ជាតិ
អណ្ដើក​ហ្លួង​១៤៨​ក្បាល ត្រូវ​អង្គការ WCS មើលថែ​ទុក​បន្ត​ពូជ និង​យកទៅ​លែង​ក្នុង​ជម្រក​ធម្មជាតិ​
03, Nov 2019 , 9:29 pm        
រូបភាព
ក្រុមអ្នកមើលថែសត្វអណ្ដើកកហ្លួង រូបភាបពីទំព័រហ្វេសប៊ុករបស់អង្គការ WCS
ក្រុមអ្នកមើលថែសត្វអណ្ដើកកហ្លួង រូបភាបពីទំព័រហ្វេសប៊ុករបស់អង្គការ WCS
​សត្វ​អណ្ដើក​ហ្លួង​១៤៨​ក្បាល​នៅ​ខេត្តកោះកុង ត្រូវ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)  ពិនិត្យ​និង​វាយតម្លៃ​លើ​សុខភាព​ប្រចាំឆ្នាំ ដើម្បី​ដឹង​ពី​ស្ថានភាព​លូតលាស់ ហើយនឹង​លែង​ទៅ​ជម្រក​ធម្មជាតិ ឬ​ទុក​បន្ត​ពូជ​នៅ​មជ្ឈមណ្ឌល​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ WCS ថ្ងៃទី​១ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៩​។



​ក្រុមការងារ​របស់​អង្គការ WCS បាន​ថ្លឹង​ទម្ងន់​និង​វាស់​ទំហំ​អណ្ដើក​ទាំងអស់​ដើម្បី ពិនិត្យ​ការលូតលាស់​និង​តាមដាន​ជំងឺ​ផ្សេងៗ​។ ក្រុម​ជំនាញ​បាន​ពិនិត្យឃើញ​សត្វ​អណ្ដើ​ត​២​ក្បាល កើត​បូស​នៅត្រង់​ជើង ហើយ​ត្រូវបាន​វះកាត់​។



​អង្គការ WCS នឹង​បន្ត​ចិញ្ចឹម​អណ្តើក​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង រហូតដល់​វា​ធំធាត់​អាច​បន្ត​ពូជ​បាន ហើយនឹង​ត្រូវ​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ ឬ​ទុក​សម្រាប់ធ្វើ​ការបន្ត​ពូជ​នៅក្នុង​មជ្ឈមណ្ឌល​។

​ជាមួយគ្នានេះដែរ អង្គការ WCS បាន​លើកឡើងថា ការថែទាំ​ឲ្យ​អណ្តើក​ទាំងនេះ​មាន​សុខភាព​ល្អ មាន​សុវត្ថិភាព និង​អាចមាន​លទ្ធភាព​បន្ត​ពូជ​បាន គឺជា​ការបង្កើន​ឱកាស​កាន់តែ​ច្រើនឡើង​សម្រាប់​ការរស់រាន​រប​ស់​ប្រភេទ​សត្វ​អណ្ដើក​ហ្លួង ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ​នេះ​៕


Tag:
 ជាតិ​
  អណ្ដើក​ហ្លួង​
  ខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com