង​ធម្មជាតិ​មួយចំនួន​បាន​លើកឡើងថា ទ្វីប​អង់​តាក​ទិច​គឺជា​ទ្វីប​ដែល​ងាយ​នឹងរង​គ្រោះ​ខ្លាំងណាស់​ពី​សំណាក់​សកម្មភាព​នានា​ដែល​ប្រព្រឹត្តឡើង​ដោយ​មនុស្ស​។ ដោយហេតុនេះ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គ្រប់គ្រង​ទេសចរណ៍​អង់​តាក​ទិច (IAATO) ត្រូវបាន​គេ​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩១ ក្នុងនោះ​មាន​សមាជិក​ជាង​១០០​ភាគី​បាន​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការបំផ្លិចបំផ្លាញ​បរិស្ថាន​នៃ​ទ្វីប​មួយ​នេះ ដោយ​សកម្មភាព​មនុស្ស​។ នាវា​ដឹក​ទេសចរ​មួយចំនួន​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​អំពី​ការថែរក្សា​បរិស្ថាន​។ ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ​បាន​នាំ​អ្នកជំនាញ​អំពី​បរិស្ថាន​មក​ធ្វើការ​ពន្យល់​អ្នកដំណើរ​អំពី​សារៈសំខាន់​នៃ​ទ្វីប​អង់​តាក​ទិច និង​ផែនដី​ទាំងមូល និង​បាន​នាំ​ពួកគេ​ទាំងនោះ​ទៅពិនិត្យ​មើល​ភាព​ផ្លាស់ប្តូរ​នៃ​បរិស្ថាន ដែល​ត្រូវបាន​ទទួលរង​ដោយ​ឥទ្ធិពល​របស់​មនុស្ស​។ 
 
​ទី​២៖ អង់​តាក​ទិច​ជា​កន្លែង​បក្សី​រស់នៅ​ជា​ក្រុម​យ៉ាង​ធំ​

​បើ​និយាយ​ពី​បណ្តុំ​សត្វ​បក្សី​ដែល​រស់នៅ​ជុំគ្នា អង់​តាក​ទិច​គឺជា​កន្លែង​ដែល​គេ​នឹកឃើញ​មុនគេ​។ ដោយពេល​ខ្លះ ក្នុង​ក្រុម​នីមួយៗ​មាន​បក្សី​រហូត​ទៅដល់​ជាង​១០​ម៉ឺន​ក្បាល​នៅ​ជុំគ្នា ជាពិសេស​សត្វ​ផេ​ន​គ្វី​ន​។ វា​គឺជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​ទេសចរណ៍ និង​អ្នកសិក្សា​ពី​សត្វ​បក្សី និង​បរិស្ថាន​។ 
 
​ទី​៣៖ ការធ្វើដំណើរ​

​ទោះបីជា​សំបុត្រ​ដែលមាន​តម្លៃ​ថ្លៃ​ក៏ពិតមែន នាវា​ទេសចរណ៍​នីមួយៗ​ដែលមាន​អ្នកធ្វើដំណើរ​ទៅមក​ជាង​១០០​នាក់​ឯណោះ​ម្តងៗ​។ ចំពោះ​ក្រុមហ៊ុន​ទេសចរណ៍ Jacada គេ​អាច​ទទួល​ទេសចរ​ក្នុង​លក្ខណៈ​ឯកជន​ច្រើនជាង​។ ជាមួយនឹង​ការធ្វើដំណើរ​ចំនួន​១១​ថ្ងៃនេះ នាវា​នឹង​ចាក់​ចេញពី​ទីក្រុង Cape Town នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ធ្វើដំណើរ​ជុំវិញ​អង់​តាក​ទិច​ចំនួន​៧​ថ្ងៃ ជាមួយនឹង​តម្លៃ​ជាង​៥៥​ពាន់​ដុល្លារ​ក្នុង​ម្នាក់​។ 

​ទី​៤៖ ក្មេង​តូចៗ​

​ក្រុមហ៊ុន​ទេសចរណ៍​ភាគច្រើន​មិនទាន់បាន​បង្កើតជា​កញ្ចប់​ទេសចរណ៍​សម្រាប់​កូនក្មេងៗ​តូច​នៅឡើយ​ទេ តែមាន​ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​វា​រួចមកហើយ​ដូចជា Christmas in Antarctica ក្នុងតម្លៃ​ជិត​១២​ពាន់​ដុល្លារ​ក្នុង​ម្នាក់​។ 

​ទី​៥៖ ផ្លូវ​ធ្វើដំណើរ 

​អ្នក​ទេសចរណ៍​គួរ​ដឹង​ដែរ​ថា ការធ្វើដំណើរ​ទី​ទ្វីប​អង់​តាក​ទិច​មិនមែនជា​ផ្លូវ​ធ្វើដំណើរ​ដែល​ងាយ​នោះទេ ទោះបីជា​សម្រាប់​នាវា​ធំៗ​ក៏ពិតមែន​។ រលក​ធំៗ និង​អាកាសធាតុ​ដ៏​ត្រជាក់​គឺជា​រឿងរ៉ាវ​ដែល​ពិបាក​ក្នុង​ការជៀស​។ ផ្លូវ​សមុទ្រ​«​ដ្រេ​ក​» ឬ Drake Passage គឺជា​ផ្លូវ​សមុទ្រ​មួយ​ដែល​កម្លាំង​ទឹកសមុទ្រ​ខ្លាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com