ជាតិ
២៥ខេត្ត/រាជធានី
ទោះ​ត្រូវ​ធ្វើការ​ច្រើន​នៅ​តំបន់​ព្រៃ និង​តាម​ប្រាសាទ តែ​លោក ផុន តារា ថា​ការងារ​បុរាណ​វិទូ​មានតម្លៃ​សម្រាប់​ជាតិ​
04, Nov 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ ការងារ​ជា​បុរាណ​វិទូ មិនមែន​ធ្វើ​ការងារ​នៅតែ​មួយកន្លែង​នោះទេ​។ ការងារ​នេះ តម្រូវ​ឲ្យ​បុរាណ​វិទូ ចុះ​សិក្សា​ឈ្វេងយល់ ធ្វើ​កំណាយ​ស្រាវជ្រាវ នៅតាម​ប្រាសាទបុរាណ​នានា និង​តាម​តំបន់​វប្បធម៌ ព្រៃភ្នំ​ជាដើម​។ នេះ​បើតាម​លោក ផុន តារា ជា​មន្ត្រី​ជំនាញ​បុរាណវិទ្យា នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។ ដ្បិត​ការងារ​នេះ ត្រូវ​ស្ថិតនៅ​តំបន់​ព្រៃភ្នំ តំបន់​ប្រាសាទ និង​នៅ​ហាលវាល​ច្រើនជាង​នៅក្នុង​ការិយាល័យ តែ​បុរាណ​វិទូ ផុន តារា អះអាងថា ការងារ​នេះ​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​ជាតិ​។



​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តកំពត លោក ផុន តារា បាន​ជាប់ចិត្ត​ស្រឡាញ់​វប្បធម៌ និង​ប្រាង្គ​ប្រាសាទបុរាណ​តាំងពីក្មេង​មក ដូច្នេះហើយ​ទើប​រូបគេ​មិន​រារែក ក្នុងការ​សិក្សា​ស្វែងយល់​បន្ថែម​ពី​វប្បធម៌ និង​ប្រាសាទបុរាណ តាមរយៈ​ការ​ជ្រើស​រៀន​ជំនាញ​បុរាណវិទ្យា​។ ដ្បិតតែ​ជា​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ប៉ុន្តែ​បុរស​សម្បុរ​ស្រអែម​រូបនេះ បានទទួល​សំណួរ​ជាច្រើន​ពី​អ្នកជិតខាង ពី​ការជ្រើសរើស​រៀន​ជំនាញ​នេះ​។ អ្នក​បុរាណ​វិទូ ផុត តារា ដែល​កំពុង​បំពេញភារកិច្ច នៅខាងមុខ​ច្រកចូល​ប្រាសាទបេង​មាលា បាន​រំឭក​ប្រាប់​សា​ព័ត៌មាន​ថ្មីៗ​២៥ ដូច្នេះ​ថា​៖ «​កាល​ចូលរៀន​ដំបូង មាន​អ្នកខ្លះ​ឆ្ងល់​ថា​តើ​បុរាណវិទ្យា គេ​សិក្សា​អំពី​អ្វី​? ហើយ​យ៉ាងដូចម្ដេច​បានជា​ទៅ​រៀន​ជំនាញ​បុរាណវិទ្យា​? ហេតុអ្វី​មិន​ទៅ​រៀន​ពេទ្យ ឬ​អគ្គិសនី​?»



​សម្រាប់​លោក ផុន តារា ដែលមាន​មាឌ​ល្អិត ស្តើង និង​សក់រួញ​តិចៗ ការ​ចោទសួរ​ដូច្នេះ មិនមែន​មានន័យថា​ពួកគេ​មិន​ឲ្យ​តម្លៃ​មុខវិជ្ជា​បុរាណវិទ្យា ប៉ុន្តែ​ដោយសារតែ​ពួកគាត់​មិនបាន​យល់ដឹង​ពីមុខ​វិជ្ជា​នេះ ដូច​ជំនាញ​ពេញនិយម​ផ្សេងៗ​ទៀត​ដូចជា​ធនាគារ គណនេយ្យ វិស្វករ ឬ​ពេទ្យ​ជាដើម​។ លោក ផុន តារា បញ្ជាក់​បន្តថា​៖«​មុខវិជ្ជា​នីមួយៗ មិនអាច​ប្រៀបធៀប​គ្នា ថា​ជំនាញ​ណាមួយ​អន់​នោះទេ​។ នៅក្នុង​សង្គម​មួយ ត្រូវ​ការបំពេញគ្នា​ទៅវិញទៅមក ហើយ​ត្រូវមាន​ជំនាញ​ពេទ្យ វិស្វករ បុរាណវិទ្យា វប្បធម៌ វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង​ជំនាញ​ផ្សេងទៀត​»​។​



