អន្តរជាតិ
លោក​ត្រាំ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​អាមេរិក បន្ទាប់​អវត្តមាន​នៅ​ថៃ​
04, Nov 2019 , 10:39 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ Reuters
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ Reuters
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ប្រមុខ​ដឹកនាំ​នៃ​បណ្តាល​ប្រទេស​អាស៊ាន​ទាំងអស់​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស នៅ​សហរដ្ឋអាមេរិក​ឆ្នាំក្រោយ បន្ទាប់ពី​លោក​គ្មាន​វត្តមាន​ក្នុងជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៥ ដែល​រៀបចំឡើង​នៅ​ថៃ​។


 
​នៅក្នុង​វេទិកា​ជំនួប​កំពូល​អាស៊ាន​-​អាមេរិក​នាទី​ក្រុង​បាំង​កក នា​ថ្ងៃទី​៤ ខែវិច្ឆិកា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ងើ​លិខិត​មួយ ដើម្បី​លួងលោម​ចិត្ត​ថ្នាក់ដឹកនាំ​អាស៊ាន បន្ទាប់ពី​អវត្តមាន​របស់លោក​។ 
 
​តាមរយៈ​ការអាន​សារលិខិត​របស់លោក​ត្រាំ លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​[​ដូ​ណា​ល់ ត្រាំ​] ចង់យក​ឱកាស​មួយ​នេះ អញ្ជើញ​ប្រមុខ​ដឹកនាំ​នៃ​បណ្តាល​ប្រទេស​អាស៊ាន​ទាំងអស់ ចូលរួម​ជាមួយ​ខ្ញុំ​នៅក្នុង​ទឹកដី​អាមេរិក សម្រាប់​កិច្ចប្រជុំ​ដ៏​ពិ​សេសមួយ​។ កិច្ចប្រជុំ​ដ៏​ពិសេស​មួយ​នេះ នឹង​ធ្វើឡើង​ក្នុងអំឡុងពេល​ត្រី​ឆមាស​ដំបូង​ក្នុង​ឆ្នាំ ២០២០»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel New Asia​។ 
 
​ក្នុង​លិខិត​មួយ​នេះ លោក​ត្រាំ ចង់​ផ្តល់ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​ទឹកដី​អាមេរិក​។ ជាពិសេស​កិច្ចប្រជុំ​មួយ​នេះ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ទាក់ទិន​ទៅនឹង​បញ្ហាសំខាន់ៗ​។ 
 
​បើទោះបីជា​អវត្តមាន​លោក ត្រាំ ក្នុង​កិច្ចប្រជុំ​នេះ​ក្តី ប៉ុន្តែ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross បាន​ប្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​ថា អាមេរិក​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ​អាស៊ីអាគ្នេយ៍​កាន់តែ​ជិតស្និត និង​ប្តូរផ្តាច់​ដដែល​។ 
 
​ទាក់ទិន​នឹង​បញ្ហា​អវត្តមាន​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ពេលនេះ វា​ទំនងជា​បណ្តាលមកពី​បញ្ហា​អតុល្យភាព​ពាណិជ្ជកម្មរ​វាង​អាមេរិក និង​បណ្តាល​ប្រទេស​អាស៊ាន​មួយចំនួន​។ ជាក់ស្តែង​តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក ត្រាំ តែងតែ​ចោទ​បណ្តាល​ប្រទេស​អាស៊ី​ថា ធ្វើ​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​អាមេរិក​ផ្អៀង​ទៅ​ម្ខាង​។ ការណ៍​នេះ ធ្វើ​ឲ្យ​អាមេរិក​ចង់​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី​ជាជាង​ពហុភាគី​។ 
 
​សូមបញ្ជាក់ថា អវត្តមាន​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កើតមាន​ពីរលើក​មកហើយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ ពោលគឺ​អវត្តមាន​លើកទីមួយ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ប្រទេស​សិង្ហ​បុរី​ក្នុង​ឆ្នាំ ២០១៨៕

Tag:
 អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com