កិច្ចព្រមព្រៀង RCEP នឹង​ពន្យារ​ដល់​២០២០ ព្រោះ​ឥណ្ឌា​នៅ​បារម្ភ​លំហូរ​ទំនិញ​ចិន​
អន្តរជាតិ
កិច្ចព្រមព្រៀង RCEP នឹង​ពន្យារ​ដល់​២០២០ ព្រោះ​ឥណ្ឌា​នៅ​បារម្ភ​លំហូរ​ទំនិញ​ចិន​
04, Nov 2019 , 11:09 am        
រូបភាព
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី (ពីឆ្វេងទៅស្តាំ លេខរៀងទី៦) ជាមួយមេដឹកនាំអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន នៅជំនួបកំពូលអាស៊ាន-ឥណ្ឌា ថ្ងៃ ៣ វិច្ឆិកា ២០១៩ ប្រទេសថៃ (AFP)
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី (ពីឆ្វេងទៅស្តាំ លេខរៀងទី៦) ជាមួយមេដឹកនាំអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន នៅជំនួបកំពូលអាស៊ាន-ឥណ្ឌា ថ្ងៃ ៣ វិច្ឆិកា ២០១៩ ប្រទេសថៃ (AFP)
​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បំផុត​របស់​ពិភពលោក ទំនង​នឹងត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០២០​។ ហេតុផល​នោះ​គឺ​ដោយសារតែ ឥណ្ឌា​នៅ​បារម្ភ​ថា លំហូរ​ទំនិញ​ថោកៗ​ពី​ចិន អាច​ប៉ះពាល់​ដល់​អាជីវកម្ម​តូចៗ​ក្នុងប្រទេស​ខ្លួន​។

 
​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែលមាន​សមាជិក​១៦​ប្រទេស លាតសន្ធឹង​ពី​ឥណ្ឌា​ដល់​នូ​វែ​ល​សេ​ឡង់ និង​គ្របដណ្តប់​៣០​ភាគរយ​នៃ GDP សកល ហើយ​ពាក់កណ្តាល​នៃ​ប្រជាជន​ពិភពលោក​។ ការជំទាស់​របស់​ឥណ្ឌា បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការបញ្ចប់​កិច្ចព្រមព្រៀង​នេះ​រលាយបាត់ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​សប្តាហ៍​នេះ ដែល​កំពុង​រៀបចំឡើង​នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។ សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP ទទួលបាន បញ្ជាក់ថា​ដូច្នេះ​៖«​ការចរចា​អំពី​ការចូល​ទីផ្សារ​ភាគច្រើន​ត្រូវបាន​បញ្ចប់ ហើយ​បញ្ហា​ទ្វេភាគី​សំខាន់ៗ​មួយចំនួន​នឹងត្រូវ​បាន​ដោះស្រាយ​នៅ​ខែកុម្ភៈ​ឆ្នាំ ២០២០»​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល សំណេរ​នៃ​ជំពូក​ទាំង​២០​របស់ RCEP ត្រូវបាន​ព្រមព្រៀង​បញ្ចប់ ដោយ​រង់ចាំ​ការសម្រេច​ពី​សមាជិក​មួយ​ប៉ុណ្ណោះ ហើយ​នោះគេ​ជឿជាក់ថា គឺជា​ប្រទេស​ឥណ្ឌា​។ ទោះ​មិនអាច​សម្រេច​បញ្ចប់​ក្នុងឆ្នាំនេះ ខណៈ​ថៃ ជា​ម្ចាស់ផ្ទះ​អាស៊ាន សេចក្តីថ្លែងការណ៍​នេះ លើកឡើងថា សមាជិក​ទាំងអស់​ប្តេជ្ញាចិត្ត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP នា​ឆ្នាំក្រោយ​ក្នុងប្រទេស​វៀតណាម ដែល​នឹង​ដល់​វេន​ធ្វើជា​ម្ចាស់​អាស៊ាន​ឆ្នាំ​២០២០​។​
 
​ជុំវិញ​ការមិន​ទាន់​ដាច់ស្រេច​នេះ រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី ព្រួយបារម្ភ​ថា អាជីវកម្ម​ធុន​តូច​ខ្លួន នឹងរង​ផលប៉ះពាល់​ពី​លំហូរ​ដ៏​ច្រើនសន្ធឹក​នៃ​ទំនិញ​ថោកៗ​របស់​ចិន​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី លើកឡើង​ពី​កង្វល់​ប្រទេស​លោក​បែបនេះ​អំឡុង​ជំនួប​ជាមួយ​មេដឹកនាំ​អាស៊ាន កាលពី​ថ្ងៃអាទិត្យ ៣ វិច្ឆិកា​។ លោក ម៉ូ​ឌី អះអាង​ទៀតថា បញ្ហា​ឥណ្ឌា​ដែល​ពុំទាន់​ដោះស្រាយ​រួចរាល់  គឺ​រួមមាន ការចូលទៅ​ទីផ្សារ​ដែល​ផ្តល់​ផលចំណេញ​សម្រាប់​គ្រប់ភាគី​សមាជិក​ទាំងអស់​។ នេះ​បើតាម​មន្ត្រី​ទូត​ម្នាក់​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ ប្រាប់​ដល់ AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ 
 
​សម្រាប់​ក្រសែភ្នែក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP គឺជា​សសរស្ដម្ភ​ស្នូល​មួយ​នៃ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ខ្លួន​សម្រាប់​បណ្តា​ប្រទេស​ក្បែរ​ខាង​អាស៊ី ហើយ RCEP នេះ ទទួលបាន​ការគាំទ្រ​ដោយ​មេដឹកនាំ​អាស៊ាន​ទាំង​១០ ដែល​តំណាង​ឲ្យ​ទីផ្សារ​ដ៏​ធំ ៦៥០​លាន​នាក់​។ ហើយ​ការបញ្ចប់​កិច្ចព្រមព្រៀង​នេះ អាច​ផ្តល់​ទីផ្សារ​ធំ​បន្ថែម​សម្រាប់​ទំនិញ​ចិន​ដើម្បី​កាត់បន្ថយ​ឥទ្ធិពលស​ង្គ្រា​ម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ 
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP មាន​សមាជិក​ទាំងអស់ ១៦ ប្រទេស ដែលមាន​ប្រទេស​អាស៊ាន​ទាំង​១០ បូករួម​ជាមួយ​ចិន​, ឥណ្ឌា ជប៉ុន​, កូរ៉េខាងត្បូង​, អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់​។ ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ បានចាប់ផ្តើម​ឡើងជា​ផ្លូវការ ក្នុង​ខែវិច្ឆិកា ២០១២ នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​៕
 

Tag:
 RCEP
  អាស៊ាន​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com