​គិត​មកទល់ពេលនេះ លោក ផុន តារា បាន​ប្រឡូក​ក្នុង​ការងារ​ជា​អ្នក​បុរាណ​វិទូ ៣​ឆ្នាំ​ហើយ​។ ការងារ​នេះ តម្រូវ​ឲ្យ​រូបគេ ក៏ដូចជា​អ្នក​បុរាណ​វិទូ​ដទៃទៀត​ត្រូវធ្វើ​ដំណើរ​ពីមួយ​កន្លែង ទៅមួយ​កន្លែង​មួយ​ដើម្បី​សិក្សា​ឈ្វេងយល់ ធ្វើ​កំណាយ​ស្រាវជ្រាវ នៅតាម​ប្រាសាទបុរាណ​នានា និង​តាម​តំបន់​វប្បធម៌ ព្រៃភ្នំ​ជាដើម​។ ដ្បិត​ទើបបាន​ភ្លក់​រសជាតិ​ធ្វើ​ការងារ​ហាលវាល ឬ​នៅក្នុង​តំបន់​ព្រៃ ទើបតែ​៣​ឆ្នាំ​មែន ប៉ុន្តែ តារា បាន​ជ្រួតជ្រាប​យ៉ាង​ប្រាកដថា ការងារ​នេះ​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេសជាតិ​នីមួយៗ មិនមែន​សម្រាប់តែ​កម្ពុជា​នោះទេ​។



លោក ផុន តារា បន្ត​ដោយ​ម៉ឹង​មាត់​ថា​៖«​បុរាណវិទ្យា មានតម្លៃ​ខ្លាំង​សម្រាប់​ប្រទេសជាតិ​នីមួយៗ ហើយ​គ្រប់​ប្រទេស​តែងតែមាន​បុរាណ​វិទូ​។ ពី​ដើមឡើយ យើង​មិនសូវមាន​បុរាណ​វិទូ​ខ្មែរ​ច្រើន​ទេ មានតែ​បុរាណ​វិទូ​បារាំង​ច្រើន​។ សម័យ​អាណានិគម​បារាំង បារាំង​បាន​សិក្សា​ពី​សិលាចារឹក ស្ថាបត្យកម្ម សិល្បៈ និង​នរវិទ្យា​ទាក់ទង​នឹង​ខ្មែរ​យើង​។ បច្ចុប្បន្ន​បារាំង បាន​បណ្ដុះបណ្ដាល​ផ្នែក​បុរាណវិទ្យា​ច្រើន​ដល់​កម្ពុជា ហើយ​នេះ​ជា​រឿង​ប្រសើរ​មួយ​សម្រាប់​ខ្មែរ​យើង ដែល​អាច​ឲ្យ​យើង​រៀន​ត​គ្នា និង​ដឹង​ពី​ប្រវត្តិសាស្ត្រ ពី​តម្លៃ​ជាតិ​»​។

​លោក តារា មាន​គម្រោង​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​បុរាណវិទ្យា ដើម្បី​ស្វែងយល់ និង​សិក្សា​រៀនសូត្រ​បន្ថែម លើ​ចំណេះដឹង​ដែល​លោក​មាន​។ លោក តារា បាន​ចាត់ទុកថា ការរៀនសូត្រ​បន្ថែម​ជាការ​តបស្នង​សង្គម​វិញ ដូចជា​ការបង្កើន ចំណេះដឹង​ថ្មី និង​បំពេញការងារ​ឲ្យ​បានល្អ​សម្រាប់​សង្គម​៕

Tag:
 ផុន តារា​
 ​បុរាណវិទ្យា​
 ​ជីវ​ព័ត៌មាន​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com