ក្រសួង​ដាក់​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​
ជាតិ
ក្រសួង​ដាក់​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​
05, Nov 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ ក្រសួងទេសចរណ៍​បានធ្វើ​សិក្ខាសាលា​និង​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ស្ដីពី​គេហទំព័រ និង​កម្មវិធី​ទូរ​សព្ទ​ឆ្លាត​នៃ​ទេសចរណ៍​ក្នុងស្រុក Visit Cambodia និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​អន​ឡាញ​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​យល់ថា ប្រព័ន្ធ​នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​។​

 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន មាន​សុទិដ្ឋិនិយម​ថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ឌីជីថល​ថ្មី​នេះ​នឹង​ពង្រឹង​ការផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍ ក៏ដូចជា​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា សេដ្ឋកិច្ច​ឌីជីថល​បាននិងកំពុង​ធ្វើឱ្យ​របៀបរបប​ធ្វើការ​ងារ​មាន​ភាព​ផ្លាស់ប្តូរ​ជាច្រើន នៅតាម​បណ្តា​ឧស្សាហកម្ម​នានា ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ​សេវាកម្ម​សុខភាព សេវាកម្ម​ទេសចរណ៍ សេវាកម្ម​កម្សាន្ត មធ្យោបាយ​ដឹកជញ្ជូន និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​។ បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើឱ្យ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់ ត្រូវ​បន្ដ​ពង្រីក​កញ្ចប់​ទស្សនា និង​ផ្សព្វផ្សាយ​ពី​គោលដៅ​ទាំងនោះ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​ភ្ញៀវទេសចរ​។ 


 
​ជាមួយគ្នានេះ ក្រសួងទេសចរណ៍​ក៏បាន​ដាក់​ដំណើរការ​នៃ​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​ផងដែរ (​អាស័យដ្ឋាន www.accommodationregistrar.net)​។ តាមរយៈ​អាស័យដ្ឋាន​នេះ ភ្ញៀវទេសចរ​អាច​ចូល​បញ្ចេញមតិ​ក្រោយពេល​ពួកគេ​ទទួល​សេវាកម្ម​ទេសចរណ៍​នៅ​កន្លែង​ណាមួយ​។ ចំណែក​គេហទំព័រ Visit Cambodia បានដាក់​បញ្ចូល​នូវ​គោលដៅ​ទេសចរណ៍​ចម្រុះ​បែប សម្រាប់​ការផ្សព្វផ្សាយ​ដល់​ទេសចរ​។​
 
​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​រុស្សី លោក កែវ សុភ​លីន យល់ថា ប្រព័ន្ធ​ឌីជីថល​ថ្មី​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ក៏ដូចជា​ចង្អុលបង្ហាញ​ពី​គោលដៅ​ទេសចរណ៍​ថ្មីៗ នៅ​តំបន់​ផ្សេងៗ​ជុំវិញ​ប្រទេស ដើម្បី​ងាយស្រួល​ដល់​ទេសចរ​ក្នុងស្រុក និង​ទេសចរ​ក្រៅ​ស្រុក​ទៅ​កម្សាន្ត​។ ជាមួយគ្នានេះ លោក សុភ​លីន ស្នើឱ្យ​ពលរដ្ឋ​បន្ត​ផ្សព្វផ្សាយ​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​ឱ្យបាន​ច្រើន ដោយ​មិនត្រូវ​យកតែ​ចំណុច​អវិជ្ជមាន​មក​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ទេ ការណ៍​ធ្វើ​ដូច្នេះ គឺជា​ការសម្លាប់​វិស័យ​ទេសចរណ៍​ដោយ​ខ្លួនឯង​៕
 




 

Tag:
 ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​
  សេវាកម្ម​ទេសចរណ៍​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